ទេសរដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល៖ ក្នុងមួយឆ្នាំៗរាជរដ្ឋាភិបាលចំណាយលុយ ជិត២០០លានដុល្លារ សម្រាប់ថែទាំ និងជួសជុលផ្លួវថ្នល់នៅកម្ពុជា

FN ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំៗ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយទឹកប្រាក់ជិត២០០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ធ្វើការថែទាំ និងជួសជុលផ្លូវថ្នល់ ហើយការចំណាយទឹកប្រាក់ច្រើនបែបនេះ ក៏ដោយសារតែកម្ពុជាមានផ្លូវថ្នល់ច្រើន។ ការបញ្ជាក់បែបនេះ របស់លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក្នុងឱកាសអញ្ជើញបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(សាខាភ្នំពេញថ្មី) ដែលស្ថិតនៅ តាមបណ្តោយ ផ្លូវ១៩២៨ ឧកញ៉ាម៉ុងរិទ្ធី ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា «ការជួសជុលថែទាំផ្លូវក្នុងមួយឆ្នាំៗ យើងប្រើថវិកាជិត២០០លានដុល្លារសហរដ្ឋអាមេរិក ដោយសារផ្លូវយើងវាច្រើន ពីដើមតិចតែឥឡូវផ្លូវច្រើនទៅៗ ដូច្នេះយើងត្រូវថែទាំច្រើនទៅៗ»។ ក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ក្រីក៏បានអំពាវនាវទៅម្ចាស់យានយន្តទាំងអស់ដែលដឹកលើសចំណុះ មេត្តាជួយថែទាំផ្លូវជាតិ ហើយកុំដឹកទំនិញហួសកំណត់ខុសពីច្បាប់ ដែលបានកំណត់ កត្តាទាំងនេះហើយដែលធ្វើឲ្យផ្លួវ ឆាប់រិចរិល ឆាប់ខូច ដែលធ្វើឲ្យខាតបង់ថវិការជាតិផងដែរ៕

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាឲ្យអាជ្ញាធរ កម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវឃ្លាំតាមដានមើល និងចុះជួយប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ចំពោះបញ្ហាទឹកជំនន់

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែកក្កដានេះ បានបញ្ជាឲ្យអាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវឃ្លាំតាមដានមើល និងជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ពិសេសប្រជាពលរដ្ឋរស់នៅតាមខេត្ត ប្រឈមនឹងបញ្ហាទឹកជំនន់ តាមតំបន់ជាប់មាត់ស្ទឹង និងសមុទ្រជាដើម។ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើ Facebook របស់សម្តេចថា ភ្លៀងដែលបង្អុរធ្លាក់មកមិនដាច់ស្ទើរាល់ថ្ងៃ ដែលយើងបានឃើញ នៅក្នុងទីក្រុងភ្នំពេញតិចមែន តែនៅតាមបណ្តាខេត្តមួយចំនួន គឺកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ ដោយសារកំរិតទឹកទឹកភ្លៀងនៅបន្តធ្លាក់ ហើយកម្ពស់ទឹកទន្លេ ក៏មានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះមានដូចជា ខេត្តឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពត និងខេត្តមួយចំនួនទៀត។ សម្តេចតេជោ បានបញ្ជាក់ទៀតថា តាមការប្រកាសរបស់ក្រសួងធនធានទឹក បានឲ្យដឹងថា ក្នុងរដូវវស្សាឆ្នាំនេះ កម្ពុជាអាចនឹងទទួលរងនូវឥទ្ធិពល ENSO Neutral Condition ដែលបង្កឲ្យមានភ្លៀងធ្លាក់ ពីកម្រិតមធ្យមទៅច្រើន ដែលធ្វើឲ្យទឹកក្នុងអាងទន្លេមេគង្គ និងទាំងនៅក្នុងប្រទេសកម្ពុជា ទាំងមូលមានការកើនឡើង។ សម្តេចនាយករដ្ឋមន្ត្រី…

សាររបស់សម្តេចតេជោលើហ្វេសប៊ុក អំពាវនាវឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរ ប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង

សូមប្រជាពលរដ្ឋ និងអាជ្ញាធរប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់! ភ្លៀងដែលបង្អុរធ្លាក់មកមិនដាច់ស្ទើរាល់ថ្ងៃ ដែលយើងបានឃើញនៅក្នុងទីក្រុងភ្នំពេញតិចមែន តែនៅតាមបណ្តាខេត្តមួយចំនួន គឺកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ដោយសារកំរិតទឹកទឹកភ្លៀងនៅបន្តធ្លាក់ ហើយកម្ពស់ទឹកទន្លេក៏មានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះមានដូចជា ខេត្តឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពត និងខេត្តមួយចំនួនទៀត។ តាមការប្រកាសរបស់ក្រសួងធនធានទឹក បានអោយដឹងថា ក្នុងរដូវវស្សាឆ្នាំនេះកម្ពុជាអាចនឹងទទួលរងនូវឥទ្ធិពល ENSO Neutral Condition ដែលបង្កអោយមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន ដែលធ្វើអោយទឹកក្នុងអាងទន្លេមេគង្គ និងទាំងនៅក្នុងប្រទេសកម្ពុជាទាំងមូលមានការកើនឡើង។ ចំពោះបងប្អូន ដែលចុះទូកនៅតាមទន្លេ សមុទ្រ គឺសូមប្រុងប្រយ័ត្ន ពាក់អាវពោងការពារ និងមានសំភារៈការពារអាយុជីវិត ពេលជួបប្រទះបញ្ហាដោយយថាហេតុណាមួយកើតឡើង។ សូមកុំបណ្តោយកូនចៅទៅលេងទឹកនៅខាងក្រៅតាមស្រះ តាមវាលស្រែ ក្រោមស្ពាន ឬតាមប្រឡាយ ទឹកដែលអាចងាយមានគ្រោះថ្នាក់។ សូមអំពាវនាវដល់មន្ត្រី អាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ត្រូវឃ្លាំតាមដានមើល និងជួយប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ជាពិសេស ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាខេត្ត ដែលកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ និងតាមតំបន់ជាប់នឹងដងស្ទឹង និងសមុទ្រជាដើម។ សូមបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់បំផុត៕