ចែកសញ្ញាបត្រ និស្សិតសាកលវិទ្យាល័យធនធានមនុស្ស

គោលនយោបាយវិស័យអប់រំត្រឹមត្រូវ ស្រាយបញ្ហាសង្គម និងចំណុចទាក់ទងយុវជន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំរីករាយ ដែលបានមកចូលរួមប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនសិស្សវិជ្ជាជីវៈ និងនិស្សិត នៃសាកលវិទ្យាល័យ ធនធានមនុស្ស ដែលនេះ គឺជាលើកទី ១៦ ដែលខ្ញុំព្រះករុណាខ្ញុំចូលរួម នៅក្នុងពិធី(ចែកវិញ្ញាបនបត្រ/សញ្ញាបត្រ) នៃសាកលវិទ្យាល័យនេះ ចាប់តាំងពីកកើតពីវិទ្យាស្ថានរហូតដល់សាកលវិទ្យាល័យ។ អម្បាញ់មិញយើងបានស្តាប់ទាំងអស់គ្នា នូវរបាយការណ៍របស់សាកលវិទ្យាធិការ ឯក មនោសែន ដែលបានធ្វើរបាយការណ៍ អំពីវឌ្ឍនភាព នៃសាកលវិទ្យាល័យ ដែលបានចាប់ផ្តើមពីអង្គការក្រៅរដ្ឋាភិបាលមួយ ហើយពង្រីកខ្លួនទៅជាសាកលវិទ្យាល័យ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាព ដោយសារតែយើងបានដាក់ចេញនូវគោលនយោបាយវិស័យអប់រំត្រឹមត្រូវ ភាពត្រឹមត្រូវរបស់យើងនៅត្រង់ថា យើងដើរចេញពីជំហានមួយទៅកាន់ជំហានមួយ ហើយក្នុងនោះ ការអនុញ្ញាតឱ្យវិស័យឯកជនអាចចូលរួមនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ចាត់ទុកថា ជាវិធានការណ៍ ដែលត្រឹមត្រូវបំផុត។ យើងអាចពិនិត្យមើលថា សាកលវិទ្យាល័យរបស់រដ្ឋ មិនអាចទទួលយកអស់នូវចំនួនសិស្ស ដែលរៀនចប់មធ្យមសិក្សាទុតិយភូមិ ដើម្បីឱ្យចូលសាកលវិទ្យាល័យនោះទាំងអស់ទេ។ ដូច្នេះ ការអនុញ្ញាតឱ្យវិស័យឯកជន ដើម្បីចូលរួមនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ចាត់ទុកថា ជារបៀបដោះស្រាយបញ្ហាសង្គម ហើយចំចំណុចទាក់ទងជាមួយនឹងយុវជនតែម្តង។ ការសិក្សាបង់ថ្លៃ ជួយគ្រឹះស្ថានសិក្សារបស់រដ្ឋ ស្រាយបន្ទុកចំណាយ និងកសាងអគារសិក្សា ក្រោយពីការផ្តល់ឱកាសឱ្យវិស័យឯកជនវិនិយោគទៅលើវិស័យអប់រំ តាមរយៈការកសាងឡើងនូវសាលារៀនតាំងពីថ្នាក់មត្តេយ្យ បឋម…

