ខ្ញុំព្រះករុណា និងភរិយាសូមផ្ញើសេចក្តីនឹករឮកដល់បងប្អូនជនរួមជាតិ និងព្រះសង្ឃគ្រប់ព្រះអង្គដែលកំពុងគង់ចាំព្រះវស្សាចាប់ពីថ្ងៃទី ៥ ខែ កក្កដា ដល់ថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២០។
សូមអរគុណបងប្អូនប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលបាននាំយកទៀនព្រះវស្សា និងទេយ្យទានចង្ហាន់ជាច្រើនទៀតប្រគេនដល់ព្រះសង្ឃនៅតាមវត្តអារាម ជាពិសេសវត្តនៅតាមតំបន់ឆ្ងាយដាច់ស្រយាល។
ជាមួយគ្នានេះដែរ សូមអរគុណសម្តេច ឯកឧត្តម លោកជំទាវ មន្រ្តីសមាជិករាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងមន្រ្តីសមាជិកសមាជិកាគណបក្សប្រជាជន ដែលបានចូលរួមចែករំលែកនូវអំណោយជាអង្ករ មី ត្រីខ ម៉ាស សាប៊ូ ចឹល ក្រមា និងថ្នាំពេទ្យចែកជូនដល់បងប្អូនក្រីក្រ ដែលកំពុងខ្វះខាតនៅទូទាំងប្រទេស។
ទន្ទឹមនឹងនេះដែរ សូមបងប្អូនបន្តប្រុងប្រយ័ត្នការពារសុវត្ថិភាពសុខភាពកុំអោយឆ្លងជំងឺកូវីដ១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹល ហើយពាក់ម៉ាសការពារខ្លួនឲ្យបានត្រឹមត្រូវ។ មកទល់ពេលនេះ ពិភពនៅមិនទាន់មានថ្នាំព្យាបាល កូវីដ ១៩ នៅឡើយទេ ហើយចំនួនអ្នកឆ្លងរោគរាតត្បាតនេះ គឺបានកើនឡើងគួរឲ្យព្រួយបារម្ភខ្លាំងណាស់។
នៅពេលរសៀលនេះ ខ្ញុំ និងភរិយាគ្រោងនឹងនាំទេយ្យទានមួយចំនួនទៅប្រគេនព្រះសង្ឃ ដែលកំពុងគង់ចូលព្រះវស្សានៅវត្តចំពុះក្អែក។
ខ្ញុំ និងភរិយា សូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជាមួយពរ ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីជំងឺឆ្លងកូវីដ ១៩ គ្រប់ៗគ្នា៕