FN ៖ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ជាកាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៩-២០២០។ នេះបើតាមលិខិតរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ញើទៅលោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ។
លិខិតរបស់រដ្ឋមន្ត្រីក្រសួងអប់រំបានបញ្ជាក់ថា បន្ទាប់ពីទទួលបានគោលការណ៍ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងអប់រំនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ នៅតាមគ្រឹះស្ថានមធ្យមសិក្សា (ទុតិយភូមិ) តាមលំនាំនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ។
ក្រសួងនឹងប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ទៅដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងគណៈគ្រប់គ្រងនៃគ្រឹះស្ថានមធ្យមសិក្សា ទាំងក្នុងដំណាក់កាលរៀបចំ ដំណាក់កាលសំណេរ ដំណាក់កាលកំណែ ដំណាក់កាលបូកស្រង់ និងការប្រកាសលទ្ធផល។ ក្រសួងអប់រំ នឹងទទួលស្គាល់លទ្ធផល នៃការប្រឡងតាមគ្រឹះស្ថានមធ្យមសិក្សា ដើម្បីជាមូលដ្ឋាន សម្រាប់ការចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
លោក ហង់ជួន ណារ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងសម្រេចកំណត់ សម័យប្រឡង ១១ មករា ២០២១ ជាកាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៩-២០២០។ ក្រសួងនឹងចេញសេចក្តីណែនាំលម្អិតស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងពេលឆាប់ៗនេះ»។
ក្រសួងអប់រំ បានស្នើសុំឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា មេត្តាសម្របសម្រួលផ្ទៃក្នុង និងផ្តល់ព័ត៌មានត្រឡប់អំពីគ្រឹះស្ថានសិក្សាឯកជន ដែលមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯងមកក្រសួងវិញ ត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដើម្បីធ្វើការពិនិត្យ និងសម្រេច៕