ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃនាយក ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។
សម្ដេច ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិជាទីមេត្រី។
នាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទជាទីមេត្រី។
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានចូលរួមរំលឹកខួបអនុស្សាវរីយ៍លើកទី ២០ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមអបអរសាទរចំពោះការរីកធំធាត់នៃកងទ័ពជើងគោក និយាយដោយឡែក និងនិយាយរួម សម្រាប់កងយោធពលខេមរភូមិន្ទរបស់យើង។ ខ្ញុំព្រះករុណាខ្ញុំ ក៏សុំយកឱកាសនេះ ថ្លែងជូននូវការអរគុណចំពោះអតីតយុទ្ធជនយុទ្ធនារី ដែលបានចូលនិវត្តន៍ ហើយជាពិសេសគឺថ្លែងនូវការកោតសរសើរ និងអរគុណចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ដែលបានដឹកនាំ គ្រប់គ្រងកងទ័ពជើងគោកក្នុងរយៈពេលកន្លងទៅ។
បន្ថែមលើនោះ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ ផ្ញើជូននូវការសួរសុខទុក្ខដោយការគោរពចំពោះក្រុមគ្រួសារ នៃគ្រួសារយុទ្ធជនដែលបានពលី មរណៈក្នុងរយៈពេលកន្លងទៅនេះ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលឃើញការរីកធំធាត់នៃកងកម្លាំងប្រដាប់អាវុធកម្ពុជា និយាយជារួម និងនិយាយដោយឡែក គឺកងទ័ពជើងគោករបស់កម្ពុជា ដែលមេបញ្ជាការកងទ័ពជើងគោកក៏បានធ្វើរបាយការណ៍រួចហើយ។ ខ្ញុំព្រះករុណាខ្ញុំ ក៏ចង់យកឱកាសនេះ ដើម្បីបញ្ជាក់ជូនអំពីប្រវត្តិទាក់ទងជាមួយនឹងកងទ័ពទាំងមូល ហើយក៏ទាក់ទងជាមួយនឹងបញ្ហាកងទ័ពជើងគោកផងដែរ។
ប្រវត្តិ ៩ វិច្ឆិកា ១៩៥៣ ថ្ងៃបង្កើតកងទ័ពខេមរភូមិន្ទ
ហេតុអ្វីបានជាកងទ័ពជើងគោករបស់យើង ទើបនឹងមានអាយុ ២០ ឆ្នាំ នៅក្នុងពេលដែលកងទ័ពរបស់យើងមានប្រវត្តិអាយុទៅដល់ ៦៥ ឆ្នាំ? ដោយយើងបានកំណត់យកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ គឺជាថ្ងៃឯករាជ្យរបស់កម្ពុជាពីអាណានិគមនិយមបារាំង ធ្វើជាថ្ងៃកំណើតកងទ័ព។ គេអាចដឹងបានអំពីភាពសាំញ៉ាំនៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលយើងក៏បានទើបនឹងធ្វើបុណ្យខួបលើកទី ២០ នៃនយោបាយឈ្នះឈ្នះ ដែលនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី ក៏ដូចជាការឯកភាពនៃកងកម្លាំងប្រដាប់អាវុធជាលើកដំបូងនៃក្នុងប្រវត្តិសាស្រ្តរបស់យើង។ ឆ្នាំ ១៩៥៣ នៅពេលដែលកម្ពុជាទទួលបានឯករាជ្យ ពេលនោះកងយោធពលខេមរភូមិន្ទក៏ត្រូវបានបង្កើតឡើង ហើយដែលយើងយកថ្ងៃ(ឯករាជ្យជាតិជាថ្ងៃកំណើតកងទ័ព)នោះ វាងាយស្រួលនៅក្នុងការឯកភាពគ្រប់កម្លាំង ព្រោះថា មិនមែនមានតែកម្លាំងក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ដើម្បីទាមទារនូវឯករាជ្យពីបារាំង ដូចជាកងជីវពល និងនារីក្លាហាននោះទេ ក៏ប៉ុន្តែនៅមានកម្លាំងផ្សេងទៀត ដូចជាកម្លាំងខ្មែរឥស្សរៈ និងកម្លាំងផ្សេងៗដទៃទៀតផងដែរ។ ដូច្នេះ ប្រសិនបើយើងមិនយកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ទេ គឺយើងនឹងមានការលំបាក តើនឹងត្រូវជ្រើសរើសយកថ្ងៃណាពិតប្រាកដ។
សូម្បីតែខ្លួនខ្ញុំ ក៏ខ្ញុំមានកំណើតនៃការកសាងកងទ័ពរបស់ខ្ញុំដោយឡែកមួយដែរ គឺនៅថ្ងៃទី ១២ ខែឧសភា ១៩៧៨ គឺជាថ្ងៃបង្កើតនៃកម្លាំងអង្គភាពរៀបរយលើកដំបូង បន្ទាប់ពីកម្លាំងដែលមានរួចមកហើយ។ ប៉ុន្តែអង្គភាពរៀបរយដំបូងជាផ្លូវការ ដែលមានឈ្មោះថា អង្គភាពលេខ ១២៥ ក៏ជាថ្ងៃកំណើតរបស់កងទ័ពរបស់ខ្ញុំដែរ។ ដូច្នេះ ដើម្បីជាការងាយស្រួល ខ្ញុំបានស្នើទៅព្រះករុណា សម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដើម្បីយកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ធ្វើជាថ្ងៃកំណើតកងទ័ព។ នេះជាប្រវត្តិអតីតកាលនៃកម្លាំងប្រដាប់អាវុធរបស់កម្ពុជា។ សូម្បីតែកម្លាំងខ្មែរក្រហម ក៏ត្រូវមានប្រវត្តិមួយដាច់ដោយឡែក។ សាធារណរដ្ឋខ្មែររបស់ពួក លន់ នល់ ក៏មានប្រវត្តិកងទ័ពដោយឡែក។ កម្លាំងតស៊ូនៅជាយដែនក៏មានប្រវត្តិមួយដោយឡែកពីគ្នា។ ខ្មែរក្រហមមានប្រវតិ្តមួយទៅ កងទ័ពរណសិរ្សរំដោះជាតិខ្មែរក៏មានប្រវត្តិមួយទៅ ហ្វ៊ុនស៊ិនប៉ិច ក៏មានប្រវត្តិមួយទៅ ប៉ុន្តែថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ គឺជាថ្ងៃងាយស្រួលបំផុតក្នុងការឯកភាពគ្នា។
មិនមានទម្លាប់បែងចែកប្រភេទទ័ព និងមានបញ្ជាការដ្ឋានខុសគ្នា
យើងវិលមកនិយាយអំពីបញ្ហាទាក់ទងថា ដាក់ចេញជាសំណួរថា ហេតុអ្វីបានជាកងទ័ពជើងគោករបស់យើង ទើបនឹងមានអាយុកាលចំនួន ២០ ឆ្នាំ? ដូចដែលមេបញ្ជាការកងទ័ពជើងគោកបានរាយការណ៍។ មុននេះ យើងមិនមានទម្លាប់ក្នុងការបែងចែកប្រភេទកងទ័ព។ ទោះបីជាយើងមានទាំងកងជើងអាកាស និងកងជើងទឹក ក៏យើងមិនមានទម្លាប់ក្នុងការបែងចែកប្រភេទទ័ព ជាបញ្ជាការដ្ឋានខុសគ្នានោះទេ … ខ្ញុំសុំអោយមានការកែតម្រូវទៅលើប្រវត្តិកងទ័ពជើងគោក នៅក្នុងកថាខណ្ឌទាក់ទងនឹងការបង្កើតក្រសួងការពារជាតិ និងអគ្គសេនាធិការ។ បានជាខ្ញុំនិយាយយ៉ាងដូច្នេះដោយសារតែម្សិលមិញនេះ នៅក្នុងពេលធ្វើដំណើរពីទីក្រុងប៉េកាំង មកទីក្រុងភ្នំពេញ ខ្ញុំមានការអារម្មណ៍ថា អ្វីដែលជាការព្រៀងសម្រាប់អោយខ្ញុំនោះ អាចនឹងមានចន្លោះប្រហោង។ ដូច្នេះ ឆ្លៀតពេលនៅលើយន្តហោះនោះ ខ្ញុំក៏ឆ្លៀតសរសេរ ដោយ note តាមរយៈទូរស័ព្ទដៃរបស់ខ្ញុំនេះ។ ពេលមកដល់ ខ្ញុំពិនិត្យឃើញថា យើងមិនអាចប្រើប្រាស់នូវឯកសារនោះបានទេ ដោយសារមានចន្លោះប្រហោង។
រដ្ឋកម្ពុជារំសាយជីវពល ២៤ ម៉ឺននាក់ កងទ័ពជាង ២ ម៉ឺននាក់ ជាឯកតោភាគី
ខ្ញុំមានការចាំបាច់ដើម្បីនឹងនិយាយទៅកាន់នាយទាហាន នាយទាហានរង ពលទាហាន ក៏ដូចជាប្រជាជនកម្ពុជា និងប្រិយមិត្តទាំងអស់អោយបានជ្រាបថា ដំបូងគួរតែត្រូវចាប់ផ្ដើមថា យើងមានជម្លោះប្រដាប់អាវុធសង្រ្គាមរ៉ាំរ៉ៃ ហើយត្រូវឆ្លងកាត់នូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ នៅក្នុងកិច្ចព្រមព្រៀងទីក្រុងបារីស តម្រូវអោយមានការឈប់បាញ់នៅនឹងកន្លែង និងការកាត់រំសាយកងទ័ពចំនួន ៧០%។ ពេលនោះ កងទ័ពនៃភាគីអតីតរដ្ឋកម្ពុជាមានចំនួន ១៤ ម៉ឺននាក់ ជាមួយនឹងកងជីវពលចំនួន ២៤ ម៉ឺននាក់ និងកងនគរបាលជាតិប្រមាណជាជាង ៤ ម៉ឺននាក់។ យើងបានសម្រេចព្រមព្រៀងគ្នា នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស តម្រូវអោយមានការកាត់រំសាយកងទ័ពចំនួន ៧០% ក៏ប៉ុន្តែ ដោយសារការបំផ្លាញ និងមិនព្រមអនុវត្តកិច្ចព្រមព្រៀងទីក្រុងបារីសរបស់ពួកខ្មែរក្រហម កងទ័ពមិនត្រូវបានកាត់រំសាយ និងមិនត្រូវបានប្រមូលផ្ដុំដើម្បីរំសាយអាវុធនោះទេ។
កងទ័ពរំសាយមួយចំនួន ទិញសក្តិពីកងទ័ព(ភាគី) ហ្វ៊ុនស៊ិនប៉ិច និងពីកងទ័ព(ភាគី) សឺន សាន
