សុន្ទរកថា ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួន ៦០ ម៉ឺនដូស ជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារជាតិចិន

ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយឥតឧបមាដោយបានមកចូលរួមដោយផ្ទាល់ ក្នុងឋានៈជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជានៅក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួន ៦០ ម៉ឺនដូស ជាជំហានទី ១ ក្នុងចំណោម ១ លានដូស ដែលជាជំនួយដ៏សប្បុរសពីសំណាក់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារជាតិ ចិនជូនដល់ក្រសួងការពារជាតិកម្ពុជាសម្រាប់ការប្រើប្រាស់ជាបន្ទាន់ ជូនដល់កងទ័ព និងប្រជាជនកម្ពុជា។ សុភាសិតខ្មែរពោលថា «មិត្តល្អជួយគ្នាក្នុងគ្រាក្រ» ។ ក្នុងន័យនេះ ជំនួយវ៉ាក់សាំងនេះគឺពិតជាសក្ខីភាពថ្មីដ៏សំខាន់មួយទៀត ដែលឆ្លុះបញ្ចាំងអំពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-ចិននៅក្នុងក្របខណ្ឌ នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមគ្នា។ ទោះបីជាមកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការប្រកបដោយប្រសិទ្ធភាព ក្នុងការគ្រប់គ្រងសភាពការណ៍នៃជំងឺឆ្លងកូវីដ-១៩ ដោយទប់ស្កាត់បាន មិនឲ្យមានការរាលដាលក្នុងសហគមន៍ជាទ្រង់ទ្រាយធំ និងមិនឲ្យមានករណីបាត់បង់អាយុជីវិតរបស់ប្រជាជនដោយសារជំងឺឆ្លងដ៏កាចសាហាវនេះក្តី ក៏យើងមានការយល់ដឹងយ៉ាងច្បាស់ថា វ៉ាក់សាំងគឺជាតម្រូវការជាយុទ្ធសាស្រ្តដ៏សំខាន់មួយរបស់កម្ពុជានៅក្នុងការប្រយុទ្ធប្រឆាំង និងការឈានទៅយកឈ្នះលើជំងឺកូវីដ-១៩។ ទោះបីវ៉ាក់សាំងមិនមែនជាដំណោះស្រាយមាសតែមួយគត់សម្រាប់យកឈ្នះលើជំងឺកូវីដ-១៩ ដែលចាំបាច់ត្រូវអនុវត្តរួមគ្នាជាមួយនឹងវិធានការបង្ការ និងការពារដទៃទៀតក្តី ប៉ុន្តែ…