សេចក្ដីដកស្រង់ប្រសាសន៍ ពិធីអបអរខួបទី ២០ កងទ័ពជើងគោក

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃនាយក ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។ សម្ដេច ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិជាទីមេត្រី។ នាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទជាទីមេត្រី។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានចូលរួមរំលឹកខួបអនុស្សាវរីយ៍លើកទី ២០ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមអបអរសាទរចំពោះការរីកធំធាត់នៃកងទ័ពជើងគោក និយាយដោយឡែក និងនិយាយរួម សម្រាប់កងយោធពលខេមរភូមិន្ទរបស់យើង។ ខ្ញុំព្រះករុណាខ្ញុំ ក៏សុំយកឱកាសនេះ ថ្លែងជូននូវការអរគុណចំពោះអតីតយុទ្ធជនយុទ្ធនារី ដែលបានចូលនិវត្តន៍ ហើយជាពិសេសគឺថ្លែងនូវការកោតសរសើរ និងអរគុណចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ដែលបានដឹកនាំ គ្រប់គ្រងកងទ័ពជើងគោកក្នុងរយៈពេលកន្លងទៅ។ បន្ថែមលើនោះ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ ផ្ញើជូននូវការសួរសុខទុក្ខដោយការគោរពចំពោះក្រុមគ្រួសារ នៃគ្រួសារយុទ្ធជនដែលបានពលី មរណៈក្នុងរយៈពេលកន្លងទៅនេះ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលឃើញការរីកធំធាត់នៃកងកម្លាំងប្រដាប់អាវុធកម្ពុជា និយាយជារួម និងនិយាយដោយឡែក គឺកងទ័ពជើងគោករបស់កម្ពុជា ដែលមេបញ្ជាការកងទ័ពជើងគោកក៏បានធ្វើរបាយការណ៍រួចហើយ​។ ខ្ញុំព្រះករុណាខ្ញុំ ក៏ចង់យកឱកាសនេះ ដើម្បីបញ្ជាក់ជូនអំពីប្រវត្តិទាក់ទងជាមួយនឹងកងទ័ពទាំងមូល ហើយក៏ទាក់ទងជាមួយនឹងបញ្ហាកងទ័ពជើងគោកផងដែរ។ ប្រវត្តិ ៩ វិច្ឆិកា ១៩៥៣ ថ្ងៃបង្កើតកងទ័ពខេមរភូមិន្ទ…