បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
នៅសល់តែ ២ ថ្ងៃទៀតទេ ស៊ីហ្គេមនឹងចាប់ផ្តើមជាផ្លូវការ។ ប៉ុន្តែ មុនស៊ីហ្គេមបើកប្រកាសជាផ្លូវការ ក៏មានការប្រកួតមួយចំនួន ជាពិសេស គឺកីឡាបាល់ទាត់ និងវិញ្ញាសាខ្លះទៀតបាននិងកំពុងប្រកួតរួចមកហើយ។ បញ្ហាទាក់ទងនឹងសំបុត្រចូលមើល ចូលរួមបើក ចូលរួមបិទ និងការចូលមើលកីឡាបាល់ទាត់ បានក្លាយទៅជាប្រធានបទនៃការវែកញែក។ ក្នុងចំណុចនេះ អនុញ្ញាតឲ្យខ្ញុំយកឱកាសនេះ សុំការអធ្យាស្រ័យពីសំណាក់បងប្អូនជនរួមជាតិជាទីស្រឡាញ់ ព្រោះបញ្ហានេះ វាជាកត្តាសត្យានុម័តដែលយើងមិនអាចដោះស្រាយបាន ដោយសារតែស្តាដយើងជាស្តាដចាស់ អាចទទួលបានក្នុងកម្រិត ៣-៤ ម៉ឺននាក់ ក្នុងពេលដែលមនុស្សចង់ចូលមើលជាង ៣០ ម៉ឺននាក់ ឬ ៥០ ម៉ឺននាក់ឯណោះ។ ស្តាដថ្មីដែលនឹងត្រូវធ្វើពិធីបើក និងពិធីបិទ ដាក់ត្រឹមចំណុះ ៦ ម៉ឺន ឬ ៧ ម៉ឺននាក់ ក៏ប៉ុន្តែ មនុស្សមើល គឺឈានដល់កម្រិតអ្នកដែលចង់ចូលកន្លះលាននាក់។ ដូច្នេះអ្នកដែលបានទទួល(សំបុត្រ)ពិតជាសប្បាយរីករាយ អ្នកដែលមិនបានទទួល គឺពិបាកចិត្ត ហើយពេលខ្លះក៏មានការរិះគន់តាមរយៈហ្វេសប៊ុក មកលើអ្នកចាត់ការ។ ក៏ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ សុំបញ្ជាក់ថា យើងគ្មានជម្រើសឲ្យល្អជាងនេះទៀតទេ។ យើងទីធ្លាមានត្រឹមប៉ុណ្ណឹង កន្លែងយើងតូច ប៉ុន្តែមនុស្សចង់ចូលមើល គឺច្រើន។ … ដូច្នេះ យើងមិនអាចបំពេញចិត្តមនុស្សគ្រប់គ្នាបានទេ។
ជំនួសមកវិញ យើងបានរៀបចំឲ្យមានការដាក់ស្លាយដ៍ ដើម្បីបងប្អូនមើលនៅខាងក្រៅ បម្រើឲ្យការកម្សាន្តសប្បាយរាប់ម៉ឺននាក់នៅទូទាំងប្រទេស មិនមែននៅតែត្រឹមខេត្តទេ តែធ្វើទៅតាមស្រុក តាមឃុំ និងតាមទីអារាមនានាទៀតផង ដែលប្រជាជនយើងសប្បាយរីករាយ។ ខ្ញុំព្រះករុណាខ្ញុំ សុំចិត្តបងប្អូនយោគយល់ចំពោះការលំបាកមួយនេះ ដែលរាជរដ្ឋាភិបាលគ្មានលទ្ធភាពនឹងដោះស្រាយនោះទេ។ អ្នកដែលទទួលបាន គឺសប្បាយចិត្ត អ្នកដែលទទួលមិនបាន មិនសប្បាយចិត្ត ហើយរឿងនេះ វាមិនមែនកើតតែក្នុងប្រទេសកម្ពុជាទេ វាកើតស្ទើរតែគ្រប់ប្រទេស។ ប្រទេសគេលក់សំបុត្រ អ្នកខ្លះទិញបានសំបុត្រគឺសប្បាយចិត្ត អ្នកខ្លះមិនអាចទិញសំបុត្របាន គឺមិនសប្បាយចិត្ត។ ហើយនៅប្រទេសយើង យើងអត់មានលក់សំបុត្រទៅទៀត