សេចក្តីដកស្រង់ប្រសាសន៍ ពិធីសម្ពោធរោងចក្រផលិតស៊ីម៉ង់ត៍ ថៃប៊ុនរ៉ុង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណទាំងពីគណៈ! ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ! ហាគឹមទួន សាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! ឯកឧត្តម លោកជំទាវ អស់លោក/ស្រី បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ និងនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកខេត្តកំពតសាជាថ្មីម្ដងទៀត បន្ទាប់ពីប៉ុន្មានខែមុននោះ មកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់នូវកន្លែងទឹកស្អាតនៅជិតទីរួមខេត្តកំពត។ សំរាប់ផ្នែកស៊ីម៉ង់ត៍ កាលពីខែ កុម្ភៈ ២០១៨ ក៏បានមកសម្ពោធដាក់ឱ្យប្រើប្រាស់នូវសាជីវកម្ម ជីបម៉ុង នៅ​​ស្រុកបន្ទាយមាស។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់នូវរោងចក្រផលិតស៊ីម៉ង់ត៍របស់ក្រុមហ៊ុន ថៃប៊ុនរ៉ុង ដែលស្ថិតនៅចំ(ពី)មុខយើងនេះ ហើយដែលមានទីតាំងនៅស្រុកដងទង់ ខេត្តកំពតរបស់យើង។ សមត្ថភាពផលិត នៃរោងចក្រស៊ីម៉ង់ត៍របស់យើងមកដល់ពេលនេះ មានប្រមាណ ៨ លានតោន នេះជាសមិទ្ធផលថ្មីមួយទៀត បន្ថែមទៅលើសមិទ្ធផលចាស់ ដែលយើងមានកន្លងទៅ។ ឯកឧត្តម​រដ្ឋមន្រ្តី ស៊ុយ សែម បានធ្វើរបាយការណ៍អម្បាញ់មិញ សមត្ថភាពផលិត នៃរោងចក្រស៊ីម៉ង់ត៍របស់យើងមកដល់ពេលនេះ មានប្រមាណ ៨ លានតោន ហើយក៏វាបានចំណេញថវិកាប្រមាណ ៥០០ លានដុល្លារសហរដ្ឋអាមេរិក ដែលយើងមិនត្រូវយកទៅទិញពីបរទេសនោះទេ។…

រដ្ឋមន្ត្រី ថោង ខុន៖ ភ្ញៀវទេសចរចេញដើរលេងទូទាំងប្រទេសជិត៦លាននាក់ នាឱកាសព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ

FN ៖ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា មានភ្ញៀវទេសចរនិងប្រជាពលរដ្ឋប្រមាណជាង ៥.៨លាននាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស កើនឡើងជាង៧%។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃនេះ ភ្ញៀវទេសចរនិងប្រជាពលរដ្ឋ ដែលដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានានៅទូទាំង២៥រាជធានី-ខេត្ត មានចំនួនសរុប ៥,៨១៦,៧១១នាក់ ក្នុងអត្រាកំណើនប្រមាណ ៧.២៦%»។ ក្នុងចំណោមភ្ញៀវទេសចរ និងប្រជាពលរដ្ឋខាងលើ រួមមាន៖ * ភ្ញៀវជាតិមានប្រមាណ ៥,៧២៧,១៦៣នាក់ ក្នុងអត្រាកំណើន ៧.២១%។ * ភ្ញៀវអន្តរជាតិមានប្រមាណ ៨៩,៥៤៨នាក់ ក្នុងអត្រាកំណើន ១០.៦១%។ ដោយឡែក ក្នុងតួលេខក្នុងរាជធានីភ្នំពេញ ដែលជាទីតាំងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ទទួលបានភ្ញៀវមកកម្សាន្តប្រមាណ ៤,៧៨១,៤៤៦នាក់ កើនឡើង…

សម្តេចតេជោ ហ៊ុន សែន៖ ព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ បញ្ចប់ដោយបរិយាកាសសប្បាយរីករាយក្រៃលែង, សូមអរគុណសមត្ថកិច្ច និងកម្លាំងប្រដាប់អាវុធ ដែលបានថែរក្សា ការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ បានបញ្ចប់ប្រកបដោយបរិយាកាស សប្បាយរីករាយក្រៃលែង ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស។ ការសប្បាយរីករាយនេះ កើតចេញពីតម្លៃសន្តិភាព បើគ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមថែរក្សា ការពារសន្តិសុខ សុវត្ថិភាពសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឲ្យមានឱកាសបានសប្បាយរីករាយ នៅទូទាំងប្រទេស និងសូមអរគុណដល់ក្រសួង មន្ទីរ និងស្ថាបន័ពាក់ព័ន្ឋនានា រួមទាំងអង្គការ សមាគម ភ្នាក់ងារក្រុមគ្រូពេទ្យ សិល្បករ សិល្បការិនី វិទ្យុ និងទូរទស្សន៍ ព្រមទាំងបណ្តាក្រុមហ៊ុនទាំងអស់ ដែលបានចូលរួមចំណែក នៅក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូក ដែលមានរយៈពេល៣ថ្ងៃកន្លងមកនេះ ជូនបងប្អូនប្រជាពលរដ្ឋបានសប្បាយរីករាយ ប្រកបដោយភាពអធិកអធម្មបំផុត។ សម្តេចតេជោ ក៏បានជូនពរឲ្យការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកូនក្មួយយុវជន និងកូនក្មួយកម្មករកម្មការនី មានសុខសុវត្ថិភាពតាមផ្លូវ ពេលវិលត្រឡប់មកកាន់លំនៅដ្ឋាន និងកន្លែងធ្វើការរៀងៗខ្លួន។…