សូមផ្ញើជូនចំពោះឯកឧត្តម លោកជំទាវ ឯកឧត្តម ម៉ម ប៊ុនហេង,
ឯកឧត្តម កើត រឹទ្ធិ ព្រមទាំង អភិបាលខេត្តរាជធានី,
ក្នុងសារដែលខ្ញុំផ្តល់កាលពីម្សិលម្ង៉ៃ ពាក់ព័ន្ធនឹងការត្រូវបូជាសព មានសំណើលើកឡើងពីសហគមន៍ឥស្លាមទាក់ទិននឹងការបញ្ចុះសព ដែលនោះចាត់ទុកថាជាកាតព្វកិច្ចដែលមិនអាចចៀសវាងបានសម្រាប់សហគមន៍មូស្លីម។ ដូច្នេះ ខ្ញុំបានអនុញ្ញាតដោយមានការលើកលែងជាករណីពិសេសសម្រាប់បងប្អូនមូស្លីមកម្ពុជា ដែលនឹងត្រូវទទួលបាននូវការអនុញ្ញាតឲ្យមានការបញ្ចុះសពទៅតាមរបៀបចាត់ចែងមួយដែលមានធ្វើវិធានសុខាភិបាលទៅតាមនោះផងដែរ។ អញ្ចឹង នៅក្នុងពេលដែលធ្វើអនុក្រឹត្យក៏ត្រូវមានចែងបញ្ញត្តិដោយឡែក ដែលមានករណីលើកលែងចំពោះបងប្អូនមូស្លីមនៅកម្ពុជាក្នុងករណីដែលមានការមរណភាពដោយសារកូវីដ-១៩ នេះ។
នេះគឺជារឿងចាំបាច់ តែខ្ញុំគិតថាបងប្អូនមូស្លីមប្រហែលជាមិនមានករណីមរណៈភាពដោយសារកូវីដ-១៩ នោះទេ ប៉ុន្តែនេះជាការបង្ការរបស់យើងក្នុងករណីដែលកើតមាន គឺអនុញ្ញាតឲ្យពួកគាត់បានធ្វើពិធីបញ្ចុះទៅតាមប្រពៃណីតាមទំនៀមទំលាប់នៃការគោរពរបស់បងប្អូនមូស្លីមនៅកម្ពុជា។ សុំឯកឧត្តម លោកជំទាវ មេត្តាយោគយល់អំពីបញ្ហានេះ។ សង្ឃឹមថាបងប្អូនជនរួមជាតិរបស់យើងក៏យោគយល់អំពីបញ្ហានេះ ព្រោះភាគច្រើននៅប្រទេសរបស់យើង គឺជាប្រទេសដែលធ្វើការបូជាទេ ប៉ុន្តែ ករណីមូស្លីមក៏ជាករណីមួយផ្សេងដែលយើងត្រូវគោរពទៅតាមប្រពៃណី ទំនៀមទម្លាប់របស់ពួកគាត់។
ច្បាស់ជាមានសំណើពីជនជាតិចិនហើយ។ ប៉ុន្តែ ខ្ញុំគិតថា ករណីចិនគឺដូចជាមិនទាន់មានការត្រូវបែងចែកនោះទេ ព្រោះបញ្ហានេះជាករណីកូវីដ-១៩។ ច្បាស់ជាមានបញ្ហាលើកឡើងហើយ។ យើងត្រូវខិតខំពន្យល់អំពីបញ្ហានេះ ដើម្បីចៀសវាងការចោទឡើងទាក់ទងជាមួយសាសនានេះសាសនានោះ … ប្រជាជន(មូស្លីម)នៅក្នុងប្រទេសកម្ពុជាយើងមានតែ ៥ ភាគរយ តែប៉ុណ្ណឹងទេ។ ដូច្នេះ ចំនួននេះហើយដែលខ្ញុំជឿថា ប្រហែលជាមិនមានស្លាប់ពីកូវីដ-១៩ សម្រាប់ជនជាតិមូស្លីមនោះទេ នៅក្នុងពេលដែលពួកគាត់អនុវត្តវិធានការសុខាភិបាលនោះ។
សូមអរគុណ។ សុំយកទៅអនុវត្ត។ ប៉ុន្តែ ក៏សុំបញ្ជាក់បន្ថែមថាខាងមូស្លីមក៏ត្រូវតែគិតគូរពីទីកន្លែងរបស់ខ្លួនក្នុងករណីដែលមានការកើតឡើងនូវករណីនេះក៏ត្រូវតែត្រៀមរៀបចំ មិនអាចយកទៅកប់ពាសវាលពាសកាលបានទេ ត្រូវធ្វើនៅកន្លែងណាអីកន្លែងណាសុំគណៈចាងហ្វាងជាន់ខ្ពស់ក៏ដូចជានៅតាមទីកន្លែងទាក់ទងជាមួយអាជ្ញាធរដើម្បីត្រៀមរៀបចំថាធ្វើនៅកន្លែងណា។ បងប្អូនច្រើនតែមានទីកន្លែងសម្រាប់ការកប់ ការរៀបចំនៅទីកន្លែងដែលមានការកប់នៅកន្លែងណាមួយនោះ។ សូមដំណើរការតាមរបៀបនេះចុះ។ សូមអរគុណ៕