គឺអ្នកចង់ចូលរួមកាន់តែច្រើន ប៉ុន្តែ យើងអត់មានលទ្ធភាពបន្ថែមចំនួនឲ្យលើសពីចំណុះ ដែលត្រូវបានកំណត់ជាស្តង់ដារ សម្រាប់ការចូលរួម ដើម្បីចៀសវាងហានិភ័យនៃគ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុ។ ម្នាក់ៗត្រូវតែមានសំបុត្រ ហើយខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវចំពោះអ្នកដែលបានទទួលសំបុត្រចាំបាច់ត្រូវតែទៅ ហើយបើសិនជាទៅមិនបានទេ សូមប្រគល់ឲ្យអ្នកផ្សេងទៀត ដែលជាមិត្តភក្តិ ដែលគាត់គ្មានសំបុត្របានទៅចូលរួម ដើម្បីចៀសវាងកុំឲ្យអ្នកដែលបានសំបុត្រមិនទៅមើល បែរជាអ្នកដែលគ្មានសំបុត្រ ចង់ទៅមើលមិនបានទៅមើល។ នេះជាដំណោះស្រាយ ហើយសង្ឃឹមថា ប្រជាជន បងប្អូនស្រឡាញ់វិស័យកីឡារបស់យើងនឹងយោគយល់អធ្យាស្រ័យចំពោះរាជរដ្ឋាភិបាល ចំពោះគណៈកម្មាធិការរៀបចំការប្រកួត ក៏ដូចជាទីកន្លែងនៃការប្រកួតនីមួយៗ ដែលសុំយោគយល់ អធ្យាស្រ័យ ហើយសុំរក្សានូវភាពថ្លៃថ្នូរ។ ហើយសុំបងប្អូនយោគយល់ កុំវាយប្រហារតាមរយៈនៃបណ្តាញសង្គម វាមិនយុត្តិធម៌សម្រាប់អ្នកដែលកំពុងប្រឹងប្រែងសម្រាប់ការរៀបចំព្រឹត្តិការណ៍នេះ។ សូម្បីតែបងប្អូនអ្នកដែលមកពីក្រៅប្រទេស ឬជនបរទេសខ្លះ ក៏មានការលើកឡើងពីបញ្ហានេះ។
ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំគិតថា ប្រហែលជាយើងខ្វះការពន្យល់ពីដើមទី ឲ្យដឹងថាចំនួននេះគឺជាចំនួនដែលយើងមានត្រឹមតែប៉ុណ្ណឹង ក្នុងពេលដែលមនុស្សមានច្រើនជាងហ្នឹង។ ដូច្នេះហើយ សង្ឃឹមថាបងប្អូននឹងយល់អធ្យាស្រ័យ ព្រោះថាទីកន្លែងមានកម្រិត ក្នុងពេលដែលសេចក្តីត្រូវការមនុស្សលើសពីសេចក្តីត្រូវការនេះច្រើនដង មិនមែនត្រឹមតែមួយដង ពីរដងទេ គឺទ្វេដងនោះទេ គឺមនុស្សទីកន្លែងអាចចូលបាន ៥ ម៉ឺននាក់ តែមនុស្សត្រូវការចូលកន្លះលាននាក់។ ដូច្នេះ ច្បាស់ជាបងប្អូនគឺមិនសប្បាយចិត្ត ប៉ុន្តែការមិនសប្បាយចិត្តនេះ ខ្ញុំព្រះករុណាខ្ញុំពន្យល់បងប្អូននៅទីនេះឲ្យបានជ្រាប ហើយក៏នៅតែបន្តអំពាវនាវឲ្យមានការរៀបចំឲ្យបានត្រឹមត្រូវ ដោយអាជ្ញាធរ និងអ្នកដែលអាចរៀបចំបាន រាប់ទាំងទីអារាម ដើម្បីមើលការប្រកួតបាល់ ប្រកួតបាល់ទាត់ ក៏ដូចជាការប្រកួតស៊ីហ្គេមពេលបើក និងពេលបិទ ដែលមនុស្សទៅចូលរួមមិនបានគ្រប់គ្នា។ សូមអរព្រះគុណ សូមអរគុណ!