យ៉ាងណាក៏ដោយ រដ្ឋកម្ពុជាបានរំសាយកម្លាំងប្រដាប់អាវុធរបស់ខ្លួន គឺកងជីវពលចំនួន ២៤ ម៉ឺននាក់ ហើយកងទ័ពក៏ត្រូវបានកាត់រំសាយចំនួនជាង ២ ម៉ឺននាក់ផងដែរ។ គឺជាការកាត់រំសាយជាឯកតោភាគី។ កងទ័ពដែលកាត់រំសាយមួយចំនួននោះ មានមួយចំនួនទៅទិញសក្តិពីកងទ័ព(ភាគី) ហ្វ៊ុនស៊ិនប៉ិច និងពីកងទ័ព(ភាគី) សឺន សាន រួចហើយបានវិលត្រឡប់ចូលមកក្នុងកងទ័ពវិញ។ នេះជាប្រវត្តិរបស់កងទ័ពកម្ពុជា។ កាត់រំសាយចេញពីកងទ័ពរបស់អតីតរដ្ឋកម្ពុជា ក៏ប៉ុន្តែគេទៅទិញសក្តិពីកងទ័ពរបស់ ហ្វ៊ុនស៊ិនប៉ិច និងពីកងទ័ពរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ រួចហើយគេវិលត្រឡប់ចូលមកក្នុងកងទ័ពវិញ។ សព្វថ្ងៃនេះ មានមួយចំនួនស៊ីឈ្មោះគេ ក៏នៅសេសសល់នៅឡើយ ដែលយើងខិតខំធ្វើការរក្សាទុក ក៏ប៉ុន្តែក៏យើងដឹងហើយថា អ្នកណាស៊ីឈ្មោះអ្នកណានោះ។ យើងយល់អំពីបញ្ហានេះ។
ឆ្នាំ ១៩៩៣ គ្មានគណបក្សណាមួយមានសមត្ថភាពអនុម័តរដ្ឋធម្មនុញ្ញ
… ពេលដែលខ្ញុំចាប់ផ្ដើមធ្វើនាយករដ្ឋមន្រ្តី កងទ័ពរបស់អតីតរដ្ឋកម្ពុជាមានទៅដល់ ១៥ ម៉ឺននាក់។ ក៏ប៉ុន្តែ ក្នុងរង្វង់ឆ្នាំ ១៩៨៧ យើងបានកាត់បន្ថយចំនួនកម្លាំងកងទ័ពពី ១៥ ម៉ឺននាក់ មកនៅ ១៤ ម៉ឺននាក់វិញ។ ហើយ ១៤ ម៉ឺននាក់នេះ ក៏ត្រូវរំសាយជាង ២ ម៉ឺននាក់ ជាឯកតោភាគី នៅក្នុងឆ្នាំ ១៩៩២ ដើម្បីអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ក៏ប៉ុន្តែយើងនៅទ្រឹងត្រឹមប៉ុននេះ មិនអាចកាត់រំសាយបន្ថែមទៀតទេ។ យើងមិនត្រូវភ្លេចថា ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ១៩៩៣ បន្ទាប់ពីការបោះឆ្នោតរួចហើយ ពេលនោះ ខ្ញុំជាមួយនឹងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលពេលនោះជាគណបក្សមួយដែលមានសំឡេងឆ្នោតច្រើនលើសពីគណបក្សប្រជាជនកម្ពុជា និយាយអោយពិតទៅលើរឿងនេះ (ដោយ)គណបក្ស ហ្វ៊ុនស៊ិនប៉ិច មាន ៥៨ កៅអី និងគណបក្សប្រជាជនកម្ពុជាមាន ៥១ កៅអី គណបក្សរបស់លោកតា សឺន សាន មាន ១០ កៅអី គណបក្សម៉ូលីណាការមាន ១ កៅអី។ គណបក្សទាំងអស់គ្មានគណបក្សណាមួយដែលមានសមត្ថភាព ដើម្បីនឹងអនុម័តនូវរដ្ឋធម្មនុញ្ញ ដែលត្រូវប្រើប្រាស់ ២ ភាគ ៣។ កុំថាឡើយទៅដល់ការអនុម័តនូវរដ្ឋធម្មនុញ្ញ គ្រាន់តែការអនុម័តដោយសំឡេង ៥០ បូក ១ ក៏មិនអាចធ្វើទៅបានផង។
ព្រឹត្តិការណ៍ត្រូវចាប់ខ្លួនថ្ងៃ ២ មិថុនា ១៩៩៣
ខ្ញុំសុំយកឱកាសនេះ ទំលាយអាថ៌កំបាំងមួយ ដែលអ្នកដទៃមិនបានដឹង ប៉ុន្តែឥស្សរជននៅទីនេះមួយចំនួនបានដឹងគឺសម្ដេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តម កែ គឹមយ៉ាន ឯកឧត្តម ប៉ុល សារឿន។ ខ្ញុំ ក្នុងឋានៈជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីនៅពេលនោះ ហើយឯកឧត្តម ប៉ុល សារឿន ជានាយអគ្គសេនាធិការនៅពេលនោះ ត្រូវបានគេចាប់ឃុំក្នុងផ្ទះរួចស្រេចទៅហើយ។ ប្រហែលជាព្រឹត្តិការណ៍ដែលអ្នកការទូតទាំង ឡាយ និងប្រិយមិត្តបរទេសអាចដឹងអំពីបញ្ហានេះ គឺនៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ១៩៩៣ ឯកឧត្តម ប៉ុល សារឿន ត្រូវគេចាប់ឃុំនៅក្នុងផ្ទះមុនខ្លួនខ្ញុំ។ បន្ទាប់ទៅ ខ្ញុំក៏ត្រូវ(ចាប់ឃុំក្នុងផ្ទះ)។ ជាការធ្វេសប្រហែសដ៏ធំមួយរបស់ខ្ញុំ ដែលធ្វើដំណើរទៅកាន់ផ្ទះអ្នកដទៃ ហើយមានតែតៃកុងឡានម្នាក់ និងមានអង្គរក្សម្នាក់។ ខ្ញុំក៏ត្រូវបានចាប់ឃុំខ្លួនក្នុងផ្ទះ។ ខ្ញុំក៏បានប្រាប់ទៅអ្នកដែលចាប់ខ្ញុំឃុំនៅក្នុងផ្ទះថា ដើម្បីចៀសវាងការបង្ហូរឈាម ខ្ញុំសុខចិត្តចាកចេញពីតំណែង ហើយប្រគល់ឲ្យអស់លោកធ្វើជានាយករដ្ឋមន្រ្តីបន្ត។ អ្នកទាំងនោះមិនព្រមទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតនោះទេ។ ដូច្នេះ ដើម្បីនឹងដោះស្រាយបញ្ហារបស់ពួកគេ គឺចាប់នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាអ្នកយុទ្ធសាស្រ្តធំបំផុតរបស់គណបក្សប្រជាជន។ ខ្ញុំបានប្រាប់ថា “យើងមិនអាចធ្វើយ៉ាងដូច្នោះទេ។ ដើម្បីចៀសវាងការបង្ហូរឈាម ល្ងាចនេះ នៅម៉ោង ៦ ល្ងាច ខ្ញុំនឹងប្រកាសលាលែងចេញពីតំណែង ហើយអតីតរដ្ឋសភារបស់រដ្ឋកម្ពុជានៅសេសសល់ សុំបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី”។ ពេលនោះ ខ្ញុំក៏ឆ្លៀតឱកាសដើម្បីនឹងអញ្ជើញសម្តេច ជា ស៊ីម សម្តេច ហេង សំរិន ដែលពេលនោះនៅមានងារជាឯកឧត្តម, ឯកឧត្តម ទៀ បាញ់, កែ គឹមយ៉ាន, និងសមាជិកគណអចិន្ត្រៃយ៍មួយចំនួនទៀតបានទៅកាន់ទីនោះតែម្តង។ ពេលដែលទៅដល់ ខ្ញុំបាននិយាយថា ខ្ញុំនឹងប្រកាសលាលែងចេញពីតំណែងនាល្ងាចនេះតែម្តង។ ខ្ញុំនៅចាំបានថា ឯកឧត្តម ទៀ បាញ់ និងឯកឧត្តម កែ គឹមយ៉ាន បានប្រតិកម្មយ៉ាងខ្លាំង ហើយបានបញ្ជាក់ថា បើមានការលាលែងពីតំណែងរបស់ខ្ញុំ ការបង្ហូរឈាមមួយ នឹងត្រូវចាប់ផ្តើម។
ការចាប់ខ្លួន ហ៊ុន សែន មិនបានសម្រេច ដោយសារការជួយសង្គ្រោះពី ទៀ បាញ់ និង កែ គឹមយ៉ាន
ដូច្នេះ បំណងប្រាថ្នានៃការចាប់ខ្លួន ហ៊ុន សែន ដើម្បីនឹងសម្រេចនូវការបំផ្លាញចោលលទ្ធផល នៃការបោះឆ្នោតឆ្នាំ ១៩៩៣ ដែលរៀបចំដោយអ៊ុនតាក់ គឺមិនត្រូវបានសម្រេចតាមរយៈការជួយសង្គ្រោះ ដែលខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការអរគុណចំពោះអ្នកទាំងឡាយ ហើយជាពិសេស ឯកឧត្តម ទៀ បាញ់, កែ គឹមយ៉ាន ដែលបានជួយសង្គ្រោះខ្ញុំនៅក្នុងកាលៈទេសៈដ៏លំបាកនោះ។ ឯកឧត្តម ប៉ុល សារឿន គ្មានលទ្ធភាពទេ ព្រោះ ប៉ុល សារឿន ត្រូវបានគេចាប់មុនខ្ញុំប៉ុន្មានម៉ោងរួចស្រេចទៅហើយ។
ពង្រឹងសមត្ថភាពកម្លាំងត្រូវបញ្ជាផ្ទាល់ ចៀសវាងភាពច្រំដែលនៃប្រវត្តិសាស្រ្ត
នេះជាការទម្លាយអាថ៌កំបាំងមួយ។ (ដោយសារតែ)បញ្ហានេះហើយ ដែលខ្ញុំបានពង្រឹងសមត្ថភាពកម្លាំងដែលខ្ញុំត្រូវបញ្ជាផ្ទាល់ ដើម្បីចៀសវាងភាពច្រំដែលនៃប្រវត្តិសាស្រ្ត ដូចថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ១៩៩៣។ ដល់ថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ១៩៩៤ ក៏ត្រូវមានការប៉ុនប៉ងធ្វើរដ្ឋប្រហារចាប់ខ្លួនខ្ញុំសាជាថ្មីម្តងទៀត … ហើយការចាប់ខ្លួនទាំងអស់ សុទ្ធតែមានបំណងបំផ្លាញចោលនូវសមិទ្ធផលសន្តិភាព។ ឧទាហរណ៍ ខ្ញុំទទូចឲ្យទទួលស្គាល់នូវលទ្ធផលនៃការបោះឆ្នោត បើទោះបីជាការចាត់តាំងការបោះឆ្នោតដោយស្មោគគ្រោករបស់អ៊ុនតាក់(ក៏ដោយ) ក៏ប៉ុន្តែយើងត្រូវតែទទួលស្គាល់នូវលទ្ធផលនៃការបោះឆ្នោតនេះ។ ដោយសារភាពរឹងរូសរបស់ខ្ញុំនេះហើយ បានជាខ្ញុំត្រូវទទួលនូវការចាប់ខ្លួន។
ក្នុងដំណាក់កាលកាន់អំណាច មិនអនុញ្ញាតឲ្យមានរដ្ឋប្រហារកើតឡើង
រដ្ឋប្រហារ ដែលបានកើតឡើង តែមិនទាន់ផ្ទុះអាវុធ និងត្រូវបានបង្រ្កាបទាន់ពេលវេលា ក្រៅពីការត្រូវកម្ទេចសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺគេត្រៀមរៀបចំចាប់ខ្លួនខ្ញុំ យកទៅទុកនៅឯខេត្តព្រៃវែង។ នេះកើតឡើងនៅក្នុងខែកក្កដា ឆ្នាំ ១៩៩៤។ ខ្ញុំទម្លាយអាថ៌កំបាំងនេះ ហើយខ្ញុំត្រូវតែនិយាយម្តងហើយម្តងទៀតថា ក្នុងដំណាក់កាលដែល ហ៊ុន សែន កាន់អំណាច មិនអនុញ្ញាតឲ្យមានរដ្ឋប្រហារកើតឡើងនោះទេ។ រឿងរដ្ឋប្រហារនេះ វាក៏បានបំផ្លិចបំផ្លាញកម្ពុជាតាមរយៈរដ្ឋប្រហារ ១៨ មីនា ១៩៧០ ដែលទីចុងបំផុត កងទ័ព បង្កើតដោយសម្តេច ព្រះនរោត្តម សីហនុ ត្រូវបង្វិលចុងកាណុងដើម្បីទម្លាក់ សម្តេច ព្រះនរោត្តម សីហនុ នោះវិញ។
បង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន សហនាយករដ្ឋមន្រ្តី សហរដ្ឋមន្រ្តីការពារជាតិ និងមហាផ្ទៃ
