ក្រសួងអប់រំ កំណត់យកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាកាលបរិច្ឆេទប្រឡងបាក់ឌុប

FN ៖ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ជាកាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៩-២០២០។ នេះបើតាមលិខិតរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ញើទៅលោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ។ លិខិតរបស់រដ្ឋមន្ត្រីក្រសួងអប់រំបានបញ្ជាក់ថា បន្ទាប់ពីទទួលបានគោលការណ៍ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងអប់រំនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ នៅតាមគ្រឹះស្ថានមធ្យមសិក្សា (ទុតិយភូមិ) តាមលំនាំនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ។ ក្រសួងនឹងប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ទៅដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងគណៈគ្រប់គ្រងនៃគ្រឹះស្ថានមធ្យមសិក្សា ទាំងក្នុងដំណាក់កាលរៀបចំ ដំណាក់កាលសំណេរ ដំណាក់កាលកំណែ ដំណាក់កាលបូកស្រង់ និងការប្រកាសលទ្ធផល។ ក្រសួងអប់រំ នឹងទទួលស្គាល់លទ្ធផល នៃការប្រឡងតាមគ្រឹះស្ថានមធ្យមសិក្សា ដើម្បីជាមូលដ្ឋាន សម្រាប់ការចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។…

ប្រកាសពន្យារពេលប្រឡងបាក់ឌុបពីថ្ងៃទី២១-២២ ខែធ្នូ ទៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩

FN ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បានជូនដំណឹងពីការពន្យារពេល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ប្រឡងបាក់ឌុប) ដែលគ្រោងរៀបចំនៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០ ទៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១វិញ។ សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា សម្រាប់កាលបរិច្ឆេទច្បាស់លាស់ នៃការប្រឡង ក្រសួងនឹងជូនដំណឹងនៅពេលក្រោយ។ សូមបញ្ជាក់ថា ការប្រកាសពន្យាពេលប្រឡងបាក់ឌុប សម្រាប់ឆ្នាំសិក្សា២០១៩-២០២០នេះ ក៏ដោយសារកម្ពុជាផ្ទុះឡើងនូវជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ជាធ្វើឲ្យមានអ្នកឆ្លងជាបន្ដបន្ទាប់៕

នឹងទិញវ៉ាក់សាំងសំរាប់ ១០ លាននាក់ បន្ថែមលើ ១ លានដូស នៃដំណាក់កាលទីមួយ

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ស្មារតីសាមគ្គីភាព (និង)វប្បធម៍នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយ កូវីដ១៩ ក្នុងចំណោមប្រជាជនកម្ពុជាយើង មាន(ទំហំ)ធំមហាសាលដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៍រឹងមាំ។ មកដល់ពេលនេះ ថវិកាដែលសប្បុរសជន(បាន)ចូលតាមតិចតាមច្រើនតាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣០ លានដុល្លារ។ ដោយមានសំណូមពរពីប្រជាជនយើង​  ខ្ញុំព្រះករុណាខ្ញុំ​ សុំបន្ថែមគណនី ​២ ទៀត នៅធនាគារ អេស៊ីលីដា ​និងភ្នាក់ងារវីង​ដែលអាចផ្ទេរជាប្រាក់រៀលនិងប្រាក់ដុល្លារ ដោយមិនមានការបង់សេវា។ សម្រាប់វីងចំពោះប្រាក់រៀលគឺ​ 9992,  ប្រាក់ដុល្លារគឺ​ 9991។ ចំពោះ អេស៉ីលីដា ប្រាក់រៀលគឺ​ 00010556999989 (និង) ចំពោះប្រាក់ដុល្លារគឺ​ 00010556999999។ សូមជនរួមជាតិយើងដែលចង់ចូលរួម ផ្ញើប្រាក់តាមរយៈលេខគណនីខាងលើនេះ ដើម្បីចូលរួមទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលខ្ញុំព្រះករុណាខ្ញុំ មានបំណងចាក់ជូនប្រជាជនឱ្យបាន ១០ លាននាក់ ដែលត្រូវការវ៉ាក់សាំងរហូត(ដល់) ២០ លានដូស និងតម្រូវការចំពោះមុខនាដំណាក់កាលទីមួយចំនួន ១ លានដូសសម្រាប់ចាក់ជូន ៥០ ម៉ឺននាក់ដែលកំពុងបំពេញការងារនៅកន្លែងដែលមានហានិភ័យ និងកំពុងមានហានិភ័យ។ (ក្នុងនោះ ជា)អាទិភាព (យើង)ផ្តល់ជូនគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរ​បាល​យុត្តិធម៍គ្រប់ប្រភេទ រហូតដល់កម្មករបោសសំរាមសំអាតទីក្រុងទីប្រជុំជន។ល។ ដែលត្រូវទទួលបាននៅដំណាក់កាលទីមួយនេះ។ ខ្ញុំព្រះករុណាខ្ញុំជឿជាក់ថាកម្ពុជាយើងពិតជាអាចធ្វើបានក្នុងស្មារតីសាមគ្គី និងការចូលរួមដូចសព្វថ្ងៃនេះ៕