កម្ពុជា-ILO នឹងសិក្សាលើចំណុចវិជ្ជមាន និងអវិជ្ជមាន ដើម្បីធានាការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារឲ្យមាននិរន្តរភាព

FN ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមនិងអង្គការអន្តរជាតិខាងការងារ (ILO) បានឯកភាពគ្នាថា នឹងសិក្សាពីភាពវិជ្ជមាន និងអវិជ្ជមានទៅលើជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ដើម្បីធានាថាការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារមាននិរន្តរភាព។ ផែនការនេះ ត្រូវបានបញ្ជាក់ឡើងក្នុងជំនួបរវាងលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ជាមួយក្រុមការងារវាយតម្លៃការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ របស់អង្គការ ILO ដែលដឹកនាំដោយលោក Theo Van Der loop ដើម្បីវាយតម្លៃទៅលើការអនុវត្តគោលនយោបាយខាងលើ នៅទីស្តីការក្រសួងការងារ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។ នៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា តាមរយៈការវាយតម្លៃនេះ អង្គការអន្តរជាតិខាងការងារ នឹងរកឲ្យឃើញថា តើតម្រូវការអ្វីខ្លះដែលជាការចាំបាច់ក្នុងការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារសម្រាប់យុវជននៅកម្ពុជា ហើយតាមរយៈការវាយតម្លៃនេះដែរ ការអនុវត្តនឹងមានលទ្ធផលជាផ្លែផ្កា នឹងត្រូវបានពង្រីកឡើងថែមទៀត។ លោករដ្ឋមន្រ្តីបានបង្ហាញពីបំណងដែលកម្ពុជាចង់បានពីគោលនយោបាយនេះ ឲ្យមានវឌ្ឍនភាពសម្រាប់អនុវត្តនៅថ្ងៃខាងមុខ បង្ហាញពីលទ្ធផលផ្លែផ្កា ដែលនេះជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងជំនួបនោះ លោក Theo Van Der loop បានលើកឡើងថា…

ជប៉ុន​ផ្ដល់ប្រាក់ប្រមាណ៧លានដុល្លារ​ដល់កម្ពុជា សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម, ស្អែកនេះទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុន នឹងចុះហត្ថលេខា

FN ៖ ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិអន្ដរជាតិ និងលោក ហូរីណូអ៊ូ​ជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ​នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ស្អែកនេះ នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន៨០០​លានយ៉េន (ប្រមាណ​៧​លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ បើតាមសេចក្ដីជូនដំណឹង នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ហិបឆ្នោត ព្រមទាំងសម្ភារចាំបាច់ដទៃទៀត ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់ការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅ ខែ​កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។ ជំនួយជាបន្តបន្ទាប់របស់ប្រទេសជប៉ុនដល់កម្ពុជា និយាយជារួម និងដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និយាយដោយឡែក បង្ហាញពីការតាំងចិត្តរបស់ជប៉ុន ក្នុងការជួយដល់ប្រទេសកម្ពុជា ដើម្បីសម្រេចឲ្យបាននូវការរីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចិរភាព៕

CDC ប្រឹងប្រែងទាក់ទាញវិនិយោគជប៉ុន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឲ្យកាន់តែច្រើន ខណៈត្រឹមឆ្នាំ២០១៧ ទុនវិនិយោគជប៉ុននៅកម្ពុជាកើនដល់១.៦ប៊ីលានដុល្លារ

FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការទាក់ទាញវិនិយោគិនជប៉ុន ឲ្យមកវិនិយោគនៅកម្ពុជា ឲ្យកាន់តែច្រើនឡើងថែមទៀត ខណៈគិតត្រឹមឆ្នាំ២០១៧ ជប៉ុនមានវិនិយោគនៅកម្ពុជា ១៣០គ្រោងមានទុនវិនិយោគ ១.៦ប៊ីលានដុល្លារអាមេរិក។ ជាក់ស្តែងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសណ្ឋាគារ Imperial Hotel នៅទីក្រុងតូក្យូ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសហការជាមួយនឹងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងស្ថានទូតនៃកម្ពុជា ប្រចាំទីក្រុងតូក្យូ បានរៀបចំសិក្ខាសាលា ស្តីពីការវិនិយោគនៅកម្ពុជា ក្នុងគោលបំណងទាក់ទាញការវិនិយោគ ពីសំណាក់វិនិយោគិនជប៉ុន មកកម្ពុជាបន្ថែមទៀត។ សិក្ខាសាលានេះ មានការចូលរួមពីសំណាក់វិនិយោគិន ជប៉ុនដែលមានបំណង់ចង់វិនិយោគនៅកម្ពុជាចំនួនប្រមាណ២៨០នាក់។ គួរបញ្ជាក់ថាជារៀងរាល់ឆ្នាំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតែងតែរៀបចំសិក្ខាសាលា ស្តីពីការវិនិយោគនៅទីក្រុងនានានៃប្រទេសជប៉ុន ដោយឆ្នាំនេះមានការរៀបចំសិក្ខាសាលានេះ នៅទីក្រុងតូក្យូ និងទីក្រុងសេនដាយ (Sendai)។ គិតមកត្រឹមឆ្នាំ២០១៧ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុន ចំនួន ១៣០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ១,៦ប៊ីលានដុល្លារអាមេរិក ក្នុងវិស័យមួយចំនួន រួមមាន ធនាគារ ឧស្សាហកម្ម កសិ-ឧស្សាហកម្ម សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ជាដើម។…