សារសម្លេង ស្ដីពី យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំជូនប្រជាពលរដ្ឋទៅតាមបណ្ដាខេត្ត ដែលមានអន្តរាគមន៍ពីពេទ្យនៅថ្នាក់ជាតិ

  ជូនឯកឧត្ដម លោកជំទាវ អភិបាលខេត្ត រាជធានី! នៅពេលខាងមុខនេះ ការចាក់វ៉ាក់សាំងរបស់យើងនឹងធ្វើដោយទ្រង់ទ្រាយធំ ហើយដែលមានអន្តរាគមន៍ពីពេទ្យទៅពីថ្នាក់ជាតិចូលរួមផងដែរ។ តាមគម្រោងរបស់យើង ក្នុងមួយខែត្រូវចាក់ឱ្យបានក្នុងកម្រិតយ៉ាងហោចគឺ ១ លានដូស ព្រោះថាវ៉ាក់សាំងដែលយើងទិញ និងទទួលជំនួយ នឹងមកជាបន្តបន្ទាប់។ ដូច្នេះ វ៉ាក់សាំងត្រូវបញ្ជូនទៅចាក់ឱ្យប្រជាពលរដ្ឋ។ ក្នុងរឿងនេះ ខ្ញុំសូមស្នើឱ្យអភិបាលខេត្តទាំងអស់ ខ្ញុំមិននិយាយពីរាជធានីភ្នំពេញទេ តែនិយាយទៅតាមអភិបាលខេត្ត គឺត្រូវទទួលរ៉ាប់រងកន្លែងស្នាក់នៅរបស់ក្រុមគ្រូពេទ្យ ដែលទៅពីទីក្រុងភ្នំពេញ ដែលស្ម័គ្រចិត្តទៅជួយ ឬចល័តពីទី​កន្លែងមួយទៅកាន់ទីកន្លែងមួយ សូមឱ្យខេត្តទទួលខុសត្រូវទៅលើការស្នាក់នៅ។ សណ្ឋាគារ ផ្ទះសំណាក់ មាននៅសល់ច្រើន ដែលយើងអាចពឹងពាក់ម្ចាស់សណ្ឋាគារ ម្ចាស់ផ្ទះសំណាក់ ដើម្បីអាចនឹងផ្ដល់​ឱ្យគ្រូពេទ្យរបស់យើងស្នាក់នៅបាន ចៀសវាងការយកថវិកាទៅជួលបន្ថែម ក្នុងពេលដែលគ្រូពេទ្យស្ម័គ្រចិត្តទាំងនោះទៅជួយដល់ប្រជាជន។ អញ្ចឹង ថ្នាក់ជាតិទទួលខុសត្រូវទៅលើថវិកានៃការធ្វើដំណើរ និងការហូបចុករបស់ក្រុមគ្រូពេទ្យ ប៉ុន្តែ ការស្នាក់នៅជាសណ្ឋាគារ ឬផ្ទះសំណាក់ ត្រូវឱ្យអភិបាលខេត្តទទួលរ៉ាប់រង ទទួលខុសត្រូវ។ ខ្ញុំយល់ថា ប្រជាពលរដ្ឋនិងម្ចាស់សណ្ឋាគារនៅតាមទីកន្លែង ដែលក្រុមគ្រូពេទ្យទៅស្នាក់ មិនកំណាញ់ទេ ទៅលើកិច្ចសហការក្នុងស្ថានភាពមនុស្សធម៌បែបនេះ។ ដូច្នេះ ខ្ញុំសុំថា គណៈកម្មការចំពោះកិច្ចគឺរៀបចំគម្រោងនៃការចំណាយទៅលើការធ្វើដំណើរ និងការហូបចុកបានហើយ។ សម្រាប់ការស្នាក់នៅតាមសណ្ឋាគារ និងផ្ទះសំណាក់ ទុកការទទួលខុសត្រូវនេះឱ្យអភិបាលខេត្តទទួលរ៉ាប់រង។ ខ្ញុំគិតថា…

