Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

សេចក្តីស្រង់សារជាសម្លេង សម្តេចតេជោ ហ៊ុន សែន បំភ្លឺព្រឹត្តិការណ៍ប្រវត្តិសាស្ត្រស្តីពីការតស៊ូរំដោះប្រទេសកម្ពុជា និងការចាប់ខ្លួនលោក ប៉ែន សុវណ្ណ

សូមជម្រាបសួរបងប្អូនទាំងអស់គ្នា។ ព្រឹកមិញខ្ញុំបាននិយាយត្រួសៗ។ ហើយ(បងប្អូន)ក៏ប្រហែលជានឹងអាចក្តាប់បានរួចហើយដែរ អំពីការបំភ្លឺរបស់ខ្ញុំទាក់ទងនឹងបញ្ហាប្រវត្តិសាស្រ្ត ហើយក៏ទាក់ទងជាមួយនឹងការលើកឡើងរបស់លោក ខាន់ សុវណ្ណ ដែលខ្ញុំធ្វើការកែតម្រូវ។ ឥឡូវ ខ្ញុំចង់បន្ថែម និយាយឡើងវិញ ដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានជ្រាបទាក់ទិនទៅនឹងដំណើររឿង។ ប្រវត្តិ​សាស្រ្ត គឺវាជាប្រវត្តិសាស្រ្ត ដែលយើងត្រូវតែនិយាយការពិតចេញមក ឲ្យត្រូវនឹងការពិត ទើបគេហៅថាប្រវត្តិ​សាស្រ្តបាន។ ប្រសិនបើយើងនិយាយខុសការពិត វាអាចនឹងបង្កើតនូវការភាន់ច្រឡំ សម្រាប់ក្មេងជំនាន់ក្រោយ ហើយបើសិនជាមានការទាក់ទិនជាមួយនឹងបរទេសទៀតសោត វានឹងអាចបង្កើតជាអរិភាពរវាងប្រ​ទេស និងប្រទេសទៀតផង។ ដូចជាករណីដែលលោក ខាន់ សុវណ្ណ បានលើកឡើងថាវាជាការដណ្តើមគ្នារវាងវៀតណាម ជាមួយនឹងសូវៀតលើបញ្ហាការតែងតាំងនាយករដ្ឋមន្រ្តី(កម្ពុជា)ជាដើម។ល។ ខ្ញុំគ្រាន់តែបញ្ជាក់ថា កម្ពុជា មិនមែនជានំ ឬមិនមែនជាដុំស្ករសម្រាប់ការដណ្តើមរបស់មហាអំណាចណាមួយទេ។ វាសំខាន់ខ្លាំងណាស់សម្រាប់សិទ្ធិសម្រេចរបស់ប្រទេសនីមួយៗ។ ប្រទេសដទៃ បើទោះបីជាចង់មានឥទ្ធិពល ឬក៏ចង់ធ្វើជាមិត្ត ឬក៏ចង់ធ្វើជាសត្រូវ ក៏វាតាមចិត្តចង់របស់ពួកគេ តែពួកគេក៏មិនអាចនឹងមើលរំលងឆន្ទៈរបស់ប្រជាពលរដ្ឋរបស់កម្ពុជា ឬរបស់ប្រទេសផ្សេងៗទៀតបានដែរ។ ចំណុចនេះ ខ្ញុំសុំបញ្ជាក់ជាការចាប់ផ្តើម ដើម្បីឈានឆ្ពោះទៅរកការតម្រង់ផ្លូវ ហើយដែលអាចផ្តល់ឱកាសឲ្យមានការផ្សព្វផ្សាយផងដែរ។ រណសិរ្សសង្គ្រោះជាតិបានបង្កើតឡើងលើមូលដ្ឋាននៃកម្លាំង ៥ យើងបានដឹងគ្រប់គ្នាហើយថា របបប្រល័យពូជសាសន៍ ប៉ុល ពត ជារបបមួយដែលយើងមិនអាចទ្រាំទ្ររស់នៅបានទេ។ ដូច្នេះ បញ្ហាដែលសំខាន់នៅពេលនោះ គឺការប្រមូលគ្រប់កម្លាំងទាំងអស់ ទោះបីមាននិន្នាការយ៉ាងណាក៏ដោយ…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង ខេត្តបាត់ដំបង ដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

