- ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា
- សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ !
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយឥតឧបមាដោយបានមកចូលរួមដោយផ្ទាល់ ក្នុងឋានៈជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជានៅក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួន ៦០ ម៉ឺនដូស ជាជំហានទី ១ ក្នុងចំណោម ១ លានដូស ដែលជាជំនួយដ៏សប្បុរសពីសំណាក់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារជាតិ ចិនជូនដល់ក្រសួងការពារជាតិកម្ពុជាសម្រាប់ការប្រើប្រាស់ជាបន្ទាន់ ជូនដល់កងទ័ព និងប្រជាជនកម្ពុជា។ សុភាសិតខ្មែរពោលថា «មិត្តល្អជួយគ្នាក្នុងគ្រាក្រ» ។ ក្នុងន័យនេះ ជំនួយវ៉ាក់សាំងនេះគឺពិតជាសក្ខីភាពថ្មីដ៏សំខាន់មួយទៀត ដែលឆ្លុះបញ្ចាំងអំពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-ចិននៅក្នុងក្របខណ្ឌ នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមគ្នា។
ទោះបីជាមកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការប្រកបដោយប្រសិទ្ធភាព ក្នុងការគ្រប់គ្រងសភាពការណ៍នៃជំងឺឆ្លងកូវីដ-១៩ ដោយទប់ស្កាត់បាន មិនឲ្យមានការរាលដាលក្នុងសហគមន៍ជាទ្រង់ទ្រាយធំ និងមិនឲ្យមានករណីបាត់បង់អាយុជីវិតរបស់ប្រជាជនដោយសារជំងឺឆ្លងដ៏កាចសាហាវនេះក្តី ក៏យើងមានការយល់ដឹងយ៉ាងច្បាស់ថា វ៉ាក់សាំងគឺជាតម្រូវការជាយុទ្ធសាស្រ្តដ៏សំខាន់មួយរបស់កម្ពុជានៅក្នុងការប្រយុទ្ធប្រឆាំង និងការឈានទៅយកឈ្នះលើជំងឺកូវីដ-១៩។ ទោះបីវ៉ាក់សាំងមិនមែនជាដំណោះស្រាយមាសតែមួយគត់សម្រាប់យកឈ្នះលើជំងឺកូវីដ-១៩ ដែលចាំបាច់ត្រូវអនុវត្តរួមគ្នាជាមួយនឹងវិធានការបង្ការ និងការពារដទៃទៀតក្តី ប៉ុន្តែ វ៉ាក់សាំង គឺជាដំណោះស្រាយគន្លឹះជាយុទ្ធសាស្រ្តមួយសម្រាប់ធានាការពារអាយុជីវិតប្រជាជននៅក្នុងពេលចំពោះមុខ និងសម្រាប់លើកកម្ពស់សុខភាពសាធារណៈក្នុងរយៈពេលវែងទៅមុខ ពិសេស សម្រាប់ការធានាឲ្យសកម្មភាពសង្គម-សេដ្ឋកិច្ចអាចដំណើរការពេញលេញឡើងវិញ ដែលនឹងជំរុញលើកស្ទួយនូវការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច និងការកែលម្អជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេស។ នៅក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងសុខាភិបាលជាសេនាធិការដឹកនាំសម្របសម្រួលខាងបច្ចេកទេស បានសហការជាមួយនឹងដៃគូពាក់ព័ន្ធ រៀបចំរួចស្រេចបាច់នូវយុទ្ធសាស្រ្តវ៉ាក់សាំងកូវីដ-១៩ ដែលរួមបញ្ចូលនូវ ផែនការជាតិចាក់វ៉ាក់សាំងកូវីដ–១៩ និង គោលការណ៍ណែនាំប្រតិបត្តិសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ–១៩ ព្រមទាំងយន្តការចាំបាច់សម្រាប់អនុវត្តកិច្ចការនេះ។
រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូលពិតជាមានការដឹងគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់នូវជំនួយវ៉ាក់សាំងចំនួន ៦០ ម៉ឺនដូស ជាជំហានទី ១ ក្នុងចំណោម ១ លានដូស តាមរយៈក្រសួងការពារជាតិចិនជូនដល់កងទ័ព និងប្រជាជនកម្ពុជានាពេលនេះ។ ខ្ញុំសូមគូសបញ្ជាក់ជាថ្មីម្តងទៀតថា វ៉ាក់សាំង Sinopharm របស់មិត្តចិន ដែលត្រូវបានផ្តល់មកកម្ពុជានេះ គឺជាប្រភេទវ៉ាក់សាំងដែលត្រូវបានទទួលស្គាល់ថាជាវ៉ាក់សាំងមួយដែលមានសុវត្ថិភាព និងប្រសិទ្ធភាព និងត្រូវបានបញ្ជាទិញ ព្រមទាំងអនុម័តឲ្យប្រើប្រាស់ដោយប្រទេសជាច្រើននៅក្នុងតំបន់ និងលើសកលលោក។ ជាមួយនឹងវ៉ាក់សាំងនេះ មិត្តចិនក៏បានផ្តល់ភ្ជាប់មកផងដែរ នូវជំនួយបច្ចេកទេសសម្រាប់គ្រប់គ្រងការបែងចែក ការចាក់វ៉ាក់សាំង និងការតាមដានត្រួតពិនិត្យសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង។ រាជរដ្ឋាភិបាលរំពឹងថា បន្ទាប់ពីជំនួយជាកញ្ចប់ទាំងវ៉ាក់សាំង ទាំងជំនួយបច្ចេកទេសជាជំហានទីមួយនេះ មិត្តចិននឹងបន្តរួមចំណែកយ៉ាងសកម្មជាមួយនឹងដៃគូសំខាន់ៗទាំងឡាយរបស់យើង រួមមានមជ្ឈមណ្ឌល កូវ៉ាក់ (COVAX), អូស្រ្តាលី ព្រមទាំងដៃគូ និងតួអង្គពាក់ព័ន្ធផ្សេងទៀត ក្នុងការឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់កម្ពុជា ដើម្បីសម្រេចបាននូវ ផែនការជាតិចាក់វ៉ាក់សាំងកូវីដ–១៩។
មុននឹងបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមរំលឹកដល់គ្រប់ក្រសួង-ស្ថាប័នដែលមានការពាក់ព័ន្ធ ទាំងអស់ឲ្យបន្តបង្កើន និងពង្រឹងកិច្ចប្រឹងប្រែងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីការពារសុវត្ថិភាព និងសុខមាលភាពរបស់ប្រជាជនយើងនៅគ្រប់ទិសទី។ ជាមួយគ្នានេះ ខ្ញុំក៏សូមអំពាវនាវដល់ប្រជាជនកម្ពុជាគ្រប់រូប សូមគោរព និងប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ដើម្បីការពារសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាសុខមាលភាពរបស់ក្រុមគ្រួសារ របស់សហគមន៍ និងរបស់សង្គមជាតិយើងទាំងមូល។
នៅចុងបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណជាថ្មីម្តងទៀតជូនដល់រដ្ឋាភិបាល និងប្រជាជនចិនចំពោះជំនួយវ៉ាក់សាំងចំនួន ១ លានដូស តាមរយៈក្រសួងការពារជាតិចិនជូនដល់កងទ័ព និងប្រជាជនកម្ពុជា។ ក្នុងឱកាសចូលឆ្នាំចិន ដែលឈានចូលមកដល់ក្នុងពេលដ៏ឆាប់ខាងមុខនេះ ខ្ញុំសូមតាមនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាជូនពរដល់ប្រជាជនចិន សូមទទួលបានជោគជ័យនៅក្នុងរាល់ការងារ និងវិបុលភាពចម្រើនរុងរឿង។ កុងស៊ីហ្វាឆាយ៕