… បន្ទាប់ពីខ្ញុំបង្ក្រាបអបគមន៍ និងដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនរួចហើយ ខ្ញុំបានពិភាក្សាជាមួយថ្នាក់ដឹកនាំនៃគណបក្សប្រជាជន ដោយយើងសុខចិត្តរំសាយរដ្ឋកម្ពុជានៅនឹងកន្លែង ដែលវាមិនមានចែងក្នុងកិច្ចព្រមព្រៀងប៉ារីសនោះទេ។ កិច្ចព្រមព្រៀងប៉ារីស តម្រូវឲ្យមានការបោះឆ្នោតជ្រើសតាំងសភាធម្មនុញ្ញ ហើយនៅពេលដែលសភាធម្មនុញ្ញក្លាយទៅជាសភាជាតិ បង្កើតនូវរដ្ឋាភិបាលរួចហើយនោះ គឺជាពេលវេលានៃការបញ្ចប់វត្តមានអន្តរាគមន៍របស់អង្គការសហប្រជាជាតិ ដែលនៅកម្ពុជាមានឈ្មោះថា អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ គឺអ៊ុនតាក់ (UNTAC)។ ថ្ងៃ ១៨ មិថុនា គឺជាថ្ងៃចម្រើនព្រះជន្មសម្តេចម៉ែ ខ្ញុំ និងសម្តេច ក្រុមព្រះនរោត្តម រណឫទ្ធិ បានពិភាក្សាគ្នា សម្រេចមិននិយាយដល់ការរំសាយអ្វីទាំងអស់ ប៉ុន្តែ និយាយអំពីការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ ដែលខ្ញុំ និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ធ្វើជាសហនាយករដ្ឋមន្រ្តី។ ជាមួយគ្នានោះដែរ ខ្ញុំ ជាមួយសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ធ្វើជាសហរដ្ឋមន្រ្តីក្រសួងការពារជាតិ និងធ្វើជាសហរដ្ឋមន្រ្តីនៃក្រសួងមហាផ្ទៃ។ ដូច្នេះ នៅក្នុងប្រវត្តិនេះ ខ្ញុំក៏បានពាក់ព័ន្ធជាមួយនឹងការធ្វើសហរដ្ឋមន្រ្តីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃមួយរយៈ គឺក្នុងដំណាក់កាលអន្តរកាល។
រដ្ឋាភិបាលបណ្តោះអាសន្ន ឈរលើរចនាសម្ព័ន្ធរដ្ឋកម្ពុជា, កងទ័ពក៏គ្រាន់តែបញ្ចូលអគ្គសេនាធិការ
ខ្ញុំសូមបញ្ជាក់ថា នៅក្នុងអត្ថបទអំពីប្រវត្តិនៃកងទ័ពជើងគោក បាននិយាយថា “បន្ទាប់មក ក្នុងរយៈពេលដ៏ខ្លី ក្រសួងការពារជាតិ និងអគ្គសេនាធិការកងទ័ពជើងគោកកម្ពុជា បានចាប់កំណើតឡើ …“ ការកសាងឡើងវិញស្អីៗនេះ មិនអាចត្រូវទេ។ សូមបញ្ជាក់ថា ការរៀបចំរដ្ឋាភិបាលបណ្តោះអាសន្ន គឺត្រូវឈរលើរចនាសម្ព័ន្ធរដ្ឋកម្ពុជាទាំងអស់។ កងទ័ពក៏ដូចគ្នា។ រក្សានូវរចនាសម្ព័ន្ធកងទ័ពរបស់រដ្ឋកម្ពុជា គ្រាន់តែពេលនោះ បញ្ចូលមកសម្រាប់អគ្គសេនាធិការ។ ពេលនោះខ្ញុំពិភាក្សាជាមួយឯកឧត្តម ទៀ បាញ់ ហើយដោយមានសំណូមពរផ្ទាល់ពីឯកឧត្តម ប៉ុល សារឿន បានស្នើសុំថា គាត់មិនបន្តមុខតំណែងជានាយអគ្គសេនាធិការទេ គាត់ស្នើសុំឲ្យឯកឧត្តម កែ គឹមយ៉ាន ធ្វើជានាយអគ្គសេនាធិការ។ ពេលមុន ឯកឧត្តម កែ គឹមយ៉ាន ជានាយអគ្គសេនាធិការរួចម្តងហើយ ហើយបន្ទាប់ទៅ ក្លាយជាអនុរដ្ឋមន្រ្តីទី ១ នៃក្រសួងការពារជាតិ។ ឯកឧត្តម ប៉ុល សារឿន ត្រូវធ្វើជានាយអគ្គសេនាធិការ។ តែដល់ពេលដែលរៀបចំនូវរដ្ឋាភិបាលបណ្តោះអាសន្ន ឯកឧត្តម កែ គឹមយ៉ាន ត្រូវធ្វើជានាយអគ្គសេនាធិការពេលនោះ ឯកឧត្តម មាស សុភា ធ្វើជានាយអគ្គសេនាធិការរង ហើយបញ្ចូលមកពីខាងភាគីហ្វ៊ុនស៊ិនប៉ិច មាន ញឹក ប៊ុនឆៃ ជាអគ្គសេនាធិការរងទី ១ លី សេងហុង និង ម៉ៅ ប៊ុនថន។
គ្រប់ភាគីបញ្ចូលមនុស្ស តែផ្អែកលើរចនាសម្ព័ន្ធ ភារកិច្ច តួនាទី ក្របខណ្ឌនៃអតីតរដ្ឋកម្ពុជា
កុំភ្លេចប្រវត្តិ។ ត្រូវចងក្រងប្រវត្តិឲ្យមានភាពលម្អិតរបស់វា … ការពិភាក្សាបានត្រូវរ៉ូវគ្នា បានចែកក្រសួងស្ថាប័នគ្នាកាន់ ក៏ប៉ុន្តែ ភាគីហ្វ៊ុនស៊ិនប៉ិច និងភាគីរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ បានចូលមករួមនៅក្នុងរដ្ឋាភិបាលចម្រុះពេលនោះ នៅក្នុងក្របខណ្ឌនៃរចនាសម្ព័ន្ធរបស់រដ្ឋកម្ពុជាទាំងអស់ ដោយសារតែអគ្គសេនាធិការរបស់រណសិរ្សសង្រ្គោះប្រជាពលរដ្ឋខ្មែរនៅឯសាយធូ ជាយដែន។ គ្មានអគ្គសេនាធិការទេ។ ម្យ៉ាងទៀត កងទ័ពរបស់លោក សឺន សាន ក៏បានបែកចេញពីលោក សឺន សាន រួចស្រេចទៅហើយ គឺឧត្តមសេនីយ៍ សាក ស៊ុតសាខន។ ឯកឧត្ដម អៀង ម៉ូលី ពេលនោះក៏ត្រូវលោក សឺន សាន បណ្តេញចេញពីតំណាងរាស្រ្ត ប៉ុន្តែ ត្រូវបានអ៊ុនតាក់ទប់ស្កាត់ទាន់ពេល។ បោះឆ្នោតរួចហើយ ជាប់ជាតំណាងរាស្រ្ត ត្រូវលោកតា សឺន សាន ជាអ្នកដេញ អៀង ម៉ូលី ចេញ។ នៅចាំទេ ប្រវត្តិអស់ទាំងនេះ។ គ្រប់ស្ថាប័នទាំងអស់ គ្រាន់តែបញ្ចូលមនុស្សមកតែប៉ុណ្ណោះ ប៉ុន្តែត្រូវនៅក្នុងក្របខណ្ឌនៃរចនាសម្ព័ន្ធ ភារកិច្ច តួនាទីដែលមានស្រាប់ នៅក្នុងក្របខណ្ឌនៃការកំណត់របស់អតីតរដ្ឋកម្ពុជា។ នេះជាប្រវត្តិដែលទាក់ទងនឹងការកើតឡើង។
សម្តេច ជា ស៊ីម គាល់សម្តេចឪថា គ្មានការជំទាស់ និងគាំទ្រការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន
… បន្ទាប់ពីការឯកភាពគ្នានេះហើយ នៅយប់ថ្ងៃទី ១៨ នោះ នៅព្រះបរមរាជវាំង ទទួលព័ត៌មានថា សម្ដេច ជា ស៊ីម បានប្រឆាំងជាមួយនឹងផែនការបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ន។ ពេលនោះ សម្តេចឪ បានមានទំនាក់ទំនងមកខ្ញុំ ប្រធានអ៊ុនតាក់ Yasushi Akashi ក៏បានធ្វើទំនាក់ទំនងមកខ្ញុំ ក្នុងរង្វង់ប្រមាណជាម៉ោងជិត ១១ យប់ ខ្ញុំ និងសម្តេច ជា ស៊ីម បានចូលទៅគាល់ព្រះមហាក្សត្រ ហើយដែលពេលនោះ កំពុងមានការជប់លៀងដើម្បីអបអរសាទរចម្រើនព្រះជន្មរបស់សម្តេចម៉ែនៅឯ(ប្រាសាទ)ភោជនីយ នៅក្នុងព្រះបរមរាជវាំង ដែលពេលនោះមានទាំងវត្តមានរបស់សម្តេចក្រុមព្រះ នរត្តម រណឫទ្ធិ ក៏ដូចជាវត្តមានប្រធានអ៊ុនតាក់ Yasushi Akashi។ ពេលដែលចូលទៅដល់ ព្រះករុណាព្រះបិតា ព្រះអង្គបានឲ្យសម្តេច ជា ស៊ីម អង្គុយជាប់ជាមួយព្រះអង្គ ឯខ្ញុំជាមួយសម្តេចក្រុមព្រះ បានអង្គុយទល់នឹង(គ្នា)។ ព្រះអង្គបានសួរថា តើមានព័ត៌មានថាសម្តេច ជា ស៊ីម បានជំទាស់នឹងផែនការបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមែនទេ? សម្តេច ជា ស៊ីម បានឆ្លើយដោយផ្ទាល់មាត់របស់គាត់ថា គាត់គាំទ្រ ហើយរឿងនេះជាផែនការដែលបានពិភាក្សា និងមានការគាំទ្រពេញទំហឹង។
ឋានន្តរសក្តិជា Général Hors Classe
ពេលដែលដឹងថា មានការគាំទ្រយ៉ាងដូច្នេះ ដោយសារខ្ញុំត្រូវកាន់តួនាទីជានាយករដ្ឋមន្រ្តីផង ជាសហរដ្ឋមន្រ្តីការពារជាតិផង និងសហរដ្ឋមន្រ្តីមហាផ្ទៃផង ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះអង្គបានប្រទាននូវឋានន្តរសក្តិជា Général Hors Classe ពេលនោះដែលព្រះអង្គបាននិយាយជាភាសាបារាំងថា ជា Général Hors Classe ដែលគេហៅថា ឧត្តមសេនីយ៍ផុតលេខ នៅពេលនោះតែម្តង គឺយប់នោះហើយ គឺជាយប់ដែលខ្ញុំបានពាក់សក្តិជាលើកដំបូង ជាមួយនឹងសម្តេច ជា ស៊ីម។ ព្រះរាជក្រឹត្យចេញមក ៣ នាក់តែម្តង ទាំងសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងខ្ញុំ ជាឧត្តមសេនីយ៍ផ្កាយមាស ៥។ ប៉ុន្តែឧត្ដមសេនីយ៍ផ្កាយមាស ៥ នេះ ក៏ត្រូវបានកាត់បន្ថយ ក្រោយមកទម្លាក់ ១ សក្តិម្នាក់ ពីផ្កាយ ៥ មកផ្កាយ ៤ ពីផ្កាយ ៤ មកផ្កាយ ៣ ពីផ្កាយ ៣ ទៅផ្កាយ ២ ដល់ក្រោយមកនេះ ឡើងផ្កាយ ៥ វិញនេះ តាមព្រះរាជទានរបស់ព្រះករុណាសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅក្នុងជាមួយនឹងគោរម្យងារជាសម្ដេចតេជោ។
ហេតុអ្វី អគ្គបញ្ជាការកងកម្លាំងប្រដាប់អាវុធ ក្រោយមកក្លាយជា អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ?
