ដកស្រង់ប្រសាសន៍ អញ្ជើញចុះពិនិត្យការបង្កបង្កើនផលស្រូវ និងសំណេះសំណាលជាមួយនឹងប្រជាកសិករស្រុកព្រៃកប្បាស ខេត្តតាកែវ

អរគុណឯកឧត្តមរដ្ឋមន្ដ្រី។ មុនខ្ញុំថ្លែងជាមួយនឹងការផ្ដល់អនុសាសន៍ និងសំណេះសំណាល ខ្ញុំចង់សួរសំណួរខ្លះពីកសិកររបស់យើង ព្រោះថ្ងៃមុន (កាល)នៅស្រុកពាមរក៍ ខេត្តព្រៃវែងនោះ គេឆ្ងល់ថាតើមានការរៀបចំមុន ឬអត់ បានជាកសិករឡើងឆ្លើយដូចជាច្បាស់លាស់។ អញ្ចឹង ដើម្បីចៀសវាងគេថា(ជា)ការរៀបចំ (ខ្ញុំ)សុំចង្អុលប្អូនខាងណេះ ហើយប្អូនស្រីនេះ សូមអញ្ជើញឡើងមកវេទិកា ហើយសុំប្អូនស្រីនេះមួយទៀត ប្អូនប្រុសនេះមួយទៀត បានបួននាក់ ដើម្បីខ្ញុំសួរបញ្ហាមួយចំនួន។ ដំបូងបំផុត សំណួររបស់ខ្ញុំ «តើអ្វីជាការងាយស្រួល និងការលំបាក?» សូមបញ្ជាក់។ កសិករ៖ សូមគោរពសម្ដេច និងគណៈប្រតិភូ នៅទីនេះ។ ការងាយស្រួលរបស់ប្រជាកសិករនៅទីនេះ ផ្លូវនេះធ្វើដំណើរមកទីនេះ ត្រូវធ្វើដំណើរមួយម៉ោង ទៅមួយម៉ោងកន្លះ។ សម្ដេចបានជួយនៅស្ថានីយបូមទឹក ប្រព័ន្ធផ្លូវនៅទីនេះ យើងចំណាយពេលតែ ១០ នាទី មកដល់ហើយ។ មួយទៀត មានទឹកបូមគ្រប់គ្រាន់ ឬបង្ហូរបានតាមចិត្ត។ កាលពីពេលមុន ដីមួយហិកតា ត្រូវបូមទឹកដេករហូតមួយយប់ ឬពីរយប់បានពេញ ក៏មានដែរ។ ឥឡូវ បូមតែ ២ ម៉ោង ពេញហើយ និងអាចធ្វើស្រែបានពី ពីរដង ទៅបីដង ក្នុងមួយឆ្នាំ។…

សារលើហ្វេសប៊ុក អំពីការបើកទីផ្សារនាំស្វាយស្រស់ កម្ពុជា ទៅកាន់ប្រទេសចិន

ខ្ញុំសូមអបអរសាទរ និងកោតសរសើរចំពោះការខិតខំរបស់ក្រសួងកសិកម្ម ក្នុងការបើកទីផ្សារស្វាយស្រស់ កម្ពុជា ទៅកាន់ប្រទេសចិន ដែលនៅថ្ងៃទី ៩ ខែ មិថុនា ២០២០ នេះ គឺកម្ពុជា និងមិត្តចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការលើ “លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន”។ អរគុណចំពោះលោកអគ្គរដ្ឋទូតចិន និងមន្រ្តីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមជំរុញការងារនេះរហូតឈានដល់កិច្ចព្រមព្រៀងគ្នាជាផ្លូវការនៅថ្ងៃនេះ។ នេះជាដំណឹងល្អសម្រាប់បងប្អូនប្រជាកសិករ ម្ចាស់ចំការ និងពាណិជ្ជករ ដែលកំពុងវិនិយោគលើដំណាំស្វាយ ដែលកំពុងមានក្តីកង្វល់ព្រោះមានចំការជាច្រើន ដែលមានស្វាយទុំជ្រុះចោល ហើយតម្លៃស្វាយបានធ្លាក់ចុះយ៉ាងច្រើន។ បើតាមព័ត៌មានទទួលបាន គឺមានអាជីវករបានដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនចំនួន ២០ លើផ្ទៃដី ២១.២៨៦ ហិកតា។ យើងសង្ឃឹមថា ក្រោយពីអគ្គនាយកដ្ឋានកសិកម្មចុះត្រួតពិនិត្យ និងវាយតម្លៃលើចម្ការស្វាយ និងទីតាំងវេចខ្ចប់រួចហើយ គឺនឹងឈានដល់ការនាំចេញផលិតផលស្វាយខ្មែរនៅពេលឆាប់នេះមិនខាន។ តាមរយៈការនាំផ្លែស្វាយចេញទៅប្រទេសចិន នឹងផ្តល់ការងារនិងប្រាក់ចំណូលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ ជាពិសេស នៅក្នុងដំណាក់កាលដែលប្រទេសយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩។ សូមបងប្អូនប្រជាកសិករ និងពាណិជ្ជករពង្រឹងបច្ចេកទេសដាំដុះឲ្យមានគុណភាពកាន់តែខ្ពស់ និងបង្កើតរោងចក្រវេចខ្ចប់ឲ្យបានត្រឹមត្រូវ ដើម្បីយើងអាចមានលទ្ធភាពកែឆ្នៃផ្លែស្វាយ ដើម្បីទទួលបានផលប្រយោជន៍កាន់តែច្រើន។ អ្វីដែលសំខាន់បំផុតក្នុងការនាំផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន គឺត្រូវតែមានអនាម័យ និងភូតគាមអនាម័យ(SPS) ឲ្យបានល្អ ដែលអាចទទួលយកបាននៅក្រៅប្រទេស៕

