ម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ បានមកដល់ភ្នំពេញហើយ, ទទួលស្វាគមន៍ដោយរដ្ឋមន្រ្តីក្រសួងអប់រំ និងកីឡាករជាច្រើននាក់

FN ៖ នៅវេលាម៉ោង៣៖៥៥នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះ ម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ បានមកដល់ភ្នំពេញហើយ, ដោយមានទទួល ស្វាគមន៍ដោយលោក ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC តំណាងលោករដ្ឋមន្រ្តី ថោង ខុន និងកីឡាករ-កីឡាការិនី ជាច្រើននាក់ផងដែរ។ ការអញ្ជើញមកដល់របស់ម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ មានការរៀបចំក្បួនដង្ហែរម៉ូតូធំចំនួន ១២គ្រឿង ដើម្បីទទួលស្វាគមន៍ ម្ចាស់មេដាយមាសកីឡាប៉េតង់ ពិភពលោក World Championship Petaque 2017។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា ការរៀបចំក្បួនម៉ូតូកិត្តិយស១២គ្រឿង គឺជាអនុសាសន៍ណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីលើកទឹកចិត្តជាពិសេស សម្រាប់អត្តពលិកដណ្ដើមបាន​មេដាយមាស​ថ្នាក់ពិភពលោក។ លើសពីនេះសម្ដេចតេជោ ហ៊ុន សែន ក៏នឹងអនុញ្ញាតឲ្យកីឡាការិនី…

ប្រមុខក្រសួងទេសចរណ៍៖ ឱកាសចូលឆ្នាំខ្មែរនេះ ភ្ញៀវទេសចរដើរកម្សាន្តទូទាំងប្រទេស ជាង៤លាននាក់ ចាយលុយអស់២០០លានដុល្លារ

FN ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០១៧នេះភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលចេញដើរកម្សាន្តនៅទូទាំងប្រទេស មានចំនួនជាង៤លាននាក់ ដោយបានចំណាយលុយអស់​ប្រមាណ២០០លានដុល្លារអាមេរិក នេះបើតាមលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះ។ លោករដ្ឋមន្រ្តីបានថ្លែងយ៉ាងដូច្នេះថា «ឱកាសចូលឆ្នាំខ្មែរនេះ ភ្ញៀវទេសចរដែលបានដើរកម្សាន្តទូទាំងប្រទេសមានចំនួន ៤,១៨៩,៧៥១នាក់ កើន៣៣.៦% និងទេសចរអន្តរជាតិ ៦៥,៦៩៤នាក់ កើន៦.៦% ចំណាយលុយអស់ប្រមាណ ២០០លានដុល្លារអាមេរិក»។ បើតាមក្រសួងទេសចរណ៍ ភ្ញៀវទេសចរដែលចេញទស្សនានៅទូទាំងប្រទេស រួមមាន៖ * រាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ១៤៥,០០៣នាក់។ * ខេត្តសៀមរាប និងខេត្តជុំវិញ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ១,៨៧៤,៦២៧នាក់។ * ខេត្តជាប់សមុទ្រ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ៣៨៩,០៥២នាក់។ * ខេត្តភាគខាងជើង ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ២៤០,២២៩នាក់។ * ខេត្តបាត់ដំបង និងខេត្តជុំវិញ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ៥៣៦,២៩១នាក់។ * ខេត្តផ្សេងទៀតទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ១,០៧០,២៤៣នាក់៕

បេឡាជាតិរបបសន្តិសុខសង្គម អំពាវនាវដល់អ្នកបើកបរយានយន្ត ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន នាឱកាសបុណ្យចូលឆ្នាំខ្មែរ

FN ៖ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានអំពាវនាវផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ កម្មករនិយោជិត និងអ្នកបើកបរទាំងអស់ ក្នុងពេលធ្វើដំណើរជិតឆ្ងាយ ត្រូវប្រកាន់ខ្ជាប់នូវការគោរពច្បាប់ចរាចរណ៍ជាប់ជានិច្ច។ ប.ស.ស បានណែនាំឲ្យអ្នកបើកបរទាំងអស់ អនុវត្តនូវវិធានការដូចខាងក្រោម៖ * ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ទាំងអ្នកបើកបរ អ្នកជិះខាងក្រោយ និងកុមារ ពេលធ្វើដំណើរតាមម៉ូតូ * ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវ ពេលធ្វើដំណើរតាមរថយន្ត ទាំងអ្នកបើកបរ និងអ្នករួមដំណើរ * បើពិសាគ្រឿងស្រវឹង កុំបើកបរឲ្យសោះ * កុំបើកបរលើសល្បឿងកំណត់ * កុំវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ * កុំធ្វើដំណើរតាមយានយន្តផ្ទុកលើសចំណុះ កុំជិះលើដំបូង កុំដាក់ដៃលយចេញក្រៅ កុំឈរតោងរយីងរយោង * គោរពសិទ្ធិអាទិភាពពេលបើកបរ និងបើកបរចេះអធ្យាស្រ័យ * កុំប្រើទូរសព្ទដៃក្នុងពេលកំពុងបើកបរ * ត្រួតពិនិត្យយានយន្ត និងគ្រឿងម៉ាស៊ីន មុនពេលបើកបរ * ត្រូវមានបណ្ណបើកបរត្រឹមត្រូវ តាមប្រភេទយានយន្ត * ត្រូវមានសម្ភារៈចំណាំងផ្លាតលើខ្លួន ឬយានយន្ត នៅពេលធ្វើដំណើរពេលយប់ នៅកន្លែងដែលគ្មានភ្លើងបំភ្លឺ។