ប្រធាន គ.ជ.ប ប្រាប់ទូតកាណាដាថា ការប្រមូលផ្តុំរបស់អង្គការក្រៅរដ្ឋាភិបាល ដើម្បីឃ្លាំមើលការបោះឆ្នោត ត្រូវគោរពច្បាប់ក្រសួងមហាផ្ទៃ!

FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងប្រាប់លោកស្រី ជូនីកា ផតធី ឯកអគ្គរដ្ឋទូតកាណាដាថ្មី ប្រចាំប្រទេសកម្ពុជាថា ការប្រមូលផ្ដុំរបស់អង្គការក្រៅរដ្ឋាភិបាល ដើម្បីឃ្លាំមើលការបោះឆ្នោត ដាច់ខាតត្រូវគោរពច្បាប់ក្រសួងមហាផ្ទៃ។ ​ថ្លែងយ៉ាងដូច្នេះធ្វើឡើង ក្នុងជំនួបរវាងប្រធាន គ.ជ.ប ជាមួយលោកស្រី ឯកអគ្គរាជទូតកាណាដា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ នៅទីស្ដីការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។ ក្នុងជំនួបនោះ លោកស្រី ជូនីកា ផតធី លើកជាសំនួរថា តើអង្គការមិនមែនរដ្ឋាភិបាលអាចប្រមូលផ្ដុំគ្នា ដើម្បីចូលរួមឃ្លាំមើលដំណើរការបោះឆ្នោត នៅកម្ពុជាបានដែរឬទេ?។ លោក ស៊ិក ប៊ុនហុក បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះការប្រមូលផ្ដុំរបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ត្រូវគោរពតាមច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដូចនេះការប្រមូលផ្ដុំរបស់អង្គការមិនមែនរដ្ឋាភិបាល ក្នុងពេលបោះឆ្នោត យើងត្រូវពិនិត្យមើលលើទិដ្ឋភាពច្បាប់ ហើយករណីនេះ ជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ»។ ក្រៅពីបញ្ហាអង្គការមិនមែនរដ្ឋាភិបាលនេះ លោកស្រីឯកអគ្គរាជទូតក៏ចង់ដឹងពីមូលហេតុ ដែលនាំឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសមិនអាចចុះឈ្មោះ និងបោះឆ្នោតបាន? ប្រធាន គ.ជ.ប បានអះអាងថា ការិយាល័យចុះឈ្មោះបោះឆ្នោត​ត្រូវ​មានទីតាំងនៅសាលាឃុំសង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោត ដូច្នេះពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស…

អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ជាថ្មីថា ការបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស គឺមិនមាននោះទេ!

FN ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានថ្លែងបញ្ជាក់ប្រាប់អង្គការអន្តរជាតិថា គ.ជ.ប គឺបំពេញការងារទៅតាមច្បាប់ ដែលបានកំណត់ ហើយការបង្កើតការិយាល័យ ចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស គឺមិនមាននោះទេ។ ការបញ្ជាក់ជាថ្មីរបស់លោក ហង្ស ពុទ្ធា យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាស ដែលលោកក្នុងរួមក្នុងសិក្ខាសាល ស្តីពីសវនកម្មបញ្ជីបោះឆ្នោត និងការស្រាវជ្រាវបែបអង្កេត នៅសណ្ឋាគារភ្នំពេញ រៀបចំឡើងដោយ គ.ជ.ប និងអង្គការ IFES នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គជប ដែលអង្គភាព Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី១១ ខែសីហានេះ។ ការបញ្ជាក់ជាថ្មីនេះ ត្រូវបានគេដឹងថា ធ្វើឡើងបន្ទាប់ពីអង្គការសង្គមស៉ីវិលមួយចំនួន បានស្នើឲ្យ គ.ជ.ប បង្កើតការិយាល័យចុះឈ្មោះបោះឆ្នោត នៅក្រៅប្រទេស ដើម្បីឲ្យប្រជាពលរដ្ឋ ដែលចេញទៅធ្វើពលករបរទេស អាចចុះឈ្មោះបោះឆ្នោតបាន ប៉ុន្តែត្រូវបាន គ.ជ.ប បដិសេធថា ខ្លួនគ្មានសិទ្ធិកំណត់ទេ គឺធ្វើទៅតាមច្បាប់ប៉ុណ្ណោះ៕

គ.ជ.ប នឹងប្រជុំផ្សព្វផ្សាយប្រតិទិន នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ នៅពាក់កណ្ដាលខែនេះ​

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសេចក្ដីជូនដំណឹងផ្លូវការមួយ អំពីការប្រជុំផ្សព្វផ្សាយប្រតិទិន នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧។ តាមសេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ ក្រៅពីការផ្សព្វផ្សាយខាងលើ គ.ជ.ប នឹងផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន។ កិច្ចប្រជុំនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ ក្រោមអធិបតីភាព លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប នាសាលសន្និសីទគ.ជ.ប៕