ផ្លូវជាតិលេខ ៥ ពីទីរួមខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ផ្លែផ្កាកិច្ចសហប្រតិបត្ដិការរកម្ពុជា-ជប៉ុន ឯកឧត្តម Mikami Masahiro អគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ប្រិយមិត្តជប៉ុន សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់ ថ្ងៃនេះ ខ្ញុំពិតជាមានការសប្បាយរីករាយដែលបានចូលរួមជាមួយឯកឧត្តម Mikami Masahiro តំណាងប្រទេសជប៉ុន ក៏ដូចជាឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានអញ្ជើញចូលរួមដាក់សម្ពោធឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង ដែលតភ្ជាប់ទីរួមខេត្តបាត់ដំបង ទៅក្រុងសិរីសោ​ភ័ណ ប្រវែង ៨៤,៧៤ គីឡូម៉ែត្រ។ នេះចាត់ទុកថាជាផ្លែផ្កានៃកិច្ចសហប្រតិបត្ដិការរវាងកម្ពុជា-ជប៉ុន ក្នុងកិច្ចខិតខំ​ប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា។ ខ្ញុំគិតថា អ្វីដែលឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងអម្បាញ់មិញ ក៏ដូចជាឯកឧត្តម Mikami Masahiro បានលើកឡើង គឺពិតជាត្រឹមត្រូវ … កាលពីថ្ងៃទី ២៦ មិថុនា ២០១៨ ខ្ញុំបាន​មកបើកការដ្ឋាននៅទីនេះ។ ខ្ញុំសូមយកឱកាសនេះ សុំអធ្យាស្រ័យពីសំ​ណាក់ប្រជាពលរដ្ឋរបស់យើងនៅខេត្តបាត់ដំបង…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ប្រគល់រង្វាន់លើកទឹកចិត្តម្ចាស់ជ័យលាភីមេដាយមាសកីឡាប៉េតង់ជើងឯកពិភពលោក (នៅអេស្ប៉ាញ) កីឡាការិនីជម្រើសជាតិ អ៊ុក ស្រីមុំ

កម្ពុជាទទួលបានមេដាយមាសផ្នែកប៊ូល ៥ ជំនាន់ ជាដំបូងនេះ ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមអបអរសាទរជាមួយនឹងកីឡាការិនី អ៊ុក ស្រីមុំ និងលោកគ្រូ សុខ មុំ។ អម្បាញ់មិញ ឯកឧត្តម ហង់ ជួនណារ៉ុន បានធ្វើរបាយការណ៍ពាក់ព័ន្ធជាមួយនឹងការទទួលបានថ្មីៗថែមទៀត នូវមេដាយមាស សម្រាប់កីឡាប៊ូល ដែលអាចចាត់ទុកថា ជាការបំបែកនូវឯតទគ្គ​កម្មសម្រាប់ពិភពលោក ដោយសារតែយើងទទួលបាននូវមេដាយមាសផ្នែកប៊ូលនេះតជំនាន់ រហូតទៅដល់ ៥ ជំនាន់ ដោយវីរកីឡាការិនី កែ ឡេង បាន ៤ ជំនាន់ ឥឡូវនេះ មកដល់កីឡាការិនី អ៊ុក ស្រីមុំ បានមួយជំនាន់ទៀត គ្រប់ ៥ ជំនាន់។ វាហាក់ដូចជារឿងចម្លែកបន្តិច សម្រាប់កីឡាប៊ូល ដែលបង្កើតឡើងដោយប្រទេសនៅអឺរ៉ុប ជាពិសេស គឺប្រទេសបារាំង។ បើតាមប្រវត្តិ គឺប្រទេសបារាំង គឺជាម្ចាស់ ហើយដែលខ្ញុំនៅចាំបានថា កាលពេលអតីតនាយករដ្ឋមន្រ្តី François Fillon មកប្រទេសកម្ពុជានោះ កាដូគាត់សម្រាប់ខ្ញុំ គឺប៊ូលតែម្តង។ ប៉ុន្តែ…