ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃប្រកាសថា ស្ថានទូតកម្ពុជា, ក្រសួងការងារ និងអាជ្ញាធរថៃ កំពុងដោះស្រាយបញ្ហាឯកសាររបស់ពលករខ្មែរ ធ្វើការនៅប្រទេសថៃ

FN ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ បានជូនដំណឹងឲ្យដឹងថា រដ្ឋាភិបាលថៃ បានកែសម្រួលព្រះរាជក្រឹត្យស្តីពី ការគ្រប់គ្រង ការធ្វើការរបស់ពលករបរទេស ឆ្នាំ២០១៧ គឺក្នុងគោលបំណងបន្ថែមទំងន់ទោសដល់និយោជក ដែលប្រើប្រាស់ពលករបរទេស ដែលពុំទាន់មាន ឯកសារស្របច្បាប់ និងក្រុមហ៊ុនដែលនាំពលករបរទេស មកធ្វើការនៅក្នុងប្រទេសថៃ ដោយខុសច្បាប់។ យោងតាមសេចក្តីប្រកាសរបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះបានឲ្យដឹងថា «សូមបងប្អូនពលករកម្ពុជាទាំងអស់ រក្សាភាពស្ងៀមស្ងាត់ ព្រោះស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា កំពុងតែពិភាក្សាជាមួយអាជ្ញាធរ មានសមត្ថកិច្ចថៃ ជួយសម្រួលកុំឲ្យមានការចុះត្រួតពិនិត្យពលករកម្ពុជា ដែលពុំមានឯកសារគ្រប់គ្រាន់ ក្នុងការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ»។ ស្ថាន​ទូតកម្ពុជាប្រចាំប្រទេសថៃ ក៏បានបញ្ជាក់ថា ពលករកម្ពុជាដែលមានបំណងចង់មកធ្វើការនៅប្រទេសថៃ ដើម្បីជៀសវាងការ ចាញ់បោកមេខ្យល់ ដែលឆ្លៀតឳកាសបោកប្រាស់បងប្អូនក្នុងការរៀបចំឯកសារមកធ្វើការស្របច្បាប់ សូមមេត្តាទំនាក់ទំនងទីភ្នាក់ងារ​ជ្រើសរើសឯកជនកម្ពុជា ដែលបានទទួលការអនុញ្ញាតពីក្រសួងការងារ៕

គ.ជ.ប បង្ហាញលទ្ធផលផ្លូវការតាមការិយាល័យបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤ ទាំង២៥រាជធានី-ខេត្ត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញបង្ហាញលទ្ធផលផ្លូវការ តាមការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ទាំង២៥រាជធានី-ខេត្ត។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ ត្រូវបានធ្វើឡើងក្នុងឃុំ-សង្កាត់ចំនួន ១,៦៤៦ឃុំ-សង្កាត់ ដែលមានប្រជាពលរដ្ឋទៅបោះឆ្នោតចំនួន ៧,០៤០,៥៩៤នាក់។ គ.ជ.ប បានបង្ហាញថា ចំនួនសន្លឹកឆ្នោតអត់បានការមានរហូតដល់ទៅ ១៣៣,៤៨៤សន្លឹក ចំណែកសន្លឹកឆ្នោតបានការមានចំនួន ៦,៩៧៣,៩១១សន្លឹក។ ក្នុងចំណោមឃុំ-សង្កាត់ទាំង ១,៦៤៦នោះ គណបក្សប្រជាជនកម្ពុជាយកបាន ១,១៥៦ឃុំ-សង្កាត់ គណបក្សសង្គ្រោះជាតិយកបាន ៤៨៩ឃុំ-សង្កាត់ និង១ឃុំទៀត បានទៅលើគណបក្សខ្មែររួបមជាតិរបស់លោក ញឹក ប៊ុនឆៃ។ បើ​គិតជា​អាសនៈ គណបក្ស​ប្រជាជន​កម្ពុជាទទួលបាន​អាសនៈ​ ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​ ៦,៥០៣ គណបក្ស​សង្គ្រោះ​ជាតិទទួលបាន​អាសនៈ​ ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​ ៥,០០៧។​

គ.ជ.ប បង្ហាញឈ្មោះ​បេក្ខជន​ជាប់​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី​៤ ទាំង​២៥រាជធានី-ខេត្ត​

FN ៖ ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២0១៧នេះ បានចេញ​បង្ហាញឈ្មោះ​បេក្ខជនជាប់ឆ្នោត ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ-​សង្កាត់ ​អាណត្តិ​ទី​៤​នេះ ទាំង២៥រាជធានី-ខេត្ត​។ ក្នុងចំណោម​គណបក្ស​ទាំង​១២ ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ​អាណត្តិ​ទី​៤ មានតែ​គណបក្ស​៧​ប៉ុណ្ណោះ ដែល​ទទួលបានអាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​សំឡេងឆ្នោត​ច្រើនជាងគេ​ ដោយគណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​ចំនួន ៣,៥៤០,០៥៦សំឡេង ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​សំឡេងឆ្នោត​ចំនួន ៣,០៥៦,៨២៤សំឡេង​។ បើ​គិតជា​អាសនៈគណបក្ស​ប្រជាជន​កម្ពុជាទទួលបាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​ ៦,៥០៣ (​បាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​ចំនួន​ ១,១៥៦) គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​ ៥,០០៧ (​បាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​ចំនួន៤៨៩)​។​ ​គណបក្ស​៥​ទៀត មាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន ​២៨ (​មិនបាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​) គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន ​២៤ (​បាន​តំណែង​ជា​មេឃុំ​១) គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន ​៥ (​មិនបាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​) គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន ​៤ (​មិនបាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​) និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន ​១ (​មិនបាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​)​។ ​ចំណែកឯ​គណបក្ស​៥​ទៀត បានទទួល​ត្រឹម​សំឡេងឆ្នោត​ប៉ុណ្ណោះ តែ​មិនបាន​ទទួល​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ឡើយ​៕