FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងប្រាប់លោកស្រី ជូនីកា ផតធី ឯកអគ្គរដ្ឋទូតកាណាដាថ្មី ប្រចាំប្រទេសកម្ពុជាថា ការប្រមូលផ្ដុំរបស់អង្គការក្រៅរដ្ឋាភិបាល ដើម្បីឃ្លាំមើលការបោះឆ្នោត ដាច់ខាតត្រូវគោរពច្បាប់ក្រសួងមហាផ្ទៃ។
ថ្លែងយ៉ាងដូច្នេះធ្វើឡើង ក្នុងជំនួបរវាងប្រធាន គ.ជ.ប ជាមួយលោកស្រី ឯកអគ្គរាជទូតកាណាដា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ នៅទីស្ដីការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។
ក្នុងជំនួបនោះ លោកស្រី ជូនីកា ផតធី លើកជាសំនួរថា តើអង្គការមិនមែនរដ្ឋាភិបាលអាចប្រមូលផ្ដុំគ្នា ដើម្បីចូលរួមឃ្លាំមើលដំណើរការបោះឆ្នោត នៅកម្ពុជាបានដែរឬទេ?។
លោក ស៊ិក ប៊ុនហុក បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះការប្រមូលផ្ដុំរបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ត្រូវគោរពតាមច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដូចនេះការប្រមូលផ្ដុំរបស់អង្គការមិនមែនរដ្ឋាភិបាល ក្នុងពេលបោះឆ្នោត យើងត្រូវពិនិត្យមើលលើទិដ្ឋភាពច្បាប់ ហើយករណីនេះ ជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ»។
ក្រៅពីបញ្ហាអង្គការមិនមែនរដ្ឋាភិបាលនេះ លោកស្រីឯកអគ្គរាជទូតក៏ចង់ដឹងពីមូលហេតុ ដែលនាំឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសមិនអាចចុះឈ្មោះ និងបោះឆ្នោតបាន?
ប្រធាន គ.ជ.ប បានអះអាងថា ការិយាល័យចុះឈ្មោះបោះឆ្នោតត្រូវមានទីតាំងនៅសាលាឃុំសង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោត ដូច្នេះពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស គួរវិលមកប្រទេសកម្ពុជា ដើម្បីចុះឈ្មោះបោះឆ្នោត ប្រសិនបើចង់ចូលរួមការបោះឆ្នោតនៅពេលខាងមុខ។
លោក ស៊ិក ប៊ុនហុក បន្ដថា ម្យ៉ាងទៀតការិយាល័យបោះឆ្នោតច្បាប់ មិនបានអនុញ្ញាតឲ្យដំណើរការនៅក្រៅប្រទេសនោះទេ ពោលការិយាល័យបោះឆ្នោតទាំងអស់ ត្រូវបើកដំណើរឲ្យដំណើរក្នុងពេលតែមួយក្នុងប្រទេសកម្ពុជា៕