ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធសារមន្ទីរបង្ហាញពីសេដ្ឋកិច្ច និងរូបិយវត្ថុខ្មែរតាំងពីសម័យហ្វូណន

FN ៖ នៅថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យ ដំណើរការជាផ្លូវការនូវសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណន។ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរនាំឱ្យពលរដ្ឋខ្មែរបានស្គាល់ពីសាវតា នៃការធ្វើសេដ្ឋកិច្ច និងរូបិយវត្ថុដ៏យូរលង់របស់ខ្លួននេះ មានទីតាំងស្ថិតនៅចំកណ្តាល បេះដូងរាជធានីភ្នំពេញ និងធ្លាប់ជាអតីតសាលាក្រុងភ្នំពេញក្នុងឆ្នាំ១៩០៨, អតីតក្រុមហ៊ុនអាកាសចរណ៍ក្នុងឆ្នាំ១៩៩២។ អគារសារមន្ទីរ បានបង្ហាញពីចរនាបថសម័យអាណាព្យាបាល នាដើមសតវត្សរ៍ទី២០។ *សម្ដេចតេជោ សូមវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះធនាគារជាតិ នៃកម្ពុជា ជាពិសេសលោក ជា ចាន់តូ ទេសាភិបាលធនាគារ ជាតិនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងរួមគ្នា កសាងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ។ *សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាក្តីរីករាយបំផុតដែលកម្ពុជា មានសារមន្ទីរស្តីពីសេដ្ឋកិច្ច និងរូបិយវត្ថុជាលើកដំបូងនៅកម្ពុជា។ *សម្តេចតេជោ…

សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្តេចតេជោ ថ្លែងក្នុងឱកាសសម្ពោធជាផ្លូវការ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន

ឯកឧត្តម លោកជំទាវ លោក លោកស្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយដោយបានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលជាប្រវត្តិសាស្ត្រ ដំបូងបង្អស់ ដែលកម្ពុជាមានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័នដែលហៅកាត់ថា សារមន្ទីរ ស.ស.រ នាពេលនេះ។ ខ្ញុំសូមវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះធនាគារជាតិ នៃកម្ពុជា ជាពិសេសឯកឧត្តម ជា ចាន់តូ ទេសា​ភិបាលធនាគារជាតិនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងរួមគ្នាកសាងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ តាមការណែនាំរបស់ខ្ញុំ ក្នុងគោលបំណងប្រមែប្រមូលចងក្រងរាល់ឯកសារ និងវត្ថុតាងនានា ដែលពាក់ព័ន្ធប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុជាតិ ដែលបានកប់ជ្រៅក្នុងប្រវត្តិសាស្ត្រជាយូរលង់ណាស់មកហើយ សម្រាប់បង្ហាញជូន សាធារណជនជាតិ និងអន្តរជាតិ។ ពិសេស ដើម្បីឱ្យយុវជនជំនាន់ក្រោយបានសិក្សាស្រាវជ្រាវលើបញ្ហាសេដ្ឋកិច្ច និងរូបិយវត្ថុជាតិ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងអធិប​តេយ្យជាតិយើងពីជំនាន់មួយទៅជំនាន់មួយ រហូតដល់បច្ចុប្បន្ននេះ។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមស្ថាបនិក ដឹកនាំដោយ លោក ហ្សង់ ដានីញែល ហ្គារឌែរ (Jean Daniel Gadere) ទីប្រឹក្សាធនាគារជាតិនៃកម្ពុជា ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យា ផ្នែករូបិយវត្ថុ ទាំងថ្នាក់ជាតិ និងអន្តរជាតិ អ្នករក្សាទុកកាសបុរាណ និងភាគីពាក់ព័ន្ធនានា ដែលបានរួមចំណែកធ្វើឱ្យសារមន្ទីរ លេចចេញជារូបរាង…