សារ និងសេចក្ដីអធិប្បាយ ជូនជនរួមជាតិ ស្ដីពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងផលប៉ះពាល់ ពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (ខូវីដ-១៩) និងការព្យួរភាពអនុគ្រោះពន្ធលើទំនិញមួយចំនួន ក្រោមកម្មវិធី «ទំនិញគ្រប់មុខ លើកលែងអាវុធ» (EBA)

គាំពារវិស័យទេសចរណ៍

… មន្រ្តីកម្ពុជាតាមក្រសួង-ស្ថាប័ននានា កាត់បន្ថយការចូលរួមការប្រជុំនៅក្រៅប្រទេស … ចាត់តាំងអគ្គរដ្ឋទូត … ចូលរួម … ត្រូវទៅ ១០ នាក់ កាត់បន្ថយនៅត្រឹម ៣ ទៅ ៤ នាក់ … ខ្ញុំគិតថា នឹងមានការបើកប្រជុំគណៈរដ្ឋមន្រ្តីនៅខេត្តសៀមរាប ដើម្បីឲ្យខេត្តអាចទទួលបានភ្ញៀវទេសចរក្នុងស្រុក … ថ្ងៃក្រោយ ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់របស់យើង (អាច)ទៅបើកប្រជុំនៅខេត្តសៀមរាបតែម្តង ដើម្បីឲ្យសណ្ឋាគារខេត្តសៀមរាប និងភោជនីយដ្ឋាននៅខេត្តសៀមរាបអាចទទួលបាននូវភ្ញៀវទេសចរ។

… ឥឡូវនេះ ជើងហោះហើរមួយចំនួនត្រូវបានផ្អាក … ហើយភាពមិនច្បាស់លាស់នៃជំងឺទៅតាមប្រទេសក៏ស្ថិតក្នុងស្ថានភាពត្រូវប្រុងប្រយ័ត្ន។ ដូច្នេះ សុំបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ធ្វើដំណើរទៅក្រៅប្រទេសក្នុងមួយឆ្នាំជាងមួយលាននាក់ ងាកមករិះរកការធ្វើដំណើរក្នុងស្រុករបស់យើង ទៅកាន់តំបន់ទេសចរណ៍នានា ក្នុងនោះឲ្យអាទិភាពខ្ពស់ទៅលើខេត្តសៀមរាប … ដើម្បីជួយស្រោចស្រង់នូវវិស័យទេសចរណ៍របស់យើង ចំពោះមុខការធ្លាក់ចុះនៃទេសចរបរទេស … … (ខ្ញុំ)សុំអំពាវនាវឲ្យម្ចាស់សណ្ឋាគារបន្ធូរបន្ថយថ្លៃតាមលទ្ធភាពដែលអាចធ្វើទៅបាន ជាជាងទុកបន្ទប់ចោល … ជាការបំពេញឲ្យគ្នា …។

… យើងធ្លាប់ធ្វើសង្រ្កាន្តថ្នាក់ជាតិ ប៉ុន្តែចាប់ពីឆ្នាំទៅមកដល់ឆ្នាំនេះ យើងមិនបានត្រៀមរៀបចំដើម្បីធ្វើអង្គរសង្រ្កាន្តទេ។ សង្រ្កាន្តអាចធ្វើបានគ្រប់ខេត្ត … សៀមរាបអាចធ្វើសង្រ្កាន្តនៅសៀមរាប ហើយក៏សុំឲ្យក្រុមហ៊ុនប្រគុំតន្រ្តីឧស្សាហ៍ទៅប្រគុំ តន្ត្រីនៅខេត្តសៀមរាប ដែលជាការទាក់ទាញសម្រាប់ការទទួលបានភ្ញៀវទេសចរ (រួមដោយ)កម្មវិធីមួយចំនួន ដែលអាចធ្វើទៅបាន ដូចជាកម្មវិធីសាសនា ការប្រកួតកីឡា … ហេតុអ្វីមិនលុបតម្លៃការលក់(សំបុត្រចូលទស្សនាប្រាសាទ)តែម្តងទៅ ដើម្បីទាក់ទាញភ្ញៀវទេសចរ? បើយើងមើលទៅក្នុងចំណុចនេះ វាហាក់ដូចជាការលុបពាក់កណ្តាលទៅហើយ ព្រោះសំបុត្រមួយថ្ងៃអាចចូលមើលបាន ២ ថ្ងៃ … លុបបាត់ពាក់កណ្តាលហើយ …។

សម្ដេច តេជោ ហ៊ុន សែន , សារជូនជនរួមជាតិ ស្ដីពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងផលប៉ះពាល់ ពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (ខូវីដ-១៩) និងការព្យួរEBA, ២៤ កុម្ភៈ ២០២០