… បន្ថែមលើនេះ ខ្ញុំសុំបញ្ជាក់បន្ថែមទៀតថា ហេតុអ្វីបានជាក្រោយមកយើងមានអគ្គបញ្ជាការកងកម្លាំងប្រដាប់អាវុធ ដែលក្រោយមកក្លាយទៅជាអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ? ព្រះករុណាព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានបញ្ជាក់ថា សុំឲ្យសហនាយករដ្ឋមន្ត្រីទាំងពីរ ក្លាយទៅជាអគុ្គបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ។ ដូច្នេះហើយបានជានៅក្នុងឆ្នាំ ១៩៩៤ យើងក៏បានបង្កើតឡើងនូវអគ្គបញ្ជាការកងកម្លាំងប្រដាប់អាវុធ។ សុំបញ្ជាក់ថា អគ្គបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ គឺមានតួនាទីខុសគ្នា។ អគ្គបញ្ជាការសព្វថ្ងៃ គឺបញ្ជាតែលើកងទ័ពប៉ុណ្ណោះ ឯអគ្គបញ្ជាការកងកម្លាំងប្រដាប់អាវុធ គឺបញ្ជាលើគ្រប់កម្លាំងទាំងអស់ ដែលមានប្រភេទអាវុធទាំងអស់។ នេះគេហៅថា អគ្គបញ្ជាការកងកម្លាំងប្រដាប់អាវុធ មានទីបញ្ជាការនៅអតីតសារមន្ទីរកងទ័ព ដែលមុននោះក៏ជាអតីតទីបញ្ជាការនៃអគ្គបញ្ជាការកងទ័ពជំនាន់ លន់ នល់ ហើយតាំងពីជំនាន់បារាំង ឥឡូវនេះក្លាយទៅជា អង្គភាពប្រឆាំងអំពើពុករលួយ។
រាជរដ្ឋាភិបាលនីតិកាលទី ២ … លុបចោល អគ្គបញ្ជាការកងកម្លាំងប្រដាប់អាវុធ
ពេលនោះ ខ្ញុំ ជាមួយនិងសម្តេចក្រុមព្រះ បានក្លាយជាសហអគ្គបញ្ជាការកងកម្លាំងប្រដាប់អាវុធ សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម ទៀ ចំរ៉ាត់ ក្លាយទៅជាអគ្គបញ្ជាការរង នៃកងកម្លាំងប្រដាប់អាវុធកម្ពុជា។ ប៉ុន្តែបន្ទាប់ពីការបោះឆ្នោតនីតិកាលទី ២ នាខែកក្កដា ឆ្នាំ ១៩៩៨ និងបន្ទាប់ពីការបង្កើតនូវរាជរដ្ឋាភិបាលនីតិកាលទី ២ ហើយសម័យប្រជុំលើកដំបូង នៅថ្ងៃទី ២ ធ្នូ ឆ្នាំ ១៩៩៨ ដែលខ្ញុំបានដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណ ពេលនោះក៏មាននិយាយទៅដល់ការកែទម្រង់កងកម្លាំងប្រដាប់អាវុធ ស្របពេលដែល ខៀវ សំផន នួន ជា និងមេដឹកនាំដទៃទៀត បានមកចុះចូលដល់ផ្ទះ។ ខ្លួនខ្ញុំក៏បានអញ្ជើញឯកឧត្តម ទៀ បាញ់ ឯកឧត្តម កែ គឹមយ៉ាន និងប៉ុល សារឿន មាស សុភា រៀបចំកែសម្រួលនេះ គឺត្រូវធ្វើនៅផ្ទះខ្ញុំនៅតាខ្មៅនោះ។ តើអ្នកទាំងឡាយនៅចាំទេ ពេលនោះយកកុំព្យូទ័រទៅវាយនៅផ្ទះខ្ញុំ កែសម្រួលកម្លាំងដោយខ្ញុំ ដោយពេលនោះ យើងបានឯកភាពគ្នាលុបចោលនូវអគ្គបញ្ជាការកងកម្លាំងប្រដាប់អាវុធ។
សុំបញ្ជាក់លើចំណុចនេះបន្តិច បន្ទាប់ពីព្រឹត្តិការណ៍ខែកក្កដា ឆ្នាំ ១៩៩៨ រួចហើយ អគ្គបញ្ជាការកងកម្លាំងប្រដាប់អាវុធនៅសល់តែខ្ញុំទេ គ្មានសហអគ្គបញ្ជាការទៀតទេ។ ខ្ញុំមិនចង់ឲ្យបន្តនៅក្នុងមុខតំណែងជាអគ្គបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធទៀតទេ។ យើងត្រូវធ្វើការកែទម្រង់ ដោយរៀបចំនូវព្រះរាជ្យក្រឹត្យថ្មី លុបចោលសហអគ្គបញ្ជាការ លុបចោលអគ្គបញ្ជាការកងកម្លាំងប្រដាប់អាវុធ ជាមួយការលាលែងពីតំណែងអគ្គបញ្ជាការកងកម្លាំងប្រដាប់អាវុធរបស់ខ្ញុំ និងអគ្គបញ្ជាការរងរបស់ឯកឧត្តម ទៀ បាញ់។ យើងក៏បានលើកតួនាទីដែលមានស្រាប់ ត្រូវច្របាច់បញ្ចូលគ្នា ជាមួយអគ្គបញ្ជាការកម្លាំងប្រដាប់អាវុធ ហើយផ្ទេរពីអគ្គសេនាធិការ ទៅជាអគ្គបញ្ជាការ។ ពេលនោះហើយដែលឯកឧត្តម កែ គឹមយ៉ាន ក្លាយទៅជាអគ្គបញ្ជាការជំនួសឲ្យខ្លួនខ្ញុំ ឯកឧត្តម ប៉ុល សារឿន ក្លាយទៅជាសេនាធិការចម្រុះ ហើយឯកឧត្តម មាស សុភា ក្លាយទៅជាអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក។
ខ្ញុំប្រាកដថា បញ្ជាការកងទ័ពជើងអាកាស និងបញ្ជាការដ្ឋានកងទ័ពជើងទឹក ក៏ត្រូវបានកើតមានអាយុដំណាលគ្នាក្នុងពេលនោះ ដែលយើងត្រូវបានចាប់ផ្ដើមញែកទៅជាកងទ័ពជើងគោក កងទ័ពជើងអាកាស និងកងទ័ពជើងទឹក។ នៅក្នុងនេះ យើងក៏បានបែងចែកនូវក្របខ័ណ្ឌទទួលខុសត្រូវ រវាងថ្នាក់អគ្គបញ្ជាការដែលត្រូវគ្រប់គ្រងអង្គភាពមួយចំនួន និងបញ្ជាការជើងគោក ត្រូវគ្រប់គ្រងអង្គភាពមួយចំនួន ហើយបន្តរហូតមកសព្វថ្ងៃនេះ ដែលអគ្គបញ្ជាការនៅបន្តគ្រប់គ្រងកម្លាំងមួយចំនួន ដែលជាកម្លាំងអន្តរាគមន៍ធុនធ្ងន់ បន្ថែមទៅលើកម្លាំងកងទ័ពជើងគោក។ នេះជាចំណុចដែលខ្ញុំសុំយកការបញ្ជាក់ ដើម្បីឲ្យទាំងអស់គ្នាបានយល់អំពីសភាពការណ៍ទាំងឡាយ ដែលពាក់ព័ន្ធជាមួយនឹងកំណើតលើកទី ២០ នៃការរៀបចំកងទ័ពជើងគោក គឺវាចាប់ផ្តើមពីស្ថានភាពបត់បែនយ៉ាងដូច្នេះ។ កាលពីជំនាន់រដ្ឋកម្ពុជា មានយន្តហោះរាប់សិបគ្រឿង មាននាវាចម្បាំង ក៏ប៉ុន្តែយើងគ្រាន់តែហៅជាទីបញ្ជាការកងទ័ពជើងទឹក និងជាទីបញ្ជាការកងទ័ពជើងអាកាស។ ឥឡូវនេះ ជាបញ្ជាការដ្ឋានកងទ័ពជើងទឹក បញ្ជាការដ្ឋានកងទ័ពជើងអាកាស ហើយក៏បញ្ជាការដ្ឋានកងទ័ពជើងគោក។
នេះជាអ្វីដែលជាការចងចាំ។ ខ្ញុំអាចនិយាយបាន បញ្ជាក់ថា ប្រវត្តិអតីតកាលខ្ញុំមិនច្បាស់ទេ តែប្រវត្តិចាប់តាំងពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៧៧ នៅពេលដែលខ្ញុំចាប់ផ្តើមយកជីវិតធ្វើដើមទុន ហើយប្តូរផ្តាច់ដឹកនាំ គូសវាសជោគវាសនានៃប្រទេស រឿងរ៉ាវទាំងឡាយប្រហែលជាមិនចន្លោះពីការចងចាំរបស់ខ្ញុំនោះទេ។ ខ្ញុំសូមអបអរសាទរជាមួយនឹងការរីកធំធាត់ ទន្ទឹមនឹងនិយាយចំពោះកងទ័ពជើងគោកដែលមានវត្តមាននៅថ្ងៃនេះ ក៏មានអត្ថន័យនិយាយចំពោះប្រភេទទ័ពដទៃទៀត ដែលមានទាំងជើងទឹក ជើងអាកាស ហើយក៏មានទៅដល់ប្រភេទនៃកងទ័ពជំនាញជាអង្គភាពរថក្រោះ ជាអង្គភាពកាំភ្លើងធំ ជាវិស្វកម្ម និងជាផ្នែកដទៃទៀត ដែលស្ថិតនៅក្នុងក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ។
ការផ្លាស់ប្តូរទីតាំងអគ្គបញ្ជាការ
ខ្ញុំសូមអបអរសាទរជាមួយការរីកធំធាត់ ហើយសុំអរគុណ និងកោតសរសើរទីបញ្ជាការកងទ័ពជើងគោកនេះ។ ពីមុន ខ្ញុំចង់ឲ្យទីនេះក្លាយទៅជាអគ្គបញ្ជាការដ្ឋាន ដោយសារតែអគ្គបញ្ជាការដែលនៅទីក្រុងភ្នំពេញ ដែលជាអង្គភាពប្រឆាំងអំពើពុករលួយបច្ចុប្បន្ននេះ វាមិនសក្តិសមជាទីកន្លែងដែលត្រូវបញ្ជាទ័ពទេ។ តូចណាស់។ ហើយផ្ទះខ្ពស់ៗនៅពីខាងលើ គេច្បាមយកតែពីចំណុចខ្ពស់ខាងលើ គឺគេសង្កត់មេបញ្ជាការងើបក្បាលមិនរួច។ ប៉ុន្តែ បងប្អូនបានធ្វើការស្រុះស្រួលគ្នាដោះដូរ រវាងកាលពីដើមទីបញ្ជាការកងទ័ពជើងគោកនៅជាប់នឹងក្រសួងការពារជាតិ បញ្ចេញមកទីនេះ ហើយអគ្គបញ្ជាការត្រូវទៅនៅជិតជាមួយនឹងក្រសួងការពារជាតិ។ នៅទីនេះ មួយផ្នែកយើងក៏ឲ្យតុលាការខ្មែរក្រហមខ្ចីធ្វើជាទីតាំងកាត់ទោសខ្មែរក្រហម ក៏ប៉ុន្តែសុំកុំភ្លេចថា កន្លែងនោះគឺជាផ្នែកមួយនៃអគ្គបញ្ជាការ ដែលឥឡូវក្លាយទៅជាទីបញ្ជាការនៃកងទ័ពជើងគោក។ នៅពេលដែលកាត់ទោសខ្មែរក្រហមចប់ហើយនោះ សាលាក្តីខ្មែរក្រហមនៅខាងក្រោយខ្នងនេះ នឹងទម្លាយរបងក្លាយទៅ សាលប្រជុំទាំងអស់នោះក្លាយទៅជាសាលប្រជុំមេបញ្ជាការនៃកងទ័ពជើងគោក។ នេះជាប្រវត្តិវាយ៉ាងដូច្នេះ ឥឡូវនេះ ថ្ងៃនេះខ្ញុំបានបញ្ចេញនូវអាថ៌កំបាំងដែលខ្លួនខ្ញុំរងគ្រោះ ប៉ុន្តែវាមិនស្លាប់ មនុស្សមិនដល់ពេលស្លាប់ វាមិនស្លាប់ទេ ហើយអ្នកដែលបន់ឲ្យខ្ញុំស្លាប់ ក៏កុំសង្ឃឹមថាខ្ញុំនឹងស្លាប់ដែរ សូ ម្បីតែ B40 ៤ គ្រាប់ក៏មិនអាចសម្លាប់ ហ៊ុន សែន បានដែរ។ ដូច្នេះអ្នកដែលមានសំណាង បារមីមិនដល់ សុំកុំព្យាយាម វានឹងអាចមានមហន្តរាយសម្រាប់ខ្លួនឯង។
