គ.ជ.ប អំពាវនាវឲ្យពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ទៅពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់ខ្លួនតាមឃុំ-សង្កាត់ ឬតាម www.voterlist.org.kh ចាប់ពីថ្ងៃទី១៤-២៤ ខែធ្នូ!

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឲ្យពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោត​រួចហើយ សូមទៅពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់ខ្លួន នៅលើបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុប​ចេញពីបញ្ជីបោះឆ្នោត ដែលត្រូវបិទផ្សាយនៅសាលាឃុំ សង្កាត់ និងទីតាំងណាមួយក្នុងឃុំ សង្កាត់ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។ គ.ជ.ប បានបញ្ជាក់ថា ប្រសិនបើពលរដ្ឋខកខានមិនបាន ទៅពិនិត្យឈ្មោះដោយផ្ទាល់ លើបញ្ជីដែលត្រូវបិទផ្សាយនៅសាលាឃុំ សង្កាត់ទេនោះ ពលរដ្ឋអាចពិនិត្យមើលឈ្មោះរបស់ខ្លួនឯង នៅលើគេហទំព័រ www.voterlist.org.kh ក៏បាន។ បើតាម គ.ជ.ប ការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ រយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ មានអ្នកចុះឈ្មោះសរុបចំនួន៥៣៦,៦៧៤នាក់។ ចំនួនឈ្មោះអ្នកបោះឆ្នោត ដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតមាន ចំនួន២១,៦៧១នាក់ និងប្រជាពលរដ្ឋដែលស្នើសុំធ្វើការកែតម្រូវឈ្មោះ និងទិន្នន័យមានចំនួន៥,៥៧២នាក់។ សរុបជាលទ្ធផលបណ្ដោះអាសន្ន អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ សរុមមានចំនួន៨,៣៨០,២៤០​នាក់ ស្មើនឹង៨៤,៨០% បើធៀបទៅនឹងចំនួនប៉ាន់ស្មាន អ្នកមានអាយុចាប់ពី១៨ឆ្នាំឡើង មានចំនួន៩,៨៨២,៧៤៦នាក់។ ជាមួយគ្នានេះ គ.ជ.ប ចាត់ទុកថា លទ្ធផលនៃការចុះឈ្មោះបោះឆ្នោតនេះ មានអត្រាខ្ពស់ល្អបង្គួរបើធៀបទៅនឹងបណ្ដាប្រទេសជាច្រើនលើពិភពលោក ដែលប្រើប្រព័ន្ធ​ចុះឈ្មោះបោះឆ្នោតដូចគ្នា៕

គ.ជ.ប បង្ហាញបញ្ជីឈ្មោះបេក្ខជនតំណាងរាស្រ្តមកពីគណបក្សនានា ដែលនឹងទៅកាន់អាសនៈទំនេរ នៅរដ្ឋសភា

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជូនបញ្ជីឈ្មោះលើកទី១ នៃបេក្ខជនតំណាងរាស្រ្តមកពីគណបក្សនានា ទៅកាន់រដ្ឋសភារួចហើយ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដើម្បីកាន់អាសនៈដែលទំនេរនៅក្នុងរដ្ឋសភា។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលត្រូវទទួលបាន៦អាសនៈ និងគណបក្សខ្មែរឈប់ក្រ ដែលត្រូវទទួលបាន៥អាសនៈពីការបែងចែកនេះ បានប្រកាសមិនទទួលយកចំណែកអាសនៈនេះទេ។ ដោយឡែកគ.ជ.ប កំពុងតែបន្តនីតិវិធីបែកចែកអាសនៈទំនេរ ដែលសល់ពីគណបក្សទាំងពីរនេះ ទៅឱ្យគណបក្សផ្សេងៗ៤ទៀត ដែលទទួលយក។ ខាងក្រោមនេះ ជាបញ្ជីឈ្មោះបេក្ខជនតំណាងរាស្រ្ត៤៤រូប មកពីគណបក្សចំនួន៣ ដែលយល់ព្រមទទួលយកអាសនៈទំនេរក្នុងរដ្ឋសភា ក្នុងនោះមា​ន៖ ១. គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៤១អាសនៈ ។ ២. គណបក្សសញ្ជាតិកម្ពុជាទទួលបាន ២អាសនៈ ។ ៣. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១អាសនៈ ។

ក្រុមហ៊ុនដ៏ធំមួយរបស់អាមេរិក​ អរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានជួយឲ្យការរកស៊ីរបស់ខ្លួននៅកម្ពុជាមានការរីកចម្រើន

FN ៖ លោក ចន រ៉ាយ (Jonh E. Rice) អនុប្រធានក្រុមហ៊ុន GE ជាក្រុមហ៊ុនដ៏ធំមួយរបស់អាមេរិក បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងគាំទ្រ និងជំរុញឲ្យការរកស៊ីរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។ លោក ចន រ៉ាយ បានថ្លែងបែបនេះ ក្នុងពេលរូបលោកត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួននៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ ជំនួបនាព្រឹកនេះ គឺជាជំនួបលើកទី៥ហើយ រវាងរូបលោក ជាមួយសម្តេចតេជោ ហ៊ុន សែន។ លោក Jonh E. Rice បានជំរាបសម្តេចតេជោ ហ៊ុន សែន ថាបច្ចុប្បន្នក្រុមហ៊ុន GE មានគម្រោងលើវិស័យសំខាន់ៗចំនួន២ គឺវិស័យអគ្គិសនី និងវិស័យសុខាភិបាលដែលទាក់ទងនឹងឧបករណ៍ពេទ្យ ដែលកន្លងមកត្រូវបានប្រើក្នុងមន្ទីរពេទ្យជាច្រើនមកហើយ។ បើតាមលោក Jonh E. Rice បានឲ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន…