FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឲ្យពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមទៅពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់ខ្លួន នៅលើបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដែលត្រូវបិទផ្សាយនៅសាលាឃុំ សង្កាត់ និងទីតាំងណាមួយក្នុងឃុំ សង្កាត់ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។ គ.ជ.ប បានបញ្ជាក់ថា ប្រសិនបើពលរដ្ឋខកខានមិនបាន ទៅពិនិត្យឈ្មោះដោយផ្ទាល់ លើបញ្ជីដែលត្រូវបិទផ្សាយនៅសាលាឃុំ សង្កាត់ទេនោះ ពលរដ្ឋអាចពិនិត្យមើលឈ្មោះរបស់ខ្លួនឯង នៅលើគេហទំព័រ www.voterlist.org.kh ក៏បាន។ បើតាម គ.ជ.ប ការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ រយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ មានអ្នកចុះឈ្មោះសរុបចំនួន៥៣៦,៦៧៤នាក់។ ចំនួនឈ្មោះអ្នកបោះឆ្នោត ដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតមាន ចំនួន២១,៦៧១នាក់ និងប្រជាពលរដ្ឋដែលស្នើសុំធ្វើការកែតម្រូវឈ្មោះ និងទិន្នន័យមានចំនួន៥,៥៧២នាក់។ សរុបជាលទ្ធផលបណ្ដោះអាសន្ន អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ សរុមមានចំនួន៨,៣៨០,២៤០នាក់ ស្មើនឹង៨៤,៨០% បើធៀបទៅនឹងចំនួនប៉ាន់ស្មាន អ្នកមានអាយុចាប់ពី១៨ឆ្នាំឡើង
មានចំនួន៩,៨៨២,៧៤៦នាក់។
ជាមួយគ្នានេះ គ.ជ.ប ចាត់ទុកថា លទ្ធផលនៃការចុះឈ្មោះបោះឆ្នោតនេះ មានអត្រាខ្ពស់ល្អបង្គួរបើធៀបទៅនឹងបណ្ដាប្រទេសជាច្រើនលើពិភពលោក ដែលប្រើប្រព័ន្ធចុះឈ្មោះបោះឆ្នោតដូចគ្នា៕