ភារកិច្ច ១០ ត្រូវយកចិត្តទុកដាក់
… បានជួបមុខជាមួយកងទ័ព ខ្ញុំសុំយកឱកាសនេះ ដើម្បីរំលឹកបញ្ហាមួយចំនួនសម្រាប់កងទ័ពរបស់យើង មិនថាជើងគោក ជើងទឹក ឬជើងអាកាស មិនថាអាវុធហត្ថ មិនថាកងទ័ពជំនាញដទៃទៀត។ ពិតហើយអ្នកទាំងអស់គ្នា សុទ្ធតែមានភារកិច្ចជាប់នឹងខ្លួន ហើយភារកិច្ចទាំងនោះត្រូវបានប្រគល់ដោយរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ ប្រគល់ដោយអគ្គបញ្ជាការ និងប្រគល់ទៅតាមបញ្ជាការគ្រប់ថ្នាក់ និងគ្រប់ផ្នែកជំនាញទាំងអស់។ តែថ្ងៃនេះ ខ្ញុំសុំរំលឹកនូវភារកិច្ច ១០ យ៉ាង ដែលត្រូវយកចិត្តទុកដាក់៖
ទី ១៖ ត្រៀមខ្លួនជាស្រេចការពារឯករាជ្យ អធិបតេយ្យជាតិ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជូននូវខឿនការពារជាតិរបស់ប្រជាជន។ សុំកុំភ្លេចថា នយោបាយការពារជាតិរបស់ ហ៊ុន សែន តាំងពីដើមដល់ចប់ គឺខឿនការពារជាតិរបស់ប្រជាជន។ កងទ័ពបានកើតចេញពីប្រជាជន និងធ្វើអី្វៗដើម្បីសេចក្តីសុខរបស់ប្រជាជន។ ប្រជាជនគឺជាប្រភពជ្រើសរើសទ័ព គឺជាប្រភពនៃការផ្គត់ផ្គង់កម្លាំងទ័ព ភស្តុភារ និងគ្រប់យ៉ាងទាំងអស់។ ខឿនការពារជាតិរបស់ប្រជាជន គឺមិនសំដៅទៅលើកងទ័ពប៉ុន្មានម៉ឺននាក់នោះទេ ប៉ុន្តែសំដៅទៅលើថា មនុស្សម្នាក់ គឺជាទាហានម្នាក់ សម្រាប់ប្រជាជាតិរបស់យើង។ ដូច្នេះត្រូវបន្តអនុវត្តតទៅទៀត នូវខឿនការពារជាតិរបស់ប្រជាជន ដើម្បីធានាថា ប្រទេសរបស់យើងគឺជាប្រទេសរួមរបស់ប្រជាជន មិនមែនជាប្រទេសដោយឡែករបស់កងទ័ព ឬរបស់អ្នកណាមួយនោះទេ។
ទី ២ រួមជាមួយនឹងកម្លាំងផ្សេងទៀត រក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ចូលរួមអនុវត្តនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ប្រយុទ្ធប្រឆាំងជាមួយចោរកម្ម គ្រឿងញៀន ជួញដូរ មនុស្ស និងអំពើអសកម្មផ្សេងៗ។ ត្រូវធ្វើឲ្យប្រទេសរបស់យើង ទៅជាប្រទេសដែលមានសុខសន្តិភាព ពិតប្រាកដ ដោយតម្លៃណាក៏ដោយ មិនត្រូវអនុញ្ញាតឲ្យអ្នកណាមួយបំផ្លាញសន្តិភាព ដែលយើងរកបានដោយលំបាក។ ប្រទេសយើងមានប្រវត្តិជោគជាំដោយឈាម និងទឹកភ្នែក។ ប្រទេសយើងមានប្រវត្តិនៃការបែកបាក់។ ប្រទេសមួយមានកម្លាំងប្រដាប់អាវុធច្រើន។ ដូច្នេះ ត្រូវតែខិតខំរក្សានូវសន្តិភាពនេះ ត្រូវខិតខំចូលរួមរក្សានូវស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ហើយខិតខំចូលរួមដើម្បីបំផ្លាញចោលនូវអំពើអសកម្មទាំងអស់។ គ្រឿងញៀន ចោរកម្ម ឬល្បែងខុសច្បាប់ អ្វីដែលជាអំពើខុសច្បាប់ ត្រូវចូលរួមធ្វើកិច្ចការងារនោះ។
ទី ៣ ប្រយុទ្ធប្រឆាំងភេរវកម្ម និងវាយកម្ទេចចោលឲ្យទាន់ពេលវេលា នូវឧបាយកលបដិវត្តពណ៌ដែលប៉ុនប៉ងផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈមធ្យោបាយមិនប្រជាធិបតេយ្យ និងផ្ទុយជាមួយនឹងរដ្ឋធម្មនុញ្ញ។ កម្លាំងប្រដាប់អាវុធមានភារកិច្ចការពាររដ្ឋ។ ដូចនេះមិនមានពាក្យ អព្យាក្រឹតជាមួយពួកឧទ្ទាម ទាំងឧទ្ទាមក្នុងព្រៃ និងឧទ្ទាមទីក្រុងនោះទេ។ ត្រូវចងចាំឲ្យបាន។ ទី ១ ប្រយុទ្ធប្រឆាំងភេរវកម្ម គ្រប់ទម្រង់ ដែលវាកំពុងតែគំរាមកំហែងពិភពលោកបច្ចប្បន្ន។ មិនត្រូវឲ្យកម្ពុជាក្លាយទៅជាជម្រករបស់ភេរវកម្ម ឬក៏ជាទីកន្លែងនៃការវាយប្រហារនៃភេរវកម្មនោះទេ។ យើងក៏ត្រូវផ្តល់នូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់នៅលើពិភពលោក ដើម្បីរួមគ្នាប្រឆាំងនឹងអំពើភេរវកម្មដែលកំពុងគំរាមកំហែងពិភពលោក។ ជាមួយនឹងការបំផ្លាញភេរវកម្ម យើងត្រូវតែកំចាត់ចោលជាបន្ទាន់ ដោយមិនចាំបាច់រង់ចាំបទបញ្ជា នូវទង្វើណាក៏ដោយដែលប៉ុនប៉ងដណ្តើមអំណាច(តាមបែប)ក្រៅប្រព័ន្ធប្រជាធិបតេយ្យ ក្រៅការបោះឆ្នោត ផ្ទុយនឹងរដ្ឋធម្មនុញ្ញ។ កងទ័ពអាចអព្យាក្រឹតបានត្រឹមតែបក្សនយោបាយ និងបក្សនយោបាយតែប៉ុណ្ណោះ។
ឧទាហរណ៍ យើងការពារឲ្យគ្រប់បក្សនយោបាយដែលចូលរួមជីវភាពនយោបាយនៅកម្ពុជា ប៉ុន្តែគ្មានទេអព្យាក្រឹតរវាងរាជរដ្ឋាភិបាល ជាមួយនឹងកម្លាំងនយោបាយផ្សេងៗ។ ការបង្កើតឡើងនូវកងកម្លាំងប្រដាប់អាវុធ ក៏ដូចជារដ្ឋបាលគ្រប់ថ្នាក់គឺសំដៅការពាររដ្ឋ។ មិនត្រូវទុកឲ្យអ្នកណាមួយមកបំផ្លាញចោលរដ្ឋនោះទេ។ ប្រទេសមួយចំនួនដែលសម្រេចជោគជ័យនៃបដិវត្តពណ៌ គឺគេចាប់ផ្តើមពីការធ្វើអព្យាក្រឹតូបនីយកម្ម កម្លាំងប្រដាប់អាវុធ។ ខ្ញុំយល់ស្របពីអព្យាក្រឹតូបនីយកម្មកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល តែរវាងបក្សនយោបាយ និងបក្សនយោបាយតែប៉ុណ្ណោះ ប៉ុន្តែរវាងបក្សនយោបាយជាមួយរដ្ឋ គឺគ្មានពាក្យថាអព្យាក្រឹតទេ មានតែវាយកម្ទេចចោលតែប៉ុណ្ណោះ។
សុំបញ្ជាក់ដោយភាពម៉ឺងម៉ាត់ ជាមួយនឹងអ្វីដែលកើតឡើង។ កុំចាំបាច់រង់ចាំបទបញ្ជា។ បើឃើញថាវាផ្ទុយនឹងច្បាប់ ផ្ទុយជាមួយនឹងរដ្ឋធម្មនុញ្ញ មានគោលដៅបំផ្លាញរដ្ឋ ផ្តួលរដ្ឋ ដែលវាមិនស្របទៅតាមច្បាប់ ទៅតាមរដ្ឋធម្មនុញ្ញ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវចេញធ្វើសកម្មភាព បង្រ្កាបឲ្យទាន់ពេលវេលា។ ស្លាប់មនុស្ស ៤ ទៅ ៥ នាក់ ប្រសើរជាងស្លាប់មនុស្សរាប់ម៉ឺន រាប់សែន រាប់លាននាក់ ដូចរយៈពេលកន្លងទៅ។ ខ្ញុំមិនខ្លាចនឹងការចេញបទបញ្ជា ហើយកម្ទេចចោលនូវរាល់កម្លាំងណាក៏ដោយ ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ចេញពីការបោះឆ្នោតនោះទេ។
អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពទាំង ៣ ប្រភេទ បញ្ជាការដ្ឋានថ្នាក់ភូមិភាគ កងពលធំ កងពលតូច និងអង្គភាពទាំងអស់ត្រូវក្តាប់ឲ្យជាប់នូវតួនាទីក្នុងឋានៈជាអ្នកការពាររដ្ឋអធិបតេយ្យ ជាអ្នកការពាររដ្ឋដែលចេញពីការបោះឆ្នោត មិនអនុញ្ញាតឲ្យអ្នកណាមួយព្រហើន និងប្រមាថដល់រដ្ឋ និងធ្វើសកម្មភាពបំផ្លាញរដ្ឋ បំផ្លាញសន្តិសុខសណ្តាប់ធ្នាប់សង្គមនោះទេ។ ខ្ញុំជឿជាក់ថា សម្លេងសាររបស់ខ្ញុំ មិនមែនជាការគំរាមកំហែងរបស់អ្នកណាទាំងអស់។ ក៏ប៉ុន្តែ នេះជាការពង្រឹងសមត្ថភាពនៃកងទ័ពនៃកម្លាំងប្រដាប់អាវុធ ដើម្បីធានាថាប្រទេសរបស់យើងគ្មានភេរវកម្ម ប្រទេសរបស់យើងគ្មានការដណ្តើមអំណាចក្រៅក្របខ័ណ្ឌច្បាប់។
ពិតមែនតែកងទ័ពកម្ពុជាតិច អាវុធតូចតាច ទន់ខ្សោយ តែយើងមានសមត្ថភាព ដើម្បីការពារជាតិយើង។ ចំណុចនេះ យើងត្រូវក្តាប់ឲ្យជាប់។ យើងមិនព្រមឲ្យឧទ្ទាមទាំងទីក្រុង ទាំងឧទ្ទាមក្នុងព្រៃផ្តួលរំលំរដ្ឋបានទេ។ សូម្បីតែនៅប្រទេសបារាំង បច្ចុប្បន្នក៏ដាក់ប្រកាសប្រទេសក្នុងគ្រាមានអាសន្ន ដើម្បីទប់ស្កាត់នូវចលនាអាវកាក់ពណ៌លឿង។ ហេតុអ្វីបានបារាំងអាចធ្វើបាន តែកម្ពុជាមិនអាចធ្វើបាន? នៅទីនេះ យើងគ្រាន់តែការពាររដ្ឋ។ ប្រទេសខ្លះ គេហ៊ានប្រើកងទ័ពទៅដណ្តើមយករដ្ឋ គេអាចធ្វើបាន ហើយគ្មានបញ្ហាទៀតផង ឯសម្រាប់យើង គ្រាន់តែការពាររដ្ឋ បែជាមានឈ្មោះថាជាជនផ្តាច់ការ។ វាមិនយុត្តិធម៌ទេ …។
