FN ៖ ដើម្បីរួមចំណែកការពារអត្ថប្រយោជន៍អ្នកប្រើប្រាស់ប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ក្រសួងពាណិជ្ជកម្ម បានដាក់ឲ្យដំណើរការជាផ្លូវការមន្ទីរពិសោធន៍ចល័ត (Mobile Lab) ផ្នែកប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីសំខាន់ៗប្រមាណ ៥០រូប។
រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រងឥន្ធនៈនេះជារបស់ក្រុមហ៊ុន Ford ម៉ូដែលឆ្នាំ២០១៦ មានតម្លៃសរុបចំនួន ១៥២,៩៨២.៤៩ដុល្លារអាមេរិក ហើយគឺជារថយន្តទី២ បន្ទាប់ពីរថយន្តមន្ទីរពិសោធន៍ចល័តទី១ ត្រូវបានដាក់ឱ្យដំណើរការ ដើម្បីតាមដាន និង ត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារកាលពីចុងឆ្នាំ ២០១៦កន្លងទៅ។
លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ការដាក់ដំណើររថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រងឥន្ធនៈបង្ហាញពីការគិតគូរយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមអាជ្ញាធរដែលមានបេសកម្ម និងភារកិច្ចត្រួតពិនិត្យទំនិញនីហរ័ណ-អាហរ័ណ និង បង្ក្រាបអំពើក្លែងបន្លំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្ត្រី បានបន្តទៀតថា រថយន្តនេះនឹងជួយពង្រឹងប្រសិទ្ធភាពការងាររបស់មន្ត្រីកាំកុងត្រូល ក្នុងការចុះត្រួតពិនិត្យប្រេងឥន្ធនៈ នៅតាមស្ថានីយ៍ ឬដេប៉ូចែកចាយនៅក្នុងរាជធានី និងតំបន់ឆ្ងាយៗទូទាំងប្រទេស ព្រោះវាមានបំពាក់ដោយឧបករណ៍ទំនើប ដែលអាចវិភាគរកនូវប៉ារ៉ាម៉ែត្រនៃផលិតផលទំនិញជាប្រេងឥន្ធនៈទាំងផ្នែកគុណភាព និងបរិមាណ។
សូមបញ្ជាក់ថា បន្ទាប់ពីដាក់ឲ្យដំណើរការរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រងឥន្ធនៈថ្ងៃនេះ មន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល នឹងចុះត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈគ្រប់ប្រភេទដូចជា ប្រេងប្រេងម៉ាស៊ូត, ប្រេងសាំង (ស៊ុបពែរ និងសាំងធម្មតា) និងប្រេងម៉ាស៊ីន នៅតាមស្ថានីយ៍ និងដេប៉ូចែកចាយប្រេងឥន្ធនៈទូទាំងប្រទេស សំដៅធានាភាពជឿជាក់ជូនប្រជាពលរដ្ឋ ក្នុងការទទួលបានទំនិញជាប្រេងឥន្ធនៈប្រកបដោយគុណភាព និងបរិមាណត្រឹមត្រូវ ព្រមទាំងធានានូវការធ្វើធុរកិច្ចប្រកបដោយសមធម៌ និងរក្សាសណ្តាប់ធ្នាប់ទីផ្សារប្រេងឥន្ធនៈនៅកម្ពុជា។
មន្រ្តីកាំកុងត្រូលតែងបានធ្វើសកម្មចុះត្រួតពិនិត្យជារឿយនៅតាមស្ថានីយប្រេងឥន្ធនៈ ហើយក៏បានរកឃើញស្ថានីយប្រេងឥន្ធនៈជាច្រើន មានភាពមិនស្មោះត្រង់ ដូចជាលក់ប្រេងមិនគ្រប់ចំណុះតាមកុងទ័រ ហើយលក់បន្លំសាំងធម្មតា ធ្វើជាសាំងស៊ុបពែរជូនអតិថិជនថែមទៀតផង។ វត្តមានម៉ាស៊ីនត្រួតពិនិត្យគុណភាពប្រេងចល័តនេះ គេរំពឹងថា នឹងជួយពង្រឹងការលក់ និងចែកចាយប្រេងឥន្ធនៈនៅកម្ពុជាបានល្អប្រ សើរ មានគុណភាពត្រឹមត្រូវ៕