សេចក្តីដកស្រង់ប្រសាសន៍សម្ដេចតេជោ អភិសេករូបសំណាកព្រះថោងនាងនាគ ក្រុងព្រះសីហនុ

រូបបដិមាព្រះថោងនាងនាគនិងសិង្ហ ជាការយកចិត្តទុក​ដាក់ដល់ការកើតឡើងទឹកដី ក៏ដូចខេត្តព្រះសីហនុ ខ្ញុំព្រះករុណាខ្ញុំ​ ​សូមក្រាបថ្វាយបង្គំ សម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គជាទីសក្ការៈ។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ​ជាទីគោរពស្រលាញ់។​ ថ្ងៃនេះ ត្រូវនឹងថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២២ ហើយក៏ត្រូវជាថ្ងៃទី ៣ នៃថ្ងៃចូលឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ហើយក៏ជាថ្ងៃវារៈឡើងស័ក នៃពិធីចូលឆ្នាំ​ផងដែរ។ ថ្ងៃនេះ យើងធ្វើពិធីអភិសេករូបបដិមាព្រះថោងនាងនាគ ឬហៅថា រូបសំណាក ឬហៅថា ព្រះបរមរូបព្រះថោងនាងនាគ នៅទីនេះ។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងក្រុមការងារ ក៏ដូចជាវិស្វករ និងអ្នកបច្ចេកទេសរបស់យើង ដែលបានគិតគូរយ៉ាងល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ដើម្បីរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ រូបសំណាកនានា ដែលតំណាងឱ្យទឹកដីនៃខេត្តព្រះសីហនុផង ក៏ដូចជាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ វាមិនមែនជាការគាប់ជួន និងជាការចៃដន្យទេ អ្វីដែលបានកើតឡើងក្នុងការការអភិវឌ្ឍតំបន់ឆ្នេរនៅទីនេះគឺសុទ្ធតែកើតចេញពីការគិតគូរយ៉ាងហ្មត់ចត់ពីថ្នាក់ដឹកនាំ ក្រុមការងារដែលបានធ្វើនៅទីនេះ ហើយដែលទីក្រុងនេះជាទីក្រុងដែលផ្សារភ្ជាប់ដោយអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ…

ដកស្រង់ប្រសាសន៍ថ្លែងសារពិសេសប្រកាសអនុញ្ញាតឲ្យរៀបចំអាពាហ៍ពិពាហ៍ ឬកម្មវិធីសាសនា ដោយមិនកំណត់ចំនួនមនុស្ស

ក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គជាទីគោរពសក្ការៈ, គណៈចាងហ្វាងនៃសាសនាឥស្លាម ថ្នាក់ដឹកនាំនៃសាសនាគ្រឹស្ត និងសាសនាដទៃទៀតដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសុំជម្រាបជូនបងប្អូនជនរួមជាតិជាទីគោរពឲ្យបានជ្រាប! (១)យកទំហំទីតាំងធំ ឬតូច ដើម្បីកំណត់ចំនួនមនុស្សចូលរួមពិធីអាពាហ៍ពិពាហ៍ បូកវិធានការសុខាភិបាល បន្ទាប់ពីការពិនិត្យឡើងវិញ ហើយដែលបានពិភាក្សាជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ខ្ញុំព្រះករុណាខ្ញុំ សុំធ្វើការណែនាំទៅដល់គ្រប់ស្ថាប័ន គ្រប់អាជ្ញាធរដែនដី ក៏ដូចជាចំពោះប្រជាពលរដ្ឋកម្ពុជាយើង មានចំណុច ២ សំខាន់។ ទី ១ កាលពីប៉ុន្មានថ្ងៃមុននោះ ខ្ញុំព្រះករុណាខ្ញុំបានប្រកាសថា ឲ្យរៀបចំអាពាហ៍ពិពាហ៍ដោយកំណត់មនុស្សយ៉ាងច្រើន ២០០ នាក់ ដោយមិនគិតអ្នកផ្តល់សេវា។ ប៉ុន្តែក្រោយពីការពិនិត្យ បើការកំណត់បែបនេះគឺមិនសមស្របនោះទេ គឺយើងយកស្តង់ដានៃការអនុវត្តតាមវិធានសុខាភិបាល។ ឧទាហរណ៍ គម្លាតដែលត្រូវដាក់មួយតុចំនួន ៧ នាក់ ប្រសិនបើមានទីតាំងធំ អ្នកម្ចាស់ដើមការអាចអញ្ជើញភ្ញៀវទៅតាមចំនួនដែលអាចធ្វើធំបាន។ គេអាចអញ្ជើញ ៥០០ នាក់ ៧០០ នាក់ ឬដូច ១.០០០ នាក់។ ប៉ុន្តែត្រូវតែធានាចាំបាច់នូវការរក្សានូវគម្លាតទៅតាមតុដែលត្រូវបានរៀបចំ។ ទីកន្លែងធ្វើពិធីទៀតសោត គ្នាតិច ឬគ្នាច្រើន ក៏អាស្រ័យទៅលើការរក្សាគម្លាត ដែលអាចធ្វើទៅបាន តាមវិធានការសុខាភិបាល ព្រោះបើសិនយើងកំណត់ ២០០ នាក់ស្មើៗគ្នា…

សុន្ទរកថា ក្នុងពិធីមីទ្ទីង អបអរសាទរខួបទី ១០៩ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២០

សម្តេច ឯកឧត្តម លោកជំទាវ អ្នកអង្គម្ចាស់ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ក្មួយៗនិស្សិត និងក្មួយៗកម្មការិនី ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំ និងភរិយាមានសេចក្តីរីករាយដោយបានមក ចូលរួមមីទ្ទីងអបអរសាទរខួបទី ១០៩ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២០ ក្រោមប្រធានបទ «មានសន្ដិភាព មានការលើកកម្ពស់សមភាពយេនឌ័រ » ដែលរាជរដ្ឋាភិបាលបានគាំទ្រ និងសម្រេចជ្រើសរើសក្នុងគោលបំណងបង្ហាញអំពីតម្លៃ នៃសុខសន្តិភាព ដែលរកបានដោយលំបាកជាមួយនឹងបាវចនា « អរគុណសន្តិភាព » ដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យជាមួយនឹងជីវភាពរស់នៅកាន់តែល្អប្រសើរ ជាពិសេស សមភាពយេនឌ័រត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់គួរជាទីមោទនៈ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានៅទូទាំងប្រទេស ទូលព្រះបង្គំខ្ញុំ និងភរិយា សូមសម្តែងគារវភក្តីភាព និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្តេចព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេតែងតែយកចិត្តទុកដាក់ អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់កូនចៅព្រះអង្គ ពិសេសការលើកកម្ពស់សមភាពយេនឌ័ររបស់ស្ត្រី និងក្មេងស្រីកម្ពុជា។ ទូលព្រះបង្គំខ្ញុំ និងភរិយា…