សារសម្លេងសម្ដេចតេជោ ហ៊ុន សែន បកស្រាយបញ្ហាសំបុត្រចូលទស្សនាការបើក/បិទ និងការចូលទស្សនាការប្រកួតកីឡា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! នៅសល់តែ ២ ថ្ងៃទៀតទេ ស៊ីហ្គេមនឹងចាប់ផ្តើមជាផ្លូវការ។ ប៉ុន្តែ មុនស៊ីហ្គេមបើកប្រកាសជាផ្លូវការ ក៏មានការប្រកួតមួយចំនួន ជាពិសេស គឺកីឡាបាល់ទាត់ និងវិញ្ញាសាខ្លះទៀតបាននិងកំពុងប្រកួតរួចមកហើយ។ បញ្ហាទាក់ទងនឹងសំបុត្រចូលមើល ចូលរួមបើក ចូលរួមបិទ និងការចូលមើលកីឡាបាល់ទាត់ បានក្លាយទៅជាប្រធានបទនៃការវែកញែក។ ក្នុងចំណុចនេះ អនុញ្ញាតឲ្យខ្ញុំយកឱកាសនេះ សុំការអធ្យាស្រ័យពីសំណាក់បងប្អូនជនរួមជាតិជាទីស្រឡាញ់ ព្រោះបញ្ហានេះ វាជាកត្តាសត្យានុម័តដែលយើងមិនអាចដោះស្រាយបាន ដោយសារតែស្តាដយើងជាស្តាដចាស់ អាចទទួលបានក្នុងកម្រិត ៣-៤ ម៉ឺននាក់ ក្នុងពេលដែលមនុស្សចង់ចូលមើលជាង ៣០ ម៉ឺននាក់ ឬ ៥០ ម៉ឺននាក់ឯណោះ។ ស្តាដថ្មីដែលនឹងត្រូវធ្វើពិធីបើក និងពិធីបិទ ដាក់ត្រឹមចំណុះ ៦ ម៉ឺន ឬ ៧ ម៉ឺននាក់ ក៏ប៉ុន្តែ មនុស្សមើល គឺឈានដល់កម្រិតអ្នកដែលចង់ចូលកន្លះលាននាក់។ ដូច្នេះអ្នកដែលបានទទួល(សំបុត្រ)ពិតជាសប្បាយរីករាយ អ្នកដែលមិនបានទទួល គឺពិបាកចិត្ត ហើយពេលខ្លះក៏មានការរិះគន់តាមរយៈហ្វេសប៊ុក មកលើអ្នកចាត់ការ។ ក៏ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ សុំបញ្ជាក់ថា យើងគ្មានជម្រើសឲ្យល្អជាងនេះទៀតទេ។ យើងទីធ្លាមានត្រឹមប៉ុណ្ណឹង កន្លែងយើងតូច ប៉ុន្តែមនុស្សចង់ចូលមើល គឺច្រើន។ ……

សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា មុនចូលរួមប្រកួតស៊ីហ្គេមលើកទី ៣២ នៅព្រះរាជាណាចក្រកម្ពុជា

