FN ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ១០៥,០០០ដុល្លារអាមេរិក (មួយសែនប្រាំពាន់ដុល្លារអាមេរិក) ដើម្បីខួង-ជួសជុលអណ្តូងទឹកស្អាតចំនួន ៥១ អណ្តូង និងជីក-ស្តារស្រះទឹកចំនួន ២ ជូនប្រជាពលរដ្ឋខ្វះខាតទឹកស្អាតប្រើប្រាស់ចំនួន១,៣០៥គ្រួសារ ស្មើនឹងមនុស្ស៥,៨៦១នាក់ រស់នៅខេត្តពោធិ៍សាត់ ព្រះវិហារ និងខេត្តកំពង់ស្ពឺ នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៧ នេះ។
សូមបញ្ជាក់ផងដែរថា ក្នុងចំណោមស្រះ-អណ្តូងដែលបានផ្តល់ជូនខាងលើនេះ ក្នុងនោះរួមមាន ៖
១/ ខួងអណ្តូងចំនួន ១៥, ស្តារស្រះមួយ និងជីកស្រះទឹកថ្មីមួយ សម្រាប់ប្រជាពលរដ្ឋរស់នៅស្រុកបាកាន ស្រុកកណ្តៀង ស្រុកវាលវែង និងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
២/ ខួងអណ្តូងចំនួន ១៥ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងឃុំឆែប ២ និងឃុំរតន នៃស្រុករវៀង ខេត្តព្រះវិហារ។
៣/ ខួងអណ្តូងចំនួន២០ និងជួសជុលអណ្តូងដែលមានស្រាប់ចំនួនមួយ សម្រាប់ប្រជាពលរដ្ឋរស់នៅស្រុកឱរ៉ាល់ និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