ក្រសួងពាណិជ្ជកម្ម ដាក់ឲ្យប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈចល័តតម្លៃជាង ១៥ម៉ឺនដុល្លារ

FN ៖ ដើម្បីរួមចំណែកការពារអត្ថប្រយោជន៍អ្នកប្រើប្រាស់ប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ក្រសួងពាណិជ្ជកម្ម បានដាក់ឲ្យដំណើរការជាផ្លូវការមន្ទីរពិសោធន៍ចល័ត (Mobile Lab) ផ្នែកប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីសំខាន់ៗប្រមាណ ៥០រូប។ រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រងឥន្ធនៈនេះជារបស់ក្រុមហ៊ុន Ford ម៉ូដែលឆ្នាំ២០១៦ មានតម្លៃសរុបចំនួន ១៥២,៩៨២.៤៩ដុល្លារអាមេរិក ហើយគឺជារថយន្តទី២ បន្ទាប់ពីរថយន្តមន្ទីរពិសោធន៍ចល័តទី១ ត្រូវបានដាក់ឱ្យដំណើរការ ដើម្បីតាមដាន និង ត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារកាលពីចុងឆ្នាំ ២០១៦កន្លងទៅ។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ការដាក់ដំណើររថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រងឥន្ធនៈបង្ហាញពីការគិតគូរយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមអាជ្ញាធរដែលមានបេសកម្ម និងភារកិច្ចត្រួតពិនិត្យទំនិញនីហរ័ណ-អាហរ័ណ និង បង្ក្រាបអំពើក្លែងបន្លំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោករដ្ឋមន្ត្រី បានបន្តទៀតថា រថយន្តនេះនឹងជួយពង្រឹងប្រសិទ្ធភាពការងាររបស់មន្ត្រីកាំកុងត្រូល ក្នុងការចុះត្រួតពិនិត្យប្រេងឥន្ធនៈ នៅតាមស្ថានីយ៍ ឬដេប៉ូចែកចាយនៅក្នុងរាជធានី និងតំបន់ឆ្ងាយៗទូទាំងប្រទេស ព្រោះវាមានបំពាក់ដោយឧបករណ៍ទំនើប ដែលអាចវិភាគរកនូវប៉ារ៉ាម៉ែត្រនៃផលិតផលទំនិញជាប្រេងឥន្ធនៈទាំងផ្នែកគុណភាព និងបរិមាណ។ សូមបញ្ជាក់ថា បន្ទាប់ពីដាក់ឲ្យដំណើរការរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រងឥន្ធនៈថ្ងៃនេះ មន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល នឹងចុះត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈគ្រប់ប្រភេទដូចជា…

រាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសទាហានជិត៤ពាន់នាក់បន្ថែមទៀត

FN ៖ រាជរដ្ឋាភិបាលកម្ពុជានាថ្មីៗនេះ បានចេញសេចក្តីសម្រេចមួយ ដោយអនុញ្ញាតឱ្យក្រសួងការពារជាតិកម្ពុជា ជ្រើសរើសទាហានចំនួន ៣៨៥០បន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការកងទ័ព ជាពិសេសសម្រាប់កងពលថ្មីដែលទើបនឹងបង្កើតឡើងនៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១២ ខែសីហា កន្លងទៅនេះ។ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ បានឱ្យដឹងថា ពលទាហានជាងជិត ៤ពាន់នាក់នោះ នឹងត្រូវទៅបំពេញក្របខណ្ឌនៅកងឯកភាពមួយចំនួនដូចខាងក្រោម៖ ១៖ ទីបញ្ជាការយោធភូមិភាគទី១ ចំនួន២៥០នាក់ ២៖ កងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ២៩០០នាក់ ៣៖ តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ចំនួន២៥០នាក់ ៤៖ តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ចំនួន១០០នាក់ ៥៖ កងអនុសេនាធំស្រុកសៀមប៉ាង ចំនួន ២៥០នាក់៕

រដ្ឋមន្រ្តីការងារ៖ កង្វះធនធានមនុស្សមានសមត្ថភាព ជាឧបសគ្គក្នុងការទាក់ទាញវិនិយោគពីបរទេស និងការប្រជែងជាមួយប្រទេសក្នុងតំបន់

FN ៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា កង្វះធនធានមនុស្សមានសមត្ថភាព ដែលឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ជាឧបសគ្គសម្រាប់ការទាក់ទាញវិនិយោគពីបរទេស ពិសេសប៉ះពាល់ដល់ការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ក្នុងវិស័យសេដ្ឋកិច្ច។ លោកថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយ និងចុះហត្ថលេខាលើកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ ស្តីពីមុខរបរ និងការងារ សម្រាប់យុវជននៅកម្ពុជា នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។ លោកថ្លែងយ៉ាងដូច្នេះថា «កម្ពុជាក៏ប្រឈមនឹងបញ្ហាមួយចំនួន ដូចជា ការខ្វះខាតធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ជាឧបសគ្គសម្រាប់កម្ពុជាក្នុងការទាក់ទាញវិនិយោគពីបរទេស ក៏ដូចជាការប្រកួតប្រជែងក្នុងវិស័យសេដ្ឋកិច្ចជាមួយប្រទេសក្នុងតំបន់»។ លោករដ្ឋមន្រ្តីបន្តថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលបានឡើកឡើងខាងលើ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ ២០១៥-២០២៥ និងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ដើម្បីកំណត់គោលដៅជំនាញកម្លាំងពលកម្មសម្រាប់យុវជនដែលកំពុងសិក្សា ក៏ដូចជាសិស្សដែលបានបោះបង់ការសិក្សា ហើយមិនមានលទ្ធភាពបន្តការបណ្តុះបណ្តាលវិជ្ជាជីវៈផ្លូវការ និងដើម្បីកសាងកម្លាំងពលកម្មដែលប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបទការងារ ក្រមសីលធម៌វិជ្ជាជីវៈ និងផលិតភាពការងារខ្ពស់សម្រាប់ការប្រកួតប្រជែង និងការងារពេញមួយជីវិត សំដៅចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋក្នុងសង្គម…