ដកស្រង់ប្រសាសន៍ សារសំឡេងពិសេស យកសណ្ឋាគារពីរបន្ថែមទៀតសំរាប់ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ និងស្នើឲ្យក្រុមគ្រូពេទ្យទាហានចេញជួយក្រុមគ្រូពេទ្យស៊ីវិល

ផ្ញើជូនសម្ដេចពិជ័យសេនា ទៀ​ បាញ់, ឯកឧត្ដម ម៉ម ប៊ុនហេង, ឯកឧត្ដមអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការខាងកងទ័ពជើងគោក! ដោយសារតែរយៈកន្លងទៅនេះ យើងបានធ្វើការហូរហែមក កម្លាំងរបស់យើងក៏មានការនឿយហត់ បូកបន្ថែមទៅដោយការកើនឡើងនូវជំងឺថ្មីៗ បន្ថែមលើនោះគឺគ្រូពេទ្យរបស់យើងខាងស៊ីវិល មិនមែនគ្រាន់តែ​ជាគ្រូពេទ្យសម្រាប់តែព្យាបាលកូវីដ-១៩នោះទេ តែត្រូវរ៉ាប់រងជាមួយនឹងជំងឺរបស់ប្រជាជនដទៃទៀតនៅផ្នែកផ្សេងៗទៀត។ ដោយសារការកើនឡើងយ៉ាងគំហុកនៃចំនួនអ្នកដែលឆ្លងកូវីដ-១៩នេះ យើង​បានរៀបចំ(អតីត)សណ្ឋាគារអាំងទែកុងទីណង់តាល់មួយកន្លែង ដែលកំពុងគ្រប់គ្រងដោយផ្នែកស៊ីវិល និងការចូលរួមរៀបចំដោយកម្លាំងកងទ័ព និងផ្នែកដែលមានការពាក់ព័ន្ធ ខ្ញុំបានចេញបទបញ្ជាឱ្យសា​លា​រាជធានីភ្នំពេញ និងមេបញ្ជាការកងទ័ពជើងគោក រៀបចំនូវមន្ទីរពេទ្យ ២ បន្ថែមទៀត ដោយយកសណ្ឋាគារធ្វើជាទីកន្លែងរៀបចំ ដែលអាចមានប្រហែលជា ២០០ បន្ទប់ ឬអាចលើសនេះ។ ដោយសារស្ថានភាពបែបនេះ ខ្ញុំបានពិភាក្សាជាមួយសម្ដេច ទៀ បាញ់ ដើម្បីបញ្ចេញក្រុមគ្រូពេទ្យរបស់កងទ័ព ដើម្បីធ្វើអន្តរាគមន៍ជួយដល់គ្រូពេទ្យស៊ីវិល។ ខាងសម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានឱ្យដឹងថាបានរៀបចំ ៣០ ក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យ ដើម្បីមកជួយដល់ខាងផ្នែកស៊ីវិល។ ដូច្នេះ ខ្ញុំសូមឱ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ក៏ដូចជាឯកឧត្ដម ម៉ម ប៊ុនហេង ធ្វើការពិភាក្សាគ្នា ហើយប្រគល់ភារកិច្ចនេះ។ យោបល់របស់ខ្ញុំ សម្រាប់ពេទ្យ…

ដកស្រង់ប្រសាសន៍ សារសំឡេងពិសេសក្នុងករណីជនជាតិមូស្លីមមរណភាព ដោយសារជំងឺកូវីដ-១៩ អាចធ្វើពិធីបញ្ចុះទៅតាមប្រពៃណីតាមទំនៀមទំលាប់

