កម្ពុជាគ្រោងបើកស្ថានទូតនៅប្រទេសប៊ុលហ្ការីឡើងវិញ នៅឆ្នាំ២០១៩

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជានឹងរៀបចំបើកស្ថានទូតនៅប៊ុកហ្ការីឡើងវិញ បន្ទាប់ពីបិទមួយរយៈដោយសារស្ថានភាពនយោបាយនៅក្នុងប្រទេសមួយនេះ។ ការបញ្ជាក់បែបនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ និងលោក ប៊ួយកូ បូរីសូវ (Boyko Borissov) នាយករដ្ឋមន្រ្តីប៊ុលហ្ការី នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅញូវយ៉ក សហរដ្ឋអាមេរិក។ នាយករដ្ឋមន្រ្តី ប៊ុលហ្ការី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់សម្តេច ក្នុងការបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួននៅប្រទេសប៊ុលហ្ការី ដែលនោះ គឺជាឱកាសដែលសម្តេចនឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប៊ុលហ្ការីផងដែរ។ ក្នុងជំនួបពិភាក្សានោះ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍វាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់ប្រទេសប៊ុលហ្ការី កាលពីអតីតកាលដែលបានដើរតួនាទីក្នុងការជួយដល់ប្រទេសកម្ពុជា នៅពេលដែលកម្ពុជា បានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបន្តវត្តមានចូលរួមចំណែកថែរក្សាសន្តិភាពនៅកម្ពុជា ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏បានឯកភាពគ្នា ក្នុងការបន្តពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ទាំងក្នុងវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍៕

កម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាគ្រោងធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅឆ្នាំ២០២០ខាងមុខ។ ការបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ និងលោក ប៊ួយកូ បូរីសូវ (Boyko Borissov) នាយករដ្ឋមន្រ្តីប៊ុលហ្ការី នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅញូវយ៉ក សហរដ្ឋអាមេរិក។ សម្តេចតេជោ ហ៊ុន សែន បានប្រាប់នាយករដ្ឋមន្ត្រីប៊ុលហ្ការីថា បំណងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏មានសារៈសំខាន់មួយនេះ ត្រូវបានប្រទេសអាស៊ាន រួមទាំងប្រទេសនៅអឺរ៉ុបមួយចំនួនឯកភាពរួចហើយ។ សម្តេចតេជោ ក៏បានស្វែងរកការគាំទ្រពីប៊ុលហ្ការីផងដែរ។ នាយករដ្ឋមន្រ្តីប៊ុលហ្ការី បានឯកភាពចំពោះសំណើររបស់សម្តេចតេជោ និងបានចាត់ទុកថា វាជាឱកាសឲ្យឲ្យរូបលោកបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា៕

សំណើធំៗចំនួន៣ ត្រូវបានសម្តេចតេជោ ដាក់ទៅកាន់អគ្គលេខា UN, សម្តេចសម្រេចឲ្យការិយាល័យសិទ្ធិមនុស្ស UN មានវត្តមាននៅកម្ពុជា២ឆ្នាំទៀត

FN ៖ សំណើធំចំនួន៣ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដាក់ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) នៅក្នុងជំនួបពិភាក្សាការងារនាទីក្រុងញូវយ៉ក់ សហរដ្ឋអាមេរិក នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅញូវយ៉ក សហរដ្ឋអាមេរិក។ សំណើទាំង៣ ដែលត្រូវបានលើកឡើងនៅក្នុងជំនួបនោះរួមមាន៖ ១. បញ្ហាការិយាល័យអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជា, ២. កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិស្តីពីសាលាក្តីខ្មែរក្រហម និងទី៣. ការបញ្ជូនកងកម្លាំងរក្សាសន្តិភាព។ ពាក់ព័ន្ធបញ្ហាការិយាល័យអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលត្រូវផុតកិច្ចព្រមព្រៀងនៅឆ្នាំ២០១៨នេះ, សម្តេចតេជោ ហ៊ុន សែន បានសម្រេចអាណត្តិឲ្យរយៈពេលពីរឆ្នាំបន្តទៀត​ ហើយនៅក្នុងខែតុលាខាងមុខ ពេលសម្តេចអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងហ្សឺណែវ នឹងមានការចុះហត្ថលេខារវាងឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ជាមួយនិងតំណាងស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ សម្រាប់បញ្ហាទី២. សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជានៅបន្តផ្តល់ថវិកាលើការចំណាយសម្រាប់ប្រាក់ខែរបស់មន្ត្រី និងបុគ្គលិកបម្រើការនៅសាលាក្តីខ្មែរក្រហម។ ដោយឡែកបញ្ហាទី៣វិញ គឺរាជរដ្ឋាភិបាលកម្ពុជានឹងបន្តចូលរួមឲ្យកាន់តែសកម្មថែមទៀត លើបេសកកម្ម នៃការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ពោលបើប្រទេសណាត្រូវការកងទ័ពមួកខៀវរបស់កម្ពុជា ចូលរួមបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ គឺកម្ពុជានឹងបញ្ជូនបន្ថែមទៀត។ ជាការឆ្លើយតបអគ្គលេខាធិការអង្គការសហប្រជាជាតិ…