ទី ៤ សូមឲ្យកងទ័ពទាំងអស់ចូលរួមជាមួយកម្លាំងផ្សេងទៀត ជួយដល់ប្រជាជន ពិសេសពេលមានគ្រោះមហន្តរាយ។ កងទ័ពជាកូនចៅប្រជាជននៅទីកន្លែងណាក៏ដោយ ត្រូវមើល ត្រូវដឹងសុខទុក្ខប្រជាពលរដ្ឋ ជួយដល់ប្រជាពលរដ្ឋដែលមានការលំបាក។ ខិតខំធ្វើនូវកិច្ចការដែលយើងអាចធ្វើទៅរួច ជួយដល់ប្រជាជន ជាពិសេសប្រជាជនដែលមានជីវភាពក្រីក្រជួបការលំបាក ខ្ញុំពិតមានការអរគុណ និងកោតសរសើរ ចំពោះកងទ័ពយើង ដែលរយៈពេលកន្លងទៅ ពេលច្រូតរួមច្រូតរួមគ្នាជាមួយប្រជាជន ពេលស្ទូង រួមគ្នាចុះស្ទូងជាមួយគ្នា ជាមួយប្រជាជន។ ពេលមានគ្រោះទឹកជំនន់ ឬរាំងស្ងួតចូលរួម ជួយដល់ប្រជាជន។ នេះបានបង្ហាញច្បាស់អំពីធាតុពិតនៃកងទ័ព ដែលនោះក៏វាចំណែកជាផ្នែក មួយនៃខឿនការពារជាតិរបស់ប្រជាជន។ … ត្រូវជួយដល់ប្រជាជន ហើយកុំធ្វើឲ្យប្រជាជនស្រក់ទឹកភ្នែកដោយសារតែទង្វើមិនគប្បីនៃកងទ័ពរបស់យើង។ ត្រូវធ្វើឲ្យកងទ័ពរបស់យើងស្អាតស្អំឡើង ហើយជួយដល់ប្រជាជន នូវគ្រប់កាលៈទេសៈ រួមសុខ រួមទុក្ខជាមួយប្រជាជន។ នៅមុនពេលដែលកងទ័ពរបស់យើងត្រូវបញ្ជូនទៅប្រទេសស៊ូដង់នៅឆ្នាំ ២០០៦ ខ្ញុំបានផ្តាំផ្ញើចំពោះកងទ័ពរបស់យើងថា នៅពេលដែលចេញទៅប្រទេសក្រៅ ត្រូវធ្វើភារកិច្ចដែលជួយដល់ប្រជាជននៅប្រទេសនោះ។ សូមផ្តាំផ្ញើពីទីនេះ ទៅកាន់កងទ័ពដែលកំពុងរស់នៅស៊ូដង់ខាងត្បូង នៅលីបង់ នៅម៉ាលី នៅអាហ្វ្រិកកណ្តាល សុំជួយដល់ប្រជាជននៅទីនោះ តាមលទ្ធភាពដែលអាចធ្វើទៅបាន។ កុំធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តប្រជាជនក្នុងប្រទេសដែលយើងទៅចូលរួមការពាររក្សាសន្តិភាព …។
ទី ៥ កងទ័ពត្រូវគាំទ្រដោយកម្លាំងអនុវត្តច្បាប់ ដើម្បីធានាទៅដល់ការការពារព្រៃឈើ ជលផល និងធនធានធម្មជាតិដទៃទៀត។ នៅពេលដែលខ្ញុំចុះទៅកាន់តំបន់ព្រះវិហារសម្ពោធបញ្ជាការដ្ឋាន កងពលធំទី ៣ ខ្ញុំបានបញ្ជាក់ប្រាប់ហើយថា មិនមែនបញ្ជូនអស់លោកមកទីនេះ ដើម្បីកាប់ឈើនោះទេ។ ដូច្នេះកងទ័ពទាំងអស់ត្រូវចូលរួមរក្សាព្រៃឈើ មិនត្រូវក្លាយទៅជាអ្នកកាប់ឈើ ឬជាអ្នកការពារឈ្មួញកាប់ឈើនោះទេ។ ចូលរួមរក្សានូវត្រីធនធានជលផលដ៏កម្ររបស់យើង មិនត្រូវចូលរួមជាមួយនឹងអំពើអសកម្មនានាទាក់ទងនឹងវិស័យជលផលដែលការធ្វើនេសាទដោយខុសច្បាប់នោះទេ។ ត្រូវចូលរួមរក្សានូវធនធានធម្មជាតិដទៃទៀត ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ត្រូវដាក់ទោសទណ្ឌ ជាមួយអ្នកណាក៏ដោយ សក្តិប៉ុណ្ណាក៏ដោយ ដែលធ្វើការឃុបឃិត ឬក៏បំពានទៅលើបទបញ្ជាទាំងនេះ។ ធ្វើយ៉ាងដូច្នេះ យើងក្លាយទៅជាអង្គភាពដែលគាំទ្រនូវអាជ្ញាធរមានសមត្ថកិច្ច អនុវត្តច្បាប់ ទាំងច្បាប់ព្រៃឈើ ច្បាប់បរិ ស្ថាន និងច្បាប់ដទៃទៀត ដែលទាក់ទងជាមួយនឹងការពារសម្បត្តិជាតិរបស់យើង។
ទី ៦ គាំទ្រការប្រមូលចំណូលថវិកាជាតិ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ។ ចំណុចនេះ គ្រប់អង្គភាព មិនថាតែកងកម្លាំងប្រដាប់អាវុធ ក្នុងក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទនោះទេ កងកម្លាំងដទៃទៀត ដូចជាកងនគបាលជាតិ ក៏ត្រូវតែចូលរួមគាំទ្រអង្គភាពប្រមូលចំណូល ថវិកាជាតិ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទប់ស្កាត់ការរកស៊ីគេចពន្ធ ទប់ស្កាត់នូវឧក្រិដ្ឋកម្មឆ្លងដែន ហើយត្រូវដាក់ទោសទណ្ឌចំពោះអ្នកដែលរកស៊ីខុសច្បាប់ និងការពារអ្នករកស៊ីខុសច្បាប់ ផលប្រយោជន៍វាបានទៅតែមនុស្ស ២ ឬ ៣ នាក់ ក៏ប៉ុន្តែ កងទ័ពរបស់យើងមានច្រើនម៉ឺននាក់។ នាយទាហាន នាយទាហានរង និងពលទាហាន មិនត្រូវអត់ឱនអោយបុគ្គលមួយចំនួនតូចបំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូររបស់កងទ័ពនោះទេ។ ប្រមូលបានថវិកាជាតិ ថវិកានោះហើយដែលយកមកបង្កើនបៀវត្សរ៍អោយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធរបស់យើង ដែលពីមួយឆ្នាំទៅមួយឆ្នាំ ប្រាក់បៀវត្សរ៍ ប្រាក់របបនានា ត្រូវបង្កើនជាប្រចាំសម្រាប់មន្ត្រីរាជការស៊ីវិល ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ។ យើងត្រូវរួមគ្នាទ្រទ្រង់។ មិនមែនជាភារកិច្ចដាច់ដោយឡែករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គភាពគយ ឬអង្គភាពពន្ធដារនោះទេ ក៏ប៉ុន្តែត្រូវមានការគាំទ្រទាំងអស់គ្នា ហើយខ្លួនយើងម្នាក់ៗក៏ត្រូវបំពេញកាតព្វកិច្ចពន្ធដារដូចគ្នា។
ការសុំរួចពន្ធឡាន គឺជាការកាត់បន្ថយចំណូលរបស់រដ្ឋ
អស់លោកមានលុយទិញឡាន ត្រូវខិតខំបង់ពន្ធឡាន។ ការសុំរួចពន្ធឡានគឺជាការកាត់បន្ថយចំណូល។ អោយឧត្តមសេនីយ៍មួយសុំបាន ពួកឧត្តមសេនីយ៍នៅក្នុងទាហាន ឧត្តមសេនីយ៍នៅក្នុងប៉ូលីសក៏សុំ រួចបន្តទៅថ្នាក់រដ្ឋមន្ត្រី បន្តទៅគ្រប់។ ដូច្នេះតើយើងបានលុយពីណា? អញ្ចឹងត្រូវពង្រឹងនូវវប្បធម៌បង់ពន្ធដារ ដើម្បីយើងមានសមត្ថភាពចិញ្ចឹមកងទ័ព ចិញ្ចឹមមន្ត្រីរាជការ ហើយមានប្រាក់សម្រាប់វិនិយោគ ដោយផ្ទាល់របស់យើង។ គម្រោងជាច្រើនកំពុងរង់ចាំថវិកា។ យើងអភិវឌ្ឍប្រទេសនេះ មិនមែនគ្រប់តែគំរោងសុទ្ធតែថវិកាដែលបានមកពីបរទេសទេ។ គំរោងជាច្រើនគឺត្រូវបានអនុវត្តដោយថវិកាជាតិរបស់យើងផ្ទាល់ តាមរយៈនៃការខិតខំប្រមូលចំណូលជាតិរបស់យើង។ យើងមិនខ្វះសាច់ប្រាក់ដើម្បីបើកបៀវត្សរ៍ ដូចពីទសវត្សរ៍ឆ្នាំ ១៩៩០ ឬដើមសហសវត្សរ៍នោះទេ។ ឥឡូវនេះយើងមានលទ្ធភាពឈានទៅដល់ការបើកបៀវត្សរ៍ក្នុងពីរសប្តាហ៍ម្តង ដែលការបើកបៀវត្សរ៍នេះផ្តើមចេញពីការចូលរួមគាំទ្ររបស់កងទ័ពយើង របស់កម្លាំងគ្រប់ផ្នែក និងរបស់ប្រជាជន ជាមួយនឹងកាតព្វកិច្ចថវិកាជាតិ។
ទី ៧ ខិតខំពង្រឹងវិន័យកងទ័ព បង្កើនសមត្ថភាពលើគ្រប់ផ្នែក។ ចំណុចនេះគឺជាចំណុចដ៏សំខាន់មួយដែលត្រូវតែយកចិត្តទុកដាក់។ ការហ្វឹកហ្វឺនត្រូវធ្វើជាប្រចាំគ្រប់មុខជំនាញទាំងអស់ សម្ភារៈកាន់តែទំនើប បើមនុស្សមិនទំនើបគឺស្មើនឹងគ្មានសម្ភារៈទាំងនោះទេ។ អាវុធយុទ្ធភណ្ឌរបស់យើង ពិតមែនតែថ្ងៃនេះមានមួយចំនួនមិនបង្ហាញមុខនៅទីនេះ ក៏ប៉ុន្តែ បើទោះបីជាអាវុធទាំងអស់បង្ហាញមុខនៅទីនេះ ក៏អាវុធទាំងនេះត្រូវតែមានការហ្វឹកហាត់អោយស្ទាត់ជំនាញនូវការប្រើប្រាស់។ ដូចជា៖ កាំជ្រួច BM ២១ រាប់សិបដើមនៅទីនេះ ខុសត្រូវមុំតែបន្តិច ចេញពីចំណុចបាញ់ តើវាខុសប៉ុន្មានរយម៉ែត្រ នៅឯគោលដៅ? ពេលដែលវាធ្លាក់ទៅនោះម្តង ២ តោនជាង (អស់ប្រាក់)ប៉ុន្មានទៅ? អាវុធប្រភេទនេះ មានគ្រាប់ដែលបាញ់បាន ២០គីឡូម៉ែត្រ គ្រាប់ដែលបាញ់បាន ៣០ គីឡូម៉ែត្រ និងគ្រាប់ដែលបាញ់បាន ៤០ គីឡូម៉ែត្រ។ បាញ់ជិតលម្អៀងតិច បាញ់កាន់តែឆ្ងាយ លម្អៀងកាន់តែធំ។ ត្រូវហ្វឹកហាត់គ្រប់មុខជំនាញ។ សម័យបច្ចេកវិទ្យាបានមកដល់ គេមិនបញ្ជាទ័ពដូចពីមុនទៀតទេ។ ត្រូវខិតខំធ្វើនូវកិច្ចការងារនេះ។ សាលានាយទាហានរបស់យើងមាន ប៉ុន្តែកុំភ្លេចនាយទាហានខ្លួនឯងត្រូវតែចេះប្រើ។ ហើយនាយទាហានមួយៗ ត្រូវមានផែនទីអោយច្បាស់។ ប្រយ័ត្ននាយទាហានអត់ផែនទី។ ប្រយ័ត្ននាយទាហានដែលគ្មានត្រីវិស័យ។ ពិតហើយ ឥឡូវធូរស្រាលបន្តិច នៅក្នុងទូរស័ព្ទវាមានត្រីវិស័យនៅក្នុងនោះស្រាប់។ នៅក្នុងទូរស័ព្ទវាមានផែនទី ក៏ប៉ុន្តែផែនទីប្រយុទ្ធវាមិនអាចនឹងប្រើប្រាស់ផែនទី នៅក្នុងទូរស័ព្ទដៃនោះទេ ដែលយកពី Google នោះបានទេ។