សូមផ្ញើជូនចំពោះឯកឧត្តម លោកជំទាវ ឯកឧត្តម ម៉ម ប៊ុនហេង, ឯកឧត្តម កើត រឹទ្ធិ ព្រមទាំង អភិបាលខេត្តរាជធានី, ក្នុងសារដែលខ្ញុំផ្តល់កាលពីម្សិលម្ង៉ៃ ពាក់ព័ន្ធនឹងការត្រូវបូជាសព មានសំណើលើកឡើងពីសហគមន៍ឥស្លាមទាក់ទិននឹងការបញ្ចុះសព ដែលនោះចាត់ទុកថាជាកាតព្វកិច្ចដែលមិនអាចចៀសវាងបានសម្រាប់សហគមន៍មូស្លីម។ ដូច្នេះ ខ្ញុំបានអនុញ្ញាតដោយមានការលើកលែងជាករណីពិសេសសម្រាប់បងប្អូនមូស្លីមកម្ពុជា ដែលនឹងត្រូវទទួលបាននូវការអនុញ្ញាតឲ្យមានការបញ្ចុះសពទៅតាមរបៀបចាត់​ចែង​មួយដែលមានធ្វើវិធានសុខាភិបាលទៅតាមនោះផងដែរ។ អញ្ចឹង នៅក្នុងពេលដែលធ្វើអនុក្រឹត្យក៏ត្រូវមានចែងបញ្ញត្តិដោយឡែក ដែលមានករណីលើកលែងចំពោះបងប្អូនមូស្លីមនៅកម្ពុជាក្នុងករណីដែលមានការមរណភាពដោយសារកូវីដ-១៩ នេះ។ នេះគឺជារឿងចាំបាច់ តែខ្ញុំគិតថាបងប្អូនមូស្លីមប្រហែលជាមិនមានករណីមរណៈភាពដោយសារកូវីដ-១៩ នោះទេ ប៉ុន្តែនេះជាការបង្ការរបស់យើងក្នុងករណីដែលកើតមាន គឺអនុញ្ញាតឲ្យពួកគាត់បានធ្វើពិធីបញ្ចុះទៅតាមប្រពៃណីតាមទំនៀមទំលាប់នៃការគោរពរបស់បងប្អូនមូស្លីមនៅកម្ពុជា។ សុំឯកឧត្តម លោកជំទាវ មេត្តាយោគយល់អំពីបញ្ហានេះ។ សង្ឃឹមថាបងប្អូនជនរួមជាតិរបស់យើងក៏យោគយល់អំពីបញ្ហានេះ ព្រោះភាគច្រើននៅប្រទេសរបស់យើង គឺជាប្រទេសដែលធ្វើការបូជាទេ ប៉ុន្តែ ករណីមូស្លីមក៏ជាករណីមួយផ្សេងដែលយើងត្រូវគោរពទៅតាមប្រពៃណី ទំនៀមទម្លាប់របស់ពួកគាត់។ ច្បាស់ជាមានសំណើពីជនជាតិចិនហើយ។ ប៉ុន្តែ ខ្ញុំគិតថា ករណីចិនគឺដូចជាមិនទាន់មានការត្រូវបែងចែកនោះទេ ព្រោះបញ្ហានេះជាករណីកូវីដ-១៩។ ច្បាស់ជាមានបញ្ហាលើកឡើងហើយ។ យើងត្រូវខិតខំពន្យល់អំពីបញ្ហានេះ ដើម្បីចៀសវាងការចោទឡើងទាក់ទងជាមួយសាសនានេះសាសនានោះ … ប្រជាជន(មូស្លីម)នៅក្នុងប្រទេសកម្ពុជាយើងមានតែ ៥ ភាគរយ តែប៉ុណ្ណឹងទេ។ ដូច្នេះ ចំនួននេះហើយដែលខ្ញុំជឿថា ប្រហែលជាមិនមានស្លាប់ពីកូវីដ-១៩ សម្រាប់ជនជាតិមូស្លីមនោះទេ នៅក្នុងពេលដែលពួកគាត់​អនុវត្តវិធានការសុខាភិបាលនោះ។ សូមអរគុណ។ សុំយកទៅអនុវត្ត។…