បើកការដ្ឋានស្ថាបនាផ្លូវ ៣៤ ខ្សែ តម្លៃ ២៩៤ លានដុល្លារ ក្នុងខេត្តព្រះសីហនុ

ចាប់ផ្តើមនូវសករាជថ្មីនៃហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ! សូមគោរពបងប្អូនជនរួមជាតិជាទីគោរពនឹករលឹក។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលយើងចាប់ផ្តើមនូវសករាជថ្មី ទាក់ទងជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធរបស់យើង។ អម្បាញ់មិញ ឯកឧត្តម គួច ចំរើន បានធ្វើរបាយការណ៍ទាក់ទិនជាមួយនឹងការអភិវឌ្ឍគម្រោងនេះ ក៏ដូចជាលក្ខណៈបច្ចេកទេសមួយចំនួន … ហេតុអ្វីបានជាយើងត្រូវចាប់ផ្តើមនៅពេលនេះ? ប្រហែលប្រជាជននៅខេត្តព្រះសីហនុរបស់យើងនៅចាំបានសោកនាដកម្មរលំអគារ ៩ ជាន់។ ពេលនោះ ខ្ញុំបានចេញដំណើរ(ទៅក្រុងបាងកក) ក្រោយពេលរលំប្រមាណជា ៣ ម៉ោង។ ខ្ញុំមិនអាចបញ្ឈប់ការធ្វើដំណើរទៅទីក្រុងបាងកក ដើម្បីការចូលរួមប្រជុំអាស៊ានបានទេ ប៉ុន្តែពីទីក្រុងបាងកក ខ្ញុំបានទទួលនូវរបាយការណ៍ជាប់ជានិច្ចពីក្រុងព្រះសីហនុ អំពីប្រតិបត្តិការសង្គ្រោះ ហើយក៏បានផ្តល់បទបញ្ជាដែលតាមរយៈពេលចន្លោះនៃការប្រជុំម្តងៗ ​និងក្នុងពេលយប់មកកាន់ទីនេះ រាប់ទាំងថវិកាសម្រាប់ជួយទៅដល់បងប្អូនដែលស្លាប់ និងរបួសផងដែរ។ អារម្មណ៍មិនអស់ចិត្ត ឬវិញ្ញាណពិសេស សង្គ្រោះបានជីវិតពីរចុងក្រោយ ប៉ុន្តែ រឿងដែលគួរឱ្យចាប់អារម្មណ៍ នៅពេលដែលខ្ញុំធ្វើដំណើរត្រឡប់មកវិញ ចុះតែពីលើយន្តហោះ ហៀបនឹងឡើងឡានធ្វើដំណើរទៅផ្ទះ ហាក់ដូចជាលឺសម្លេងស្រែកឱ្យជួយតែម្តង។ ខ្ញុំមិនដឹងថាវាជាវិញ្ញាណទីប៉ុន្មាន​សម្រាប់ខ្ញុំទេ? បន្ទាប់ពីទៅដល់ផ្ទះ និងចុះហត្ថលេខាលើឯកសារមួយចំនួន ខ្ញុំក៏បានងូតទឹក និងទទួលទានបាយ។ សម្លេងស្រែកនោះ នៅមិនផុតពីត្រចៀករបស់ខ្ញុំនៅឡើយទេ។ ដូច្នេះ ខ្ញុំក៏សម្រេចចិត្តភ្លាមៗ ដោយមិនបានប្រាប់អ្នកណាទាំងអស់…

សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយសិស្សនិទ្ទេស A ប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៨/១៩

ព្រះរាជបណ្ដាំសួរសុខទុក្ខ និងព្រះរាជអំណោយជាប្រាក់កាក់អនុស្សាវរីយ៍ពីព្រះមហាក្សត្រ ថ្ងៃនេះ ពិតជាឱកាសវិសេសវិសាលជាថ្មីម្ដងទៀត ដែលយើងជួបជុំគ្នានៅទីនេះជាប្រចាំឆ្នាំ បន្ទាប់ពីការប្រ​ឡងមធ្យមសិក្សាទុតិយភូមិ។ ដំបូងអនុញ្ញាតឱ្យខ្ញុំពាំនាំ នូវព្រះរាជបណ្ដាំសួរសុខទុក្ខពីព្រះមហាក្សត្រជាទីសក្ការៈ សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ជាទីសក្ការៈ ជូនចំពោះចៅៗជាសិស្សានុសិស្ស ក៏ដូចជា ក្រុមគ្រួសារ ព្រមទាំងលោក/អ្នកគ្រូ ដែលបានអញ្ជើញចូលរួមនៅថ្ងៃនេះ តាមរយៈខ្លួនខ្ញុំ ដែលបានចូលគាល់ព្រះអង្គ កាលពីថ្ងៃទី ០៣ កន្លងទៅនេះ។ ព្រះអង្គពិតជាមានមោទនភាព ហើយតាមរយៈខ្ញុំ ក៏ផ្ដាំផ្ញើសួរសុខទុក្ខ ចំពោះចៅៗ ក៏ដូចជា លោក/អ្នកគ្រូ និងក្រុមគ្រួសារ ដែលបានខិតខំរៀនសូត្របានយ៉ាងល្អ។ ជាមួយនឹងព្រះរាជបណ្ដាំសួរសុខទុក្ខនេះ ព្រះករុណាជាអម្ចាស់ ក៏ដូចជា សម្ដេចម៉ែ សម្ដេចយាយ សម្ដចយាយទួត ដែលយើងហៅថា ជាព្រះមាតាជាតិ ព្រះអង្គក៏បានផ្ញើតាមរយៈខ្ញុំ ជូនចំពោះជ័យលាភីនិទ្ទេស A ចំនួន ៤៤៣ នាក់ ក៏ដូចជា នាយក លោក/អ្នកគ្រូ ចំនួន ១៨៨ នាក់ នូវកាក់អនុស្សាវរីយ៍ អ្វីទៅដែលហៅថា កាក់អនុស្សាវរីយ៍? ឆ្នាំនេះ គឺជាខួបលើកទី…