ស៊ូបង្ហូរញើសនៅទីហ្វឹកហាត់ ប្រសើរជាងបង្ហូរឈាម និងបាត់បង់ជីវិតនៅទីលានប្រយុទ្ធ
ខិតខំ ស៊ូបង្ហូរញើសនៅទីលានហ្វឹកហាត់ គឺកាត់បន្ថយការហូរឈាម និងការស្លាប់នៅទីលានប្រយុទ្ធ។ សូមយកឱកាសនេះផ្តាំផ្ញើអោយខិតខំសម្រកក្បាលពោះ ព្រោះពោះរបស់យើងកាន់តែធំហើយ មិនថានាយទាហានថ្នាក់ណាទេ។ បើនៅឥណ្ឌូនេស៊ី កាលណាតែទាហាន និងប៉ូលីសក្បាលពោះធំ គេបញ្ចេញពីកងទ័ព។ គេអត់ទុកទេ។ ឥឡូវនេះ ទាហានមួយៗដើរយួរក្បាលពោះ។ ធំពេកហើយ។ អញ្ចឹងទេរកវិធីទម្លាក់ក្បាលពោះចុះ។ បើមិនអញ្ចឹងទេ តើ(ធ្វើម៉េច)យើងអាចលោតផ្លោះរបង។ ឥឡូវនេះ កងទ័ពស្រួលពេកហើយ មិនដើរដូចមុនក្នុងមួយថ្ងៃត្រូវដើរ ២០គីឡូ ឬ ៣០ គីឡូនោះទេ ទៅណាត្រឹមតែ ២ គីឡូ ទារឡានហើយ។ បានឥឡូវមានអង្គភាពកងពលដឹកជញ្ជូនជាដើម។
ជជែក ពិភាក្សាអំពីថវិកាសម្រាប់កម្មវិធីហ្វឹកហ្វឺនកងទ័ព
ការហ្វឹកហាត់ត្រូវតែជាប្រធានបទ។ ខ្ញុំសូមស្នើថា នៅពេលដែលជជែកពិភាក្សាអំពីថវិកា ត្រូវធ្វើការអោយបានម៉ត់ចត់ជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីកម្មវិធីហ្វឹកហ្វឺនកងទ័ព។ ព្រោះតែកាលណាត្រូវការហ្វឹកហាត់ហើយ យើងត្រូវការថវិកាដើម្បីការចូលហ្វឹកហាត់។ ហ្វឹកហាត់រយៈពេលវែងដោយនាយទាហាន ត្រូវបានឆ្លងកាត់ការប្រឡងប្រជែង។ ចូលទៅកាន់សាលានាយទាហាន និងសាលានាយទាហានរង។ នៅមានហ្វឹកហាត់ដោយវគ្គខ្លីៗ ការហ្វឹកហាត់នាយទាហាន ដូចជាការហ្វឹកហាត់លើផែនទីជាដើម។ សុទ្ធតែមានតម្រូវការខាងថវិកា ហើយក៏យើងត្រូវតែមានគ្រាប់មួយផ្នែក ដើម្បីអោយមានការហ្វឹកហាត់ បាញ់ជាក់ស្តែងតែម្តង។ រឿងនេះត្រូវគិតគូររៀបចំជាមួយនឹងភស្តុភាររបស់ក្រសួងការពារជាតិ ដើម្បីរៀបចំនូវគ្រាប់រំសេវមួយចំនួន។ ពេលខ្លះការហ្វឹកហាត់ គឺតម្រូវអោយមានការបាញ់ជាក់ស្តែង ហើយការបាញ់ជាក់ស្តែងនោះទៀតសោត ពេលខ្លះតម្រូវអោយមានការបាញ់ផ្គុំគ្នា រវាងអាវុធគ្រប់ប្រភេទទាំងអស់តែម្តង។ ដូច្នេះសមយុទ្ធមួយពេលជួនកាលយើងត្រូវប្រើលុយ។ ការស៊ីចុកវាល្មមទេ ក៏ប៉ុន្តែគ្រាប់ BM ២១ នេះ (សុះរាប់ចំងាយ) ២០ គីឡូម៉ែត្រ គឺមិនតិចជាង ២២០០ ដុល្លារ ទេមួយគ្រាប់។ ខ្ញុំមិនទាន់គិតអា ៣០ គីឡូ និង ៤០ គីឡូ ទេ។ ប៉ុន្តែបើមិនអោយបាញ់ ដល់ពេលត្រូវការតើយើងបាញ់របៀបម៉េច? អញ្ចឹងត្រូវមានផែនការជាក់លាក់ពង្រឹងសមត្ថភាពកងទ័ព ទាំងកាំភ្លើងដៃ ទាំងកាំភ្លើងខ្លី និយាយរួមឧបករណ៍យោធាទាំងអស់។
ទី ៨ ត្រូវយកចិត្តទុកដាក់ថែទាំសម្ភារៈ យុទ្ធោបករណ៍គ្រប់ប្រភេទទាំងអស់ ដែលជាគ្រឿងបំពាក់សម្រាប់កងទ័ពរបស់យើង ហើយត្រូវពិនិត្យវាជាប្រចាំ។ ខ្ញុំសូមដាស់តឿនចំពោះគ្រប់អង្គភាពនៃកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា មិនថាជើងគោក ជើងទឹក ជើងអាកាស ឬអង្គភាពជំនាញជារថក្រោះ កាំភ្លើងធំ វិស្វកម្ម ត្រូវថែទាំអោយបានគត់មត់ ដើម្បីធានាថាអាវុធរបស់យើងនេះប្រើប្រាស់បាន ហើយចំគោលដៅ នៅពេលដែលមានការ។ មិនអាចយកទៅដាក់គងលើគ្នា(ចោលទេ) ហើយត្រូវតែត្រួតពិនិត្យជាប្រចាំ។ បុគ្គលម្នាក់ដែលមានអាវុធត្រូវតែថែទាំអាវុធខ្លួនឯងអោយបានស្អាត កុំអោយអាវុធច្រេះចាប់។ អាវុធធុនធ្ងន់ រថក្រោះ រថពាសដែក ក៏ត្រូវមានកម្មវិធីដើម្បីបញ្ចេញប្រេងបញ្ឆេះសាកល្បង។ ពេលមានការបែរជាបញ្ឆេះ ពេលខ្លះអត់សាំង ពេលខ្លះអស់អាគុយ រឿងហ្នឹងវាអញ្ចឹង។ នេះជាបទពិសោធន៍ដែលខ្ញុំបានជួបប្រទះ ដោយខ្លួនឯងរួចស្រេចហើយ។ យើងមិនមែនជាការចេញច្បាំងទេ ក៏ប៉ុន្តែ កុំអោយដល់ពេលវេលាត្រូវការស្រាប់តែអានេះអស់អាគុយ អានោះអត់ប្រេង។ បង្កើតជាកម្មវិធីហើយត្រូវព្រៀងទុក នៅក្នុងក្របខ័ណ្ឌនៃថវិកា។ ត្រូវមានប្រេង។ គ្រឿងអស់ទាំងនេះ បើអត់មានប្រេងរំអិលដើម្បីជូតវាក៏វាអត់ជ្រះដែរ។ សូម្បីប្រេងរំអិលក៏ត្រូវការ។ គ្រប់អង្គភាពទាំងអស់ត្រូវមានគំនិតច្នៃប្រឌិត ដើម្បីរក្សានូវអាវុធយុទ្ធភណ្ឌ និងគ្រឿងបំពាក់ទាំងនោះ។ នេះមិនមែនជាជំពាមកៅស៊ូទេ នេះជាកាំភ្លើង ហើយទិញក្នុងតម្លៃច្រើន មិនមែនតម្លៃតិចទេ។ នៅទីនេះយកមួយភាគតូច យកមកតាំងបង្ហាញ ក៏ប៉ុន្តែកងទ័ពយើងនៅពង្រាយទូទាំងប្រទេស។
ទី ៩ យកចិត្តទុកដាក់ដល់ជីវភាពកងទ័ព ជាពិសេសចំពោះតំបន់ដាច់ស្រយាលទាំងអស់ត្រូវតែមានការរៀបចំ ដើម្បីអោយកងទ័ពយើងមានគ្រប់លក្ខណសម្បត្តិ និងថែទាំសុខភាព។ ជម្រកស្នាក់នៅ ទីកន្លែងនានា ម្ហូបអាហារ អ្វីៗក៏ត្រូវតែមើលកងទ័ព ពីចុងជើងដល់ក្បាល និងមើលពីក្បាលដល់ចុងជើង។ ខ្ញុំអរគុណណាស់ ដែលព្រឹត្តិការណ៍ក្រោយ ខែ កក្កដា ឆ្នាំ ២០០៨ នាយទាហានរបស់យើងបានប្រសិទ្ធិនាមអោយខ្ញុំថា ជាអគ្គភស្តុភារជាន់ខ្ពស់របស់កងទ័ព។ សូម្បីតែពេលរដូវភ្លៀង មានអាវភ្លៀងទៅដល់ មុនរដូវភ្លៀងធ្លាក់ ពេលរដូវរងាមានអាវរងាទៅដល់ ជម្រកកងទ័ពត្រូវបានកសាងឡើងជាមួយនឹងការកសាងបន្ថែមជាមួយផ្ទះសម្រាប់ការស្នាក់នៅរបស់គ្រួសារកងទ័ព។ កងទ័ពរបស់យើងខុសប្លែកពីកងទ័ពនៃប្រទេសដទៃ។ ជួនកាលនៅក្នុងត្រង់សេជាមួយប្តី នៅខាងមុខ។ ដូច្នេះបានជាយើងកសាងផ្ទះរាប់ពាន់ខ្នង។ ឥឡូវនៅពេលដែលយើងបង្កើតកងពល ១២៨ ចំណុះអោយយោធភូមិភាគទី ១ ផ្ទះចំនួន ជាង ៥០០ ខ្នង ត្រូវបានកសាងរួចរាល់ ដើម្បីប្រគល់ទៅអោយគ្រួសារកងទ័ព នៅតំបន់ព្រំដែនកម្ពុជា-ថៃ។ ផ្ទះរាប់ពាន់ខ្នងត្រូវបានកសាង ដីរាប់ម៉ឺនហិកតាត្រូវបានផ្តល់អោយគ្រួសារកងទ័ព។
ត្រូវបន្តការយកចិត្តទុកដាក់តាមមើលតទៅទៀតនូវជីវភាពរបស់កងទ័ព ហើយអង្គភាពនីមួយៗត្រូវម្ចាស់ការធ្វើខ្លួនឯង កុំចាំស្លឹកគ្រៃត្រឹមតែបន្តិចបន្តួចទៅទិញដល់ផ្សារ។ មានកងទ័ពនៅទីណា ត្រូវមានដាំស្លឹកគ្រៃ ដាំជី/បន្លែបង្ការ ចិញ្ចឹមមាន់ ចិញ្ចឹមសត្វ នៅទីនោះ ដើម្បីបន្ថែមទៅលើរបបដែលរដ្ឋផ្ដល់ជូន។ មើលសុខទុក្ខ ពេលព្យាបាលត្រូវដោះស្រាយការព្យាបាលនេះ អោយបានម៉ត់ចត់ ហើយទន្ទឹមនឹងការយកចិត្តទុកដាក់ចំពោះកងទ័ព ដែលកំពុងនៅក្នុងជួរ ក៏ត្រូវបន្តការយកចិត្តទុកដាក់ ចំពោះកងទ័ពដែលបានចូលនិវត្តន៍ តាមរយៈសមាគមអតីតយុទ្ធជន ត្រូវបន្តតាមមើលថែទាំអ្នកទាំងនោះ បើកបៀវត្សរ៍បាន ឬមិនបាន ខ្វះខាតអ្វីជួបប្រទះអ្វី។ យើងអាចជួយបាន ខិតខំធ្វើ …។
