ដកស្រង់ប្រសាសន៍ សារសំឡេងពិសេសក្នុងករណីមានអ្នកជំងឺកូវីដ-១៩ ស្លាប់ សម្រេចយកការបូជាសព មិនមែនការបញ្ចុះទេ

  ឯកឧត្តម ម៉ម ប៊ុនហេង, ឯកឧត្ត លោកជំទាវអភិបាលរាជធានីខេត្ត, កន្លងមកនេះដោយសារមិនទាន់មានសភាពការណ៍ដល់កម្រិតធ្ងន់ យើងពុំទាន់រៀបចំនូវវិធានការមួយ​ដែលជាវិធានការចាំបាច់ចុងក្រោយ នោះគឺករណីមរណភាព ឬហៅថាការស្លាប់របស់អ្នកដែល​មានជំងឺកូវីដ–១៩។ បញ្ហាចោទឡើងថា តើយើងត្រូវបូជាឬយើងត្រូវកប់។ អម្បាញ់មិញនេះ ខ្ញុំបានពិភាក្សាជាមួយ ឯកឧត្តម ម៉ម ប៊ុនហេង គឺបានកំណត់យកវិធានការថា អ្នកដែលមានជំងឺកូវីដ–១៩ ត្រូវតែធ្វើការបូជា។ ចំណុចនេះគឺគេអាចយល់បាន បើទោះបីថាទំនៀមទំលាប់ជនជាតិខ្លះមិនអាច​ធ្វើការបូជាក៏ដោយ ប៉ុន្តែករណីពិសេសសម្រាប់ជំងឺកូវីដ-១៩ នេះ យើងត្រូវតែធ្វើការបូជាជាចាំបាច់ព្រោះយើងមិនមានដីដើម្បីដាក់កន្លែងនេះសពមួយ កន្លែងនោះសពមួយនោះទេ។ ប្រទេសជាច្រើនបានប្រើប្រាស់ដីធ្លីកប់រហូតដល់ ២, ៣ ជាន់នៃមនុស្ស ហើយដែលគ្មានក្រុមគ្រួសារចូល​រួម​បានទេ។ សម្រាប់យើង យើងប្រើប្រាស់វិធានការដុត វិធានការបូជា ជាវិធានការដែលងាយស្រួលក្នុងការគ្រប់គ្រង។ សុំបញ្ជាក់ថាប្រទេសសិង្ហបុរី ទោះបីថាទំនៀមទម្លាប់របស់ចិននៅសិង្ហបុរីត្រូវកប់ ប៉ុន្តែដោយសារនៅប្រទេសសិង្ហបុរីមានដីតូចគឺមិនអនុញ្ញាតឲ្យមានការកប់នោះទេ។ សូម្បីតែអតីតនាយករដ្ឋមន្រ្តី លី ក្វាន់យូ របស់សិង្ហបុរីដែលជាបិតាបង្កើតប្រទេសសិង្ហបុរី ក៏នៅតែត្រូវបានបូជាដែរព្រោះមិនមានដីកប់នោះទេ។ យើងមិនមែនខ្វះដីកប់ទេ ក៏ប៉ុន្តែដើម្បីធានានូវវិធានការមួយសម្រាប់ការគ្រប់គ្រងដីធ្លី ដូចជាកុំឲ្យកើតពាសពេញជាមួយនឹងការដាក់សពកន្លែងនេះបន្តិចកន្លែងនោះបន្តិច យើងត្រូវប្រើប្រាស់វិធីបូជាជាចាំបាច់។ ប៉ុន្មានថ្ងៃមុននេះ យើងបានប្រើចំពោះជនជាតិចិនដែលបានស្លាប់នៅក្នុងព្រឹត្តិការណ៍មួយ ក៏បានធ្វើការបូជាដែរ។ សាលារាជធានីធ្វើការបូជា។ ឥឡូវនេះ សាលារាជធានីកំពុងតែសាងសង់នូវបច្ឆាសម្រាប់ការបូជានេះ។ ខ្ញុំស្នើឲ្យចាត់វិធានការតាមបណ្តាខេត្តនានា ដើម្បីរៀបចំក្នុងករណីមានការស្លាប់នូវអ្នកដែលកើតជំងឺកូវីដ-១៩…

ដកស្រង់ប្រសាសន៍ សារសំឡេងពិសេសក្នុងករណីជនជាតិមូស្លីមមរណភាព ដោយសារជំងឺកូវីដ-១៩ អាចធ្វើពិធីបញ្ចុះទៅតាមប្រពៃណីតាមទំនៀមទំលាប់

សូមផ្ញើជូនចំពោះឯកឧត្តម លោកជំទាវ ឯកឧត្តម ម៉ម ប៊ុនហេង, ឯកឧត្តម កើត រឹទ្ធិ ព្រមទាំង អភិបាលខេត្តរាជធានី, ក្នុងសារដែលខ្ញុំផ្តល់កាលពីម្សិលម្ង៉ៃ ពាក់ព័ន្ធនឹងការត្រូវបូជាសព មានសំណើលើកឡើងពីសហគមន៍ឥស្លាមទាក់ទិននឹងការបញ្ចុះសព ដែលនោះចាត់ទុកថាជាកាតព្វកិច្ចដែលមិនអាចចៀសវាងបានសម្រាប់សហគមន៍មូស្លីម។ ដូច្នេះ ខ្ញុំបានអនុញ្ញាតដោយមានការលើកលែងជាករណីពិសេសសម្រាប់បងប្អូនមូស្លីមកម្ពុជា ដែលនឹងត្រូវទទួលបាននូវការអនុញ្ញាតឲ្យមានការបញ្ចុះសពទៅតាមរបៀបចាត់​ចែង​មួយដែលមានធ្វើវិធានសុខាភិបាលទៅតាមនោះផងដែរ។ អញ្ចឹង នៅក្នុងពេលដែលធ្វើអនុក្រឹត្យក៏ត្រូវមានចែងបញ្ញត្តិដោយឡែក ដែលមានករណីលើកលែងចំពោះបងប្អូនមូស្លីមនៅកម្ពុជាក្នុងករណីដែលមានការមរណភាពដោយសារកូវីដ-១៩ នេះ។ នេះគឺជារឿងចាំបាច់ តែខ្ញុំគិតថាបងប្អូនមូស្លីមប្រហែលជាមិនមានករណីមរណៈភាពដោយសារកូវីដ-១៩ នោះទេ ប៉ុន្តែនេះជាការបង្ការរបស់យើងក្នុងករណីដែលកើតមាន គឺអនុញ្ញាតឲ្យពួកគាត់បានធ្វើពិធីបញ្ចុះទៅតាមប្រពៃណីតាមទំនៀមទំលាប់នៃការគោរពរបស់បងប្អូនមូស្លីមនៅកម្ពុជា។ សុំឯកឧត្តម លោកជំទាវ មេត្តាយោគយល់អំពីបញ្ហានេះ។ សង្ឃឹមថាបងប្អូនជនរួមជាតិរបស់យើងក៏យោគយល់អំពីបញ្ហានេះ ព្រោះភាគច្រើននៅប្រទេសរបស់យើង គឺជាប្រទេសដែលធ្វើការបូជាទេ ប៉ុន្តែ ករណីមូស្លីមក៏ជាករណីមួយផ្សេងដែលយើងត្រូវគោរពទៅតាមប្រពៃណី ទំនៀមទម្លាប់របស់ពួកគាត់។ ច្បាស់ជាមានសំណើពីជនជាតិចិនហើយ។ ប៉ុន្តែ ខ្ញុំគិតថា ករណីចិនគឺដូចជាមិនទាន់មានការត្រូវបែងចែកនោះទេ ព្រោះបញ្ហានេះជាករណីកូវីដ-១៩។ ច្បាស់ជាមានបញ្ហាលើកឡើងហើយ។ យើងត្រូវខិតខំពន្យល់អំពីបញ្ហានេះ ដើម្បីចៀសវាងការចោទឡើងទាក់ទងជាមួយសាសនានេះសាសនានោះ … ប្រជាជន(មូស្លីម)នៅក្នុងប្រទេសកម្ពុជាយើងមានតែ ៥ ភាគរយ តែប៉ុណ្ណឹងទេ។ ដូច្នេះ ចំនួននេះហើយដែលខ្ញុំជឿថា ប្រហែលជាមិនមានស្លាប់ពីកូវីដ-១៩ សម្រាប់ជនជាតិមូស្លីមនោះទេ នៅក្នុងពេលដែលពួកគាត់​អនុវត្តវិធានការសុខាភិបាលនោះ។ សូមអរគុណ។ សុំយកទៅអនុវត្ត។…

បញ្ជាឱ្យបិទកាស៉ីណូ និងបិទការធ្វើដំណើរចេញចូលតំបន់ទីប្រជុំជនជ្រៃធំជាបណ្តោះអាសន្ន

FN ៖ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានចេញលិខិតបញ្ជាឱ្យអភិបាលស្រុកកោះធំបិទកាស៉ីណូចំនួន ៦កន្លែង និងបិទការធ្វើដំណើរចេញចូលតំបន់ទីប្រជុំជនជ្រៃធំជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោយរកឃើញជនបរទេសចំនួន ៥នាក់ មានផ្ទុកវីរុសកូវីដ១៩ នៅក្នុងទីប្រជុំជនជ្រៃធំនេះ។ ក្នុងលិខិតរបស់អភិបាលខេត្តកណ្ដាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា រដ្ឋបាលខេត្តបានណែនាំដូចខាងក្រោម៖ ១៖ បិទជាបណ្តោះអាសន្ននូវការស៉ីណូចំនួន ៦កន្លែង រួមមាន៖ កាស៉ីណូ និងសណ្ឋាគារជីនសាគុងហ្វូ កាស៉ីណូប៊ីន កាស៉ីណូក្រោន កាស៉ីណូហ្គេន កាស៉ីណូកាឡាក់ស៊ី និងកាស៉ីណូយុងយ័ន។ ២៖ បិទជាបណ្តោះអាសន្នមិនឲ្យជនបរទេសធ្វើដំណើរចេញ-ចូលទីប្រជុំជនជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ។ ៣៖ ត្រូវសហការអនុវត្តជាបន្ទាន់ក្នុងការប្រមូលជនបរទេស និងមុខសញ្ញាពាក់ព័ន្ធ យកមកធ្វើតេស្តសំណាកឱ្យបានត្រឹមត្រូវ និងរៀបចំប៉ុស្តិ៍ប្រចាំការ ដើម្បីគ្រប់គ្រងមណ្ឌលចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់។ ៤៖ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការណែនាំបន្ថែម លើការងារបង្ការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល៕