កម្ពុជានាំចេញអង្ករបានជិត២៦ម៉ឺនតោន នៅរយៈពេល៥ខែដំបូងដើមឆ្នាំ២០១៧នេះ កើនឡើង១០%

FN ៖ តួលេខនាំចេញអង្ករផ្លូវការ របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះ​ បានបញ្ជាក់ថា នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារបរទេសបានជិត២៦ម៉ឺនតោន។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា រយៈពេល៥ខែ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករចំនួន ២៥៧,៦៣៧តោន កើន១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ដែលមានចំនួនត្រឹម២៣៤,៣២៨តោន។ យោងតាមទិន្នន័យរបស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ប្រទេសដែលកម្ពុជានាំចេញអង្ករបានច្រើនជាងគេ គឺប្រទេសចិនចំនួនជិត៩ម៉ឺនតោន, ប្រទេសបារាំងជាង៣ម៉ឺនតោន និងប្រទេសប៉ូឡូញជាង២ម៉ឺនតោន។ សូមជម្រាបថា អង្កររបស់កម្ពុជាបាននាំចេញ ទៅកាន់ប្រទេសជិត៦០ប្រទេសនៅលើពិភពលោក ខណៈក្រុមហ៊ុននាំចេញអង្ករមានចំនួនជាង៧០ក្រុមហ៊ុន។ ឆ្នាំ២០១៦ កម្ពុជាបាននាំចេញអង្ករចំនួនជាង៥៤ម៉ឺនតោន៕

គ.ជ.ប នឹងធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ នូវលទ្ធផលបោះឆ្នោតតាមឃុំសង្កាត់ទាំងអស់ ចាប់ពីថ្ងៃទី១៣ ខែមិថុនា!

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប) នៅថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា ខ្លួននឹងធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ នូវលទ្ធផលនៃការបោះឆ្នោត តាមឃុំសង្កាត់ ទាំងអស់ ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧។ គ.ជ.ប បញ្ជាក់ថា ការពិនិត្យផ្ទៀតផ្ទាត់លទ្ធផលបោះឆ្នោតឡើងវិញ បន្ទាប់ពីខ្លួនបានទទួលកញ្ចប់ «ឃ ពិសេស» កញ្ចប់ «ឃ» សម្ភារ និងឯកសារបោះឆ្នោត ពីគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត (គ.ធ.ខ.ប) ទាំង២៥ ចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែមិថុនា ឆ្នាំ២០១៧។ ជាមួយគ្នានេះ គ.ជ.ប ក៏បានអំពាវនាវដល់ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយជាតិ អន្តរជាតិ ចូលរួមតាមដាន និងយកព័ត៌មានកុំបីខាន៕

គ.ជ.ប នឹងរាប់សន្លឹកឆ្នោតឡើងវិញ នៅការិយាល័យចំនួន២៣ ស្ថិតក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង នាថ្ងៃ១២ ខែមិថុនា!

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះ បានប្រកាសថា ខ្លួននឹងបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៅការិយាល័យបោះឆ្នោតចំនួន ២៣ ស្ថិតក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង នៅស្ដីការរបស់ គ.ជ.ប នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។ សេចក្ដីជូនដំណឹងរបស់ គ.ជ.ប បញ្ជាក់ថា ការរាប់សន្លឹកឆ្នោតឡើងវិញនេះ នឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៨៖០០នាទី ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ នៅទីស្ដីការ គ.ជ.ប ផ្ទាល់។ ដំណើរការនេះ គ.ជ.ប ក៏សូមអញ្ជើញក្រុមសារព័ត៌មានជាតិ-អន្តរជាតិ ឲ្យចូលរួមតាមដាន និងយកព័ត៌មានផងដែរ។ បើតាមលទ្ធផលបោះឆ្នោតបឋម ដែលចេញផ្សាយលើគេហទំព័រ (www.voterlist.org.kh) របស់ គ.ជ.ប បានបង្ហាញថា ឃុំដូង ដែលមានលេខកូដ ០៣៩ ក្នុងខេត្តស្វាយរៀងនេះ គឺគណបក្សសង្គ្រោះជាតិ ជាអ្នកឈ្នះឆ្នោត ដោយទទួលបានសំឡេងឆ្នោតចំនួន ២,៥៩៦សំឡេង រីឯគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតចំនួន ២,៥៩៩សំឡេង…