គ.ជ.ប ជូនដំណឹងពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី​៣

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់ចំនួន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី​៣។ គ.ជ.ប សូមជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសថា៖ * ចំនួនសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងសមាជិកក្រុមប្រឹក្សាខេត្តនីមួយៗ សម្រាប់អាណត្តិទី៣ ត្រូវបានកំណត់ចំនួន៥៥៩នាក់។ * ចំនួនសមាជិកក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣ ត្រូវបានកំណត់ចំនួន៣,៥៥៥នាក់៕

គ.ជ.ប ​ទទួល​អនុសាសន៍ពីស្ថាប័នចំនួន​៨ ពាក់ព័ន្ធសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣

FN ៖ ​បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជូនសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ (ប.ន.ក) អាណត្តិទី៣ ទៅកាន់ភាគីពាក់ព័ន្ធ ចំនួន​៣៣​ស្ថាប័នដើម្បីពិនិត្យ និងផ្តល់យោបល់រួចមក គ.ជ.ប បានទទួលអនុសាសន៍ ត្រលប់មកវិញពីស្ថាប័នចំនួន​៨​។ បើតាមសេចក្ដីប្រកាសព័ត៌មានដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ គ.ជ.ប បញ្ជាក់ថា ស្ថាប័នទាំង៨នោះ រួមមាន៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា, ក្រសួងមហាផ្ទៃ, ក្រសួងព័ត៌មាន, គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សមាតុភូមិយើង, សហគមន៍គ្រួសារអភិវឌ្ឍន៍កសិកម្ម និងសមាគមជ័យលាភីបញ្ញាជនកម្ពុជា​។ គ.ជ.ប បន្ថែមថា ​រាល់អនុសាសន៍ទាំងអស់របស់ស្ថាប័នទាំងនេះ នឹងបង្ហោះនៅលើគេហទំព័រ គ.ជ.ប www.necelect.org.kh បន្ទាប់ពីអគ្គលេខាធិការដ្ឋាន បានរៀបចំដាក់តាមជំពូកនីមួយៗ រួចរាល់ ដើម្បីយកទៅពិភាក្សាក្នុងកិច្ចប្រជុំ គ.ជ.ប នៅពេលខាងមុខ មុននឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩៕  

កម្ពុជាទទួលចំណូលជិត៣០០លានដុល្លារ បានពីការនាំចេញជ័រកៅស៊ូជាង២១ម៉ឺនតោន នៅឆ្នាំ២០១៨

FN ៖ រយៈពេលពេញមួយឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង២១ម៉ឺនតោន ទទួលបានចំណូលជិត៣០០លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ។ របាយការណ៍បានបញ្ជាក់ថា ពេញមួយឆ្នាំ២០១៨ បរិមាណបញ្ចេញលក់ជ័រកៅស៊ូសរុបចំនួន ២១៧,៥០០តោន បានកើនឡើងចំនួន២៨,៦៦៧តោន ស្មើនឹង១៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧។ សម្រាប់តម្លៃជ័រកៅស៊ូជាមធ្យម ក្នុងរយៈពេលពេញមួយឆ្នាំ២០១៨កន្លងទៅនេះ មានតម្លៃ១,៣១៩ដុល្លារក្នុង១តោន តម្លៃនេះបានធ្លាក់ចុះ២៦២ដុល្លារក្នុង១តោន ស្មើនឹង១៧ភាគរយ។ សូមជម្រាបថា កម្ពុជាមានផ្ទៃដីកៅស៊ូ សរុបចំនួន៤៣៦,៦៨២ហិកតា ដែលក្នុងនោះ មានផ្ទៃដីចៀរជ័រមានចំនួនជាង២០ម៉ឺនហិកតា បានកើនឡើងចំនួន៤,៨១២ហិកតា។ នៅឆ្នាំ២០១៧ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត២០ម៉ឺនតោន ទទួលចំណូលប្រមាណ៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