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកគ្រូ អ្នកគ្រូគ្រូបង្ហាត់ទាំងអស់ ក្មួយៗ កូនៗ ចៅៗ ជាកីឡាករ/ការិនី ដែលបានមកជួបជុំគ្នានៅថ្ងៃនេះ! (១) វិមានសន្តិភាព មិនមែនសាងសង់សំរាប់តែ ហ៊ុន សែន ទេ នេះជាវិមានសន្តិភាពដែលកសាងឡើងសម្រាប់ការជួបជុំកម្រិតខ្ពស់។ កីឡាករ/ការិនី ថ្ងៃនេះក៏មកជួបជុំគ្នានៅទីនេះ ហើយក៏ជាពិធីជូនដំណើរសម្រាប់កីឡាករ/ការិនី ក៏ដូចជាគ្រូបង្វឹករបស់យើងទៅកាន់ការប្រកួត។ នេះ មិន​មែនជាការជូនដំណើរឆ្លងកាត់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសក្រៅទេ តែជាការជូនដំណើរកូនៗ ចៅៗ នៅវិមានសន្តិភាព ទៅធ្វើការប្រកួត។ ដូចអ្នកទាំងអស់គ្នាបានឃើញថា ​​វិមានសន្តិភាពខ្លះបានស្គាល់ ខ្លះក៏មិនទាន់បានស្គាល់។ ការកសាងវិមានសន្តិភាពនេះ មិនមែនសំរាប់តែ ហ៊ុន សែន អង្គុយទេ។ ខ្ញុំគ្មាន ១០ឆ្នាំ ៥ដងទៀតទេ។ ខ្ញុំមានយ៉ាងច្រើន ១០ឆ្នាំ ៣ដង ក៏មិនមែនជា ១០ឆ្នាំ ៣ដង​ សម្រាប់ធ្វើនាយករដ្ឋមន្ត្រីទេ។ ខ្លះគេថាខ្ញុំអាចមានលទ្ធភាពមានជីវិតរហូតទៅដល់ ៩៩ឆ្នាំ។ (២) ព្រឹកជួបកម្មករនៅកំពង់ផែព្រះសីហនុ រសៀលជួបកីឡាករ/កីឡាការិនី នៅភ្នំពេញ ព្រឹកមិញនៅខេត្តព្រះសីហនុ ល្ងាចនេះយើងមកជួបជុំគ្នានៅទីនេះ។…

សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រខេត្តព្រះសីហនុ និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងជប៉ុន

ឯកឧត្តម Ueno Atsushi អគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កម្មករ កម្មការិនី ដែលបានចូលរួមនៅក្នុងឱកាសនេះ​! ប្រារព្ធពិធី ៣ រួមគ្នា ថ្ងៃនេះ យើងប្រារព្ធនូវពិធី ៣ រួមគ្នា។ ទី១ គឺការអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៧ នៃទិវាពលកម្មអន្តរជាតិ ទី២ ពិធីបើកការដ្ឋានសាងសង់ចំណតកំពង់ផែកុងតៃន័រ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងទី៣ គឺខួបអនុស្សាវរីយ៍លើកទី ៧០​ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។ (១) នាវា Westerdam ត្រឡប់ចូលមកកម្ពុជាធ្វើស្លាកប្រវត្តិសាស្ត្រអំពីកាយវិការមនុស្សធម៌របស់កម្ពុជា អនុញ្ញាតឱ្យខ្ញុំបានរំលឹកបន្ដិចថា កាលពីជាង ៣ ឆ្នាំមុន អ្នកទាំងអស់គ្នានៅទីនេះ ពិតជាបានដឹងហើយថា កំ​ពង់ផែក្រុងព្រះសីហនុរបស់យើងបានធ្វើកិច្ចការដ៏សំខាន់មួយ គឺការសង្រ្គោះនាវា Westerdam ដែលមានមនុស្សរាប់ពាន់នាក់ ឱ្យពួកគេមានសុវត្ថិភាព​បានវិលត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួន។ នេះជាកាយវិការមនុស្សធម៌មួយរបស់កម្ពុជា។ ខ្ញុំបានឮថា នៅខែធ្នូឆ្នាំនេះ នាវា Westerdam នឹងវិលត្រឡប់មកកាន់កម្ពុជា ជាមួយនឹងការគ្រោងទុករបស់កំពង់ផែ ដើម្បីនឹងធ្វើផ្លាកសញ្ញាមួយជាប្រវត្តិសាស្រ្ត បង្ហាញអំពីការយកចិត្តទុកដាក់របស់កម្ពុជាទៅលើសិទ្ធិរស់រានមានជីវិតរបស់មនុស្សលោក មិនមែនគ្រាន់តែសម្រាប់ប្រជាជនកម្ពុជានោះទេ។ ខ្ញុំអរគុណចំពោះការខិតខំរបស់កម្មករកម្មការិនី…