FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការទាក់ទាញវិនិយោគិនជប៉ុន ឲ្យមកវិនិយោគនៅកម្ពុជា ឲ្យកាន់តែច្រើនឡើងថែមទៀត ខណៈគិតត្រឹមឆ្នាំ២០១៧ ជប៉ុនមានវិនិយោគនៅកម្ពុជា ១៣០គ្រោងមានទុនវិនិយោគ ១.៦ប៊ីលានដុល្លារអាមេរិក។
ជាក់ស្តែងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសណ្ឋាគារ Imperial Hotel នៅទីក្រុងតូក្យូ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសហការជាមួយនឹងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងស្ថានទូតនៃកម្ពុជា ប្រចាំទីក្រុងតូក្យូ បានរៀបចំសិក្ខាសាលា ស្តីពីការវិនិយោគនៅកម្ពុជា ក្នុងគោលបំណងទាក់ទាញការវិនិយោគ ពីសំណាក់វិនិយោគិនជប៉ុន មកកម្ពុជាបន្ថែមទៀត។
សិក្ខាសាលានេះ មានការចូលរួមពីសំណាក់វិនិយោគិន ជប៉ុនដែលមានបំណង់ចង់វិនិយោគនៅកម្ពុជាចំនួនប្រមាណ២៨០នាក់។
គួរបញ្ជាក់ថាជារៀងរាល់ឆ្នាំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតែងតែរៀបចំសិក្ខាសាលា ស្តីពីការវិនិយោគនៅទីក្រុងនានានៃប្រទេសជប៉ុន ដោយឆ្នាំនេះមានការរៀបចំសិក្ខាសាលានេះ នៅទីក្រុងតូក្យូ និងទីក្រុងសេនដាយ (Sendai)។
គិតមកត្រឹមឆ្នាំ២០១៧ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុន ចំនួន ១៣០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ១,៦ប៊ីលានដុល្លារអាមេរិក ក្នុងវិស័យមួយចំនួន រួមមាន ធនាគារ ឧស្សាហកម្ម កសិ-ឧស្សាហកម្ម សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ជាដើម។
សម្រាប់ក្នុងឆ្នាំ២០១៧កន្លងទៅនេះ មានគម្រោងវិនិយោគជប៉ុនចំនួន៩ ក្នុងទុនវិនិយោគសរុបប្រមាណ៦៣លានដុល្លារអាមេរិក ក្នុងនោះមានគម្រោងវិនិយោគចំនួន៨ បានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគប្រមាណ ៥៩លានដុល្លារអាមេរិក៕