ទី ១០ ជាចំណុចចុងក្រោយតែក៏ជាចំណុចសំខាន់ខ្លាំងណាស់ដែរ កងទ័ពត្រូវដើរតួនាទីជាអ្នកការទូត ក្នុងការកសាងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង និងកសាងទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសជាមិត្តទាំងអស់នៅលើពិភពលោក។ កងទ័ព មានតួនាទីសំខាន់ណាស់ ដើម្បីបង្កើតឡើងនូវបរិយាកាសល្អជាមួយប្រទេសជិតខាង ហើយតាមរយៈទំនាក់ទំនងល្អជាមួយប្រទេសជិតខាងនោះហើយ ដែលធ្វើឲ្យទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋប្រសើរ ទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ បានប្រសើរឡើង។ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមនៅតាមព្រំដែន ដែលរកស៊ីជាមួយគ្នា គឺមានជិត ៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ទំហំពាណិជ្ជកម្មរវាងយើង(កម្ពុជា)និងថៃ ជាង ៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ប្រសិនបើគ្មានទំនាក់ទំនងល្អរវាងកងទ័ពនៃប្រទេសជិតខាង ជាមួយថៃ/វៀតណាម/ឡាវ នឹងគ្មានកើតឡើងនូវមុខរបររកស៊ីរបស់ប្រជាពលរដ្ឋ ឆ្លងកាត់ព្រំដែនទៅមករកគ្នានោះទេ។
សូមបន្តយកចិត្តទុកដាក់សហការអោយបានល្អ ជាមួយកងទ័ពប្រទេសជាមិត្តដែលនៅជាប់ជិតខាងយើង មានឡាវ/វៀតណាម/ព្រះរាជាណាចក្រថៃ។ យើងអាចឈានទៅធ្វើសហប្រតិបត្តិការជាមួយគ្នា ដែលនឹងអាចដោះស្រាយបានបញ្ហាសម្រាប់ប្រជាជន ដែលនៅតាមព្រំដែន ដូចជាការហ្វឹកហាត់រួមគ្នាដើម្បីសង្គ្រោះគ្រោះមហន្តរាយនៅតាមព្រំដែន ដូចជាគ្រោះទឹកជំនន់ដែលកើតឡើងនៅតាមព្រំដែន ឬក៏ភ្លើងឆេះព្រៃនៅតាមព្រំដែន យើងអាចរួមគ្នាធ្វើកិច្ចការងារនេះ ដោយកងទ័ពនៃប្រទេសទាំងពីរ ដែលយើងត្រូវរកការព្រមព្រៀងគ្នាធ្វើនូវកិច្ចការងារនេះ ត្រូវធ្វើទំនាក់ទំនងល្អជាមួយអង្គភាពកងទ័ពនៃប្រទេសដទៃ។
ចូលរួមតែក្នុងក្របខ័ណ្ឌនៃប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
ក្រៅពីទំនាក់ទំនងទ្វេភាគី យើងក៏ត្រូវចូលរួមក្នុងក្របខ័ណ្ឌនៃប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចូលទៅក្នុងក្របខ័ណ្ឌនៃសហប្រតិបត្តិការពហុភាគីជាមួយដៃគូនានា។ ប៉ុន្តែខ្ញុំសូមបញ្ជាក់ថាធ្វើតែក្រោមឆ័ត្រអង្គការសហប្រជាជាតិតែប៉ុណ្ណោះ មិនអាចធ្វើលើសពីនេះបានទេ។ យើងមិនចូលរួមជាមួយបក្សសម្ព័ន្ធយោធាប្រឆាំងជាមួយប្រទេសណាទេ។ យើងចូលរួមបានតែជាមួយនឹងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ។ ខ្ញុំមិនអនុញ្ញាតអោយកងទ័ពរបស់យើងចេញទៅកាន់ប្រទេសណាមួយ ដោយមិនស្ថិតនៅក្នុងក្របខ័ណ្ឌនៃប្រតិបត្តិការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនោះទេ។ អញ្ចឹងកងទ័ពរបស់យើងត្រូវដើរតួជាអ្នកការទូត។ ឥឡូវធ្វើការងារកាន់តែច្រើន។ មានកម្រិតនៃការប្រជុំអាស៊ាន រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានអាស៊ាន-អាមេរិក អាស៊ាន-ចិន អាស៊ាន-ជប៉ុន មានច្រើនទៀត ដែលយើងត្រូវធ្វើ។ យើងត្រូវមានការប្រជុំខ្នាតអន្តរជាតិ ដោយមានការចូលរួមថ្នាក់រដ្ឋមន្ត្រីការពារជាតិ ថ្នាក់អគ្គបញ្ជាការ ថ្នាក់បញ្ជាការជើងគោក ឬថ្នាក់បញ្ជាការជើងទឹក/អាកាស។ យើងត្រូវធ្វើមិត្ត។ កសាងកងទ័ពនេះ មិនសំដៅទៅរកការប្រយុទ្ធនោះទេ គឺសំដៅការពារជាតិ។ បើគ្មានអ្នកណាឈ្លានពានយើងៗ ក៏មិនត្រូវការវាយជាមួយអ្នកណាទាំងអស់។ គ្មានអ្នកណាមកបំផ្លាញសន្តិភាព គ្មានអ្នកណាមកដណ្ដើមអំណាចរដ្ឋ យើងក៏គ្មានការចាំបាច់ដើម្បីប្រើប្រាស់កម្លាំងនោះទេ។
កងទ័ពការពាររាជរដ្ឋាភិបាលគឺជារឿងធម្មតា
យើងក៏មិនត្រូវស្ថិតនៅក្នុងស្ថានភាពបាតដៃទទេ ដោយគ្មានកម្លាំងទប់ទល់ជាមួយនឹងការប៉ុនប៉ង ឬការឈ្លានពានពីខាងក្រៅ ឬការប៉ុនប៉ងដណ្ដើមអំណាចក្រៅក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ។ អ្នកខ្លះថាលោក ហ៊ុន សែន កំពុងពង្រឹងអំណាច។ ត្រឹមត្រូវ។ ខ្ញុំរុញទូកបណ្ដោយទឹកបន្ថែមថាត្រឹមត្រូវណាស់។ ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្ត្រីដឹកនាំរាជរដ្ឋាភិបាលមួយ (បើ)វាខ្សោយ តើស្ថានភាពប្រទេសជាតិវាទៅជាយ៉ាងណា? អ្នកនិយាយថា ហ៊ុន សែន កំពុងពង្រឹងអំណាច (ជាការ)ត្រឹមត្រូវណាស់។ អបអរសាទរចំពោះការនិយាយរបស់លោកអ្នក។ កងទ័ពស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលគឺជារឿងធម្មតា។ មិនស្មោះត្រង់ដូចជាកងទ័ពរបស់ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នោះហើយជាអំពើក្បត់របស់កងទ័ពនៅពេលនោះ ដែលនាំអោយប្រទេសខ្ទេចខ្ទាំ។ កងទ័ពដែលការពាររាជរដ្ឋាភិបាលគ្មានអ្វីខុសទេ។ កងទ័ពប្រឆាំងរាជរដ្ឋាភិបាលទេគឺជាការខុស ដែលត្រូវកម្ទេច។ នៅ វេណេហ្ស៊ុយអេឡា ការបះបោរត្រូវបានបង្រាបជាបន្ទាន់ភ្លាម។ គេមិនអនុញ្ញាតទេរឿងនេះ។ ខ្ញុំសុំរុញទូកបណ្ដោយទឹក តែបណ្ដោយទឹករបស់ខ្ញុំនេះ ច្បាស់ជាមិនទុកអោយទូក ទៅតាមខ្យល់បក់ដោយគ្មានកោះត្រើយនោះទេ។ ខ្ញុំជាអ្នកកាច់ចង្កូត សូមផ្ដាំអោយអ្នកឯងភ្លឺភ្នែក។
មិនចាំបាច់មានបទបញ្ជាទេ។ ដីកាតុលាការគេអោយតាមចាប់ខ្លួនអាណា តាមចាប់អាហ្នុងទៅ។ មិនចាំបាច់ថាវានៅឯណា មកឯណាអីទេ។ កុំចាំបាច់សួរលោក ហ៊ុន សែន ធ្វើអីទៀត។ ចុះសួរធ្វើអីទៀតបើដីកាតុលាការគេចេញបញ្ជាអោយតាមចាប់អាណា ចាប់អាហ្នុងទៅ។ កុំខ្វល់សួរ ហ៊ុន សែន ធ្វើអីទៀត។ អញ្ចឹងបានខ្ញុំនិយាយថា ធ្វើតាមច្បាប់ទៅ វាអត់ខុសទេ។ ការធ្វើអត្ថាធិប្បាយរបស់ខ្ញុំធ្វើអោយអស់លោកឈរយូរ ក៏ប៉ុន្តែកងទ័ពបើមិនចេះឈរគេមិនហៅថាកងទ័ពទេ។ ថ្ងៃនេះ កងទ័ពរបស់យើងហោចណាស់បានស្គាល់ពីប្រវត្តិ និងស្គាល់ពីអាថ៌កំបាំងខ្លះ ដែលសូម្បីតែមនុស្សនៅក្នុងប្រទេសក៏អត់ដឹងរឿង ដូចជាខ្ញុំត្រូវបានចាប់ខ្លួនជាមួយនឹង ប៉ុល សារឿន នៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ១៩៩៣ ហើយការប៉ុនប៉ងចាប់ខ្លួនសាជាថ្មីម្ដងទៀតនៅថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ១៩៩៤។
ប្រវត្តិនៃការចាប់ផ្ដើមរៀបចំបញ្ជាការដ្ឋានកងទ័ព
ប្រវត្តិនៃការចាប់ផ្ដើមរៀបចំបញ្ជាការដ្ឋានកងទ័ព សុំបញ្ជាក់ឡើងវិញលើរចនាសម្ព័ន្ធនៃរដ្ឋកម្ពុជាទាំងអស់ទាំងក្រសួងស្ថាប័នស៊ីវិល ទាំងខេត្ត/ស្រុក/កងទ័ព គ្រាន់តែភាគីដទៃដាក់មនុស្សបញ្ចូលមកនៅក្នុងជួរបញ្ជាការ រួចហើយចាប់ផ្ដើមរៀបចំក្បាលអង្គភាព។ កងពលណាជាមួយកងពលណាច្របាច់បញ្ចូលគ្នា។ ឧទាហរណ៍ កងពលធំ ១៧៩ ត្រូវបូកជាមួយនឹងកងទ័ពអតីតរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ អោយកើតទៅជាកងពលលេខ ១២។ នឹងប្រវត្តិដែលតភ្ជាប់ជាមួយនឹងខាងនោះ។ កងពលលេខ ៥ ឈរនៅកំពង់ធំក្រោយមកក្លាយទៅជាកងពលលេខ ១២ ឥឡូវក្លាយទៅកងពលធំលេខ ៣។ ខ្ញុំសូមបញ្ជាក់ថា នៅពេលដែលខ្ញុំបង្កើតកងទ័ពមាន ២៣ កងវរសេនាតូច និង ១០០ ក្រុមប្រតិបត្តិការកងកម្លាំងប្រដាប់អាវុធ។ ចូលមកដល់ទីក្រុងភ្នំពេញនេះ មាន ៤ កងវរសេនាតូចការពារភ្នំពេញ ហើយបង្កើតជាកងពលតូចលេខ ១ ជាការចាប់ផ្ដើម។
បន្ទាប់ទៅយើងបង្កើតកងពលធំលេខ ១៩៦ ដោយមាននាយឧត្តមសេនីយ៍ ញឹក ហួន ដដែល ញឹក ហួន ធ្វើប្រធានដំបូង ១២៥ បន្ទាប់កងវរសេនាតូចទី ១ បន្ទាប់ទៅកងពលតូចទី ១ បន្ទាប់ទៅកងពលធំអាទី ១នឹងតែម្ដងគឺ ១៩៦។ បន្ទាប់ទៅយើងបង្កើត ១៧៩ ហើយយើងមានកងពលលេខ ៤/៥/៦ លេខ ៤ ឈរនៅសំឡូត តាសាញ់ ក្រោយមកដកមