សេចក្តីដកស្រង់ប្រសាសន៍សង្កថា សម្តេចតេជោ ហ៊ុន សែន សម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ

មន្ទីរពេទ្យទំនើបនិងធំជាងគេនៅបណ្តាខេត្ត ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី វេជ្ជបណ្ឌិត លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ បងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីមេត្រី។ ថ្ងៃនេះ ខ្ញុំមានការសប្បាយរីករាយ ដែលបានមកចូលរួមជាមួយនឹងឯកឧត្តម វ៉ាង វិនធៀន ក៏ដូចជា ជាមួយសម្ដេច ឯកឧត្តម លោកជំទាវ ក៏ដូចជាបងប្អូនជនរួមជាតិ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់នូវមន្ទីរពេទ្យដ៏ទំនើប និងធំជាងគេនៅតាមខេត្ត/ជនបទរបស់ព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃនេះ យើងបានទទួលនូវសមិទ្ធផលថ្មីមួយ ដែលកើតចេញជាផ្លែផ្កានៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងកម្ពុជា-ចិន ដែលបានកសាងឡើងតាំងពីព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ជាមួយនឹងមេដឹកនាំចាស់របស់ចិន ហើយវាក៏បានកើតឡើងនៅក្នុងកាលៈទេសៈដែលកម្ពុជានិងចិន បានឈានទៅដល់ការពង្រីកនូវចំណងទាក់ទង ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។ សមិទ្ធផលដែលយើងឃើញនៅទីនេះ គឺជាសមិទ្ធផលដែលមិនធ្លាប់មាន នៅក្នុងទឹកដីនៃបណ្ដាខេត្តរបស់យើង ដែលនេះគឺជាទីតាំងមួយដ៏ធំ បម្រើឱ្យសុខុមាលភាព​របស់ប្រជាជន។ មន្ទីរពេទ្យនេះ ជាគោលដៅរបស់យើងកាលពីពេលមុន។ ពេលដែលយើងបានដាក់សំណើចំពោះសាធារណរដ្ឋប្រជាមានិតចិន កសាងនូវមន្ទីរពេទ្យនេះ…

សេចក្តីដកស្រង់ ប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារ កូវីដ-១៩ ជូនជនវ័យជំទង់ អាយុពី ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ

ធ្វើវ៉ាក់សាំងវ័យជំទង់ បង្កើតភាពស៊ាំក្នុងសហគមន៍ ដើម្បីបើកសាលារៀនចាប់ពីអនុវិទ្យាល័យ ថ្ងៃនេះ យើងបានរួមគ្នាដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់កុមារ និងយុវវ័យ ដែលកិច្ចការនេះមិនមែនជាការរៀបចំដោយចៃដន្យទេ។ យើងបានគិតគូរហ្មត់ចត់ ទម្រាំយើងមានយុទ្ធនាការនៅថ្ងៃនេះ ព្រមពេលជាមួយនឹងយុទ្ធនាការ ដែលយើងកំពុងតែបន្តទៅលើមនុស្សចាប់ពី ១៨ ឆ្នាំឡើងលើ។ ការចាក់វ៉ាក់សាំងរបស់កុមារ(វ័យជំទង់)ថ្ងៃនេះ គឺជាជំ​ហានដ៏សំខាន់ដើម្បីឱ្យមានភាពស៊ាំនៅក្នុងសហគមន៍។ យើងធ្លាប់និយាយជាហូរហែមកថា កុមារជាទំពាំងស្នងឫស្សី។ (ប៉ុន្តែ)ប្រសិនបើកុមារខូចសុខភាពចាប់ពីពេលនេះ យើងពុំមានឫស្សីដែលល្អនោះទេ។ មួយផ្នែកទៀត ផលប៉ះពាល់ដែលបានកើតឡើង ក្នុងពេលវេលានៃ កូវីដ-១៩ គឺប៉ះពាល់យ៉ាងធ្ងន់ទៅលើបញ្ហា​ការបណ្ដុះបណ្ដាល​ធនធានមនុស្ស។ ស្ទើរគ្រប់ប្រទេស មានការបិទសាលារៀន។ ចំណុចនេះ យើងកំពុងគិតគូររៀបចំធ្វើយ៉ាងណាឱ្យបានបើកសាលារៀនឡើងវិញ ហោចណាស់ ចាប់ពីអនុវិទ្យាល័យឡើងទៅ។ ការធ្វើសន្និសីទថ្ងៃនេះ ដើរព្រមជាមួយនឹងយុទ្ធនាការចាក់វ៉ាក់សាំង ដែលមុននេះ ខ្ញុំគ្រាន់តែបានសង្កេតពីការរៀបចំសម្រាប់ចាក់(វ៉ាក់សាំង)ឱ្យចៅរបស់ខ្ញុំតែប៉ុណ្ណោះ ក៏ប៉ុន្តែនៅមានកុមារច្រើនទៀតដែលនឹង(ត្រូវបាន)ចាក់(វ៉ាក់សាំង)នៅថ្ងៃនេះ និងនៅកន្លែងនេះ។ (យើងចាប់ផ្ដើមចាក់)នៅទីក្រុងភ្នំពេញ នៅខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកណ្ដាល ព្រោះយើងត្រូវចាក់(វ៉ាក់សាំង)ក្មេងវ័យជំទង់ចាប់ពីអាយុ ១២ ឆ្នាំដល់ ១៧ ឆ្នាំ (ប្រមាណ) ២ លាននាក់បន្ថែម។ សម្រាប់ថ្ងៃនេះ សន្និសីទកាសែតដែលមុននេះពោរពេញដោយអ្នកកាសែត ក៏យើងត្រូវកាត់បន្ថយចំនួន ហើយឱ្យចូលតែប៉ុន្មាននាក់ប៉ុណ្ណោះ។ មុននឹងចូល(កម្មវិធីនេះ)ទៀតសោត ម្សិលមិញមានការធ្វើតេស្តដោយម៉ាស៊ីនធំ(រក…