សម្តេចតេជោ ហ៊ុន សែន៖ “បញ្ឈប់ការស្នើចាក់វ៉ាក់សាំងតាមវិស័យនៅខេត្តនេះបន្តិចខេត្តនោះបន្តិច ដោយកម្ពុជាត្រូវការចាក់ឱ្យពលរដ្ឋទាំងអស់ ដោយអនុវត្តតាមផែនការយុទ្ធសាស្រ្ត” – សារសំលេង

ផ្ញើជូន សម្ដេច ឯកឧត្តម លោកជំទាវ តាមស្ថាប័ន ក៏ដូចជាតាមខេត្តនានា កន្លងទៅ គឺមានការស្នើសុំមកខ្ញុំជាបន្តបន្ទាប់ (អំពី)ការចាក់វ៉ាក់សាំងនៅតាមខេត្ត ឬតាមក្រសួង ដែលម្សិលមិញនេះ ក្រៅពីក្រសួង ក៏មានការស្នើសុំចាក់តាមវិស័យនៅខេត្តនេះ ឬខេត្តនោះ ដូចជាវិស័យទេសចរជាដើម ហើយក៏មានក្រុមហ៊ុនក៏បានស្នើសុំឱ្យចាក់នៅតាមក្រុមហ៊ុនរបស់ខ្លួន។ ខ្ញុំសុំយកឱកាសនេះដើម្បីជម្រាបជូន សម្ដេច ឯកឧត្តម លោកជំទាវ ជាពិសេសគឺលោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំ​ពោះ​កិច្ចសម្រាប់ការចាក់វ៉ាក់សាំង ឱ្យបានដឹងថា យើងបានដាក់ចេញនូវផែនការមេដែលជាយុទ្ធសាស្ត្រសម្រាប់ការចាក់វ៉ាក់សាំង ក្នុងនោះគឺយុទ្ធសាស្ត្រផ្ការីក ដែលចាក់ពីក្នុង(រួចពង្រីក)ទៅក្រៅ។ ខ្ញុំសុំបញ្ជាក់ជូនទៅ សម្ដេច ឯកឧត្តម លោកជំទាវ បណ្ដាស្ថាប័នក៏ដូចជាអភិបាលរាជធានីខេត្តឱ្យបានជ្រាប យើងមិនអាចប្រើវ៉ាក់សាំងទៅកន្លែងនេះបន្តិចកន្លែងនោះបន្តិចបានទេ។ បើធ្វើយ៉ាងដូច្នេះ យើងនឹងមិនទទួលបានផល នៅក្នុងបញ្ហាចាក់វ៉ាក់សាំងនេះទេ។ ឧទាហរណ៍ ឯកឧត្តម ថោង ខុន លើកសំណូមពរពីការចាក់វ៉ាក់សាំងសម្រាប់អ្នកធ្វើវិស័យទេសចរណ៍នៅតំបន់នេះប៉ុន្មានពាន់នាក់ តំបន់នោះប៉ុន្មានពាន់នាក់។ ធ្វើយ៉ាងដូច្នេះ វាមិនគ្រប់គ្រាន់ទេ ដោយសារតែ(ក្នុងចំនួន)មនុស្សរាប់សិបម៉ឺននាក់ យើងចាក់បានត្រឹមតែ ៤ ពាន់នាក់ ទៅ ៥ ពាន់នាក់។ (ដូចនេះ) គ្មានផលប្រយោជន៍ទេ។ ដូច្នេះហើយ…

សារសម្លេង៖ សំណូមពរដល់ម្ចាស់ផ្ទះជួល អគ្គិសនីកម្ពុជា និងរដ្ឋាករទឹកកម្ពុជា ផ្អាកយកថ្លៃឈ្នួល ពីបងប្អូនកម្មករ/ការិនី ក្នុងតំបន់បិទខ្ទប់

បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ ខ្ញុំមានការអំពាវនាវទៅកាន់បងប្អូន ទាក់ទិនជាមួយបញ្ហាផ្ទះឈ្នួលរបស់កម្មករ/ការិនី គឺស្ថិតនៅត្រង់ថា ក្នុង​ប៉ុន្មានថ្ងៃកន្លងទៅនេះ ជាពិសេស ម្សិលមិញនេះ គឺមានការទាមទារយកប្រាក់ថ្លៃឈ្នួលផ្ទះពីកម្មករ/ការិនីរបស់យើង ក្នុងពេលដែលកម្មករ/ការិនីរបស់យើងមិនទាន់បានបើកប្រាក់ខែ ហើយកំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់នៅឡើយ គឺនៅក្នុងតំបន់ក្រហម។ ក្នុងស្ថានភាពបែបនេះ ខ្ញុំសូមអង្វរករចំពោះម្ចាស់ផ្ទះជួលទាំងអស់ សុំមេត្តាយោគយល់ដល់កម្មករ/ការិនីរបស់យើង  ក្នុងពេលវេលាមួយដែលយើងទាំងអស់គ្នា សុទ្ធតែមានការជួបការលំបាក។ ក្នុងរយៈពេលកន្លងទៅនេះ ក៏មានម្ចាស់ផ្ទះជួលមួយចំនួនបានសម្រេចមិនយកប្រាក់ឈ្នួលរបស់កម្មករ/ការិនីក្នុងចំនួនមួយរយៈ ឬក៏បញ្ចុះថ្លៃ។ មានមួយចំនួនទៀត គឺមានរហូតដល់ឱ្យប្រើប្រាស់ក្នុងរយៈពេលវែង ដែលខ្ញុំបានធ្វើលិខិតថ្លែងអំណរគុណរួចហើយ​។ ក៏ប៉ុន្តែ នៅសល់បងប្អូនមួយចំនួន ដោយខ្វះការយោគយល់ បង្កើតឱ្យមានបញ្ហាឡើង។ ម្សិលមិញនេះ មានការប្រញាប់ប្រញាល់ទៅធ្វើការដោះស្រាយនៅទីន្លែងនោះ។ ខ្ញុំសូមអង្វរករចំពោះម្ចាស់ផ្ទះជួលទាំង​ឡាយ សូមផ្អាកជាបណ្ដោះអាសន្ន ការយកប្រាក់ឈ្នួលពីកម្មករ/ការិនី ក្នុងពេលដែលកម្មករ/ការិនី មិនទាន់បានបើកប្រាក់ឈ្នួលពីថៅកែនៅឡើយ។ ប្រសិនបើម្ចាស់ផ្ទះជួលទាំងឡាយ អាចនឹងរួមគ្នាធ្វើ ដើម្បីជួយដល់កម្មករ/ការនីរបស់យើង ឧទាហរណ៍ ​ការបញ្ចុះថ្លៃឈ្នួលនៃផ្ទះដែលបាន និងកំពុងស្នាក់នៅ ក្នុងចំនួនប្រមាណភាគរយ ចំនួនតិច ឬចំនួនច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយបើសិនជាម្ចាស់ផ្ទះជួលខ្លះអាចលើកលែងទៅបាន ក្នុងមួយខែ ពីរខែ ឬបីខែ ក៏សុំធ្វើការលើកលែង។ ពិតហើយ ខ្ញុំដឹងថាម្ចាស់ផ្ទះជួលខ្លះ គឺខ្ចីលុយធនាគារយកមកសាងសង់ផ្ទះឈ្នួលទាំងនោះ។ បងប្អូនពិតជាមានការលំបាកដូចគ្នា ដែលម្ខាងជាកូនបំណុល ម្ខាងទៀតជាម្ចាស់បំណុល។ ប៉ុន្តែ…

ដកស្រង់ប្រសាសន៍ជាសារសំឡេងស្ដីពីណែនាំអាជ្ញាធររាជធានី-ខេត្ត ពាក់ព័ន្ធការដាក់ចេញវិធានការរដ្ឋបាល និងបញ្ជាឱ្យកែសម្រួលឡើងវិញជាបន្ទាន់

ជូនឯកឧត្តម លោកជំទាវ អភិបាលខេត្តរាជធានី រាជរដ្ឋាភិបាលបានបិទបញ្ចប់ក្នុងការបិទទីក្រុងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ក៏ដូចជាការបិទបញ្ចប់សម្រាប់ការធ្វើដំណើរឆ្លងខេត្តតាំងពីរយៈពេលមុនមកម្ល៉េះ។ ក្នុងពេលបិទបញ្ចប់នេះរាជរដ្ឋាភិបាលក៏បានផ្តល់អំណាចទៅឲ្យអភិបាលខេត្តរាជធានីដើម្បីគ្រប់គ្រងសភាពការណ៍តាមការជាក់ស្តែង។ ប៉ុន្តែ ខ្ញុំពិនិត្យឃើញថា នៅក្នុងខេត្តខ្លះបានដាក់បម្រាមរហូតទៅដល់កម្រិតប្រជាពលរដ្ឋកម្ពុជាខ្លួនឯងដែលចូលទៅកាន់ខេត្តខ្លួន ចាំបាច់ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។ នេះមិនខុសពីការដែលយើងបង្កើតរដ្ឋនៅក្នុងរដ្ឋនោះទេ។ ដូចជាខ្ញុំត្រូវធ្វើដំណើរទៅឥណ្ឌូនេស៊ី ត្រឡប់មកវិញត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។ បើ(បណ្តាខេត្ត)ធ្វើយ៉ាងដូច្នេះ វាស្មើនឹងការបិទរដ្ឋឡើងវិញ បិទប្រទេសឡើងវិញ។ ឧទាហរណ៍ ប្រជាជនត្រូវឆ្លងកាត់នៅខេត្តនោះចាំបាច់ត្រូវតែធ្វើចត្តាឡីស័កនៅក្នុងខេត្តមួយនោះ។ យើងត្រូវបន្តគ្រប់គ្រងនូវការធ្វើចត្តាឡីស័កចំពោះអ្នកដែលសង្ស័យដែលមានហានិភ័យថាមានកូវីដ-១៩ ដើម្បីឲ្យទៅយកសំណាកហើយត្រូវធ្វើចត្តាឡីស័ក ប៉ុន្តែមិនមែនធ្វើគ្រប់មនុស្សទាំងអស់ដែលឆ្លងកាត់ខេត្តរបស់ខ្លួននោះទេ។ បើធ្វើយ៉ាងដូច្នេះ ប្រជាជនហាក់ដូចនៅក្នុងទ្រុងដដែល។ សុំឲ្យឯកឧត្តម លោកជំទាវ អភិបាលខេត្តណាដែលបានចេញសេចក្តីសម្រេចហួសទៅហើយត្រូវកែប្រែនូវសេចក្តីសម្រេចនោះវិញជាបន្ទាន់ ដើម្បីសម្រួលឲ្យមានការចរាចរសម្រាប់ប្រជាពលរដ្ឋ។ ខ្ញុំនិយាយនេះមិនមែនសំដៅមិនឲ្យទប់ស្កាត់ចំពោះអ្នកដែលមានករណីសង្ស័យដែលយើងតម្រូវឲ្យយកសំណាក និងនាំការធ្វើចត្តាឡីស័កដែលចៀសវាងមិនបាននោះទេ ក៏ប៉ុន្តែគឺសំដៅឲ្យកែសម្រួលសេចក្តីសម្រេច ដើម្បីបើកឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបាន។ បើមិនដូច្នោះទេ គ្រប់ខេត្តនីមួយៗ ដាក់(ការកំណត់អោយ)ធ្វើចត្តាឡីស័ក ១៤ ថ្ងៃ វាមិនខុសពីចែកកម្ពុជាទៅជា ២៥ ប្រទេស (ដែលការ)ឆ្លងពីខេត្តមួយទៅខេត្តមួយ (តម្រូវអោយ)ធ្វើចត្តាឡីស័កនោះទេ។ បើចេញពីខេត្ត(នោះ) ចូលមកខេត្តនេះវិញ (ក៏ត្រូវ)ធ្វើចត្តាឡីស័ក ដូច្នោះតើយើងរស់របៀបម៉េច? អញ្ចឹងខ្ញុំសុំស្នើឲ្យឯកឧត្តមលោកជំទាវអភិបាលខេត្តរាជធានីត្រូវធ្វើការកែសេចក្តីសម្រេចជាបន្ទាន់របស់ខ្លួន។ បើមិន(កែសេចក្តីសំរេច)ដូច្នេះ យើងគ្រប់គ្រងប្រជាជនដែលនៅក្នុងតែខេត្តរបស់ខ្លួន ហើយប្រជាជនខេត្តដទៃដែលទៅរកស៊ីធ្វើការចូលទៅក្នុងខេត្តរបស់ខ្លួនត្រូវតែធ្វើចត្តាឡីស័ក ដល់ប្រជាជនខ្លួនចេញទៅខេត្តដទៃក៏ត្រូវធ្វើចត្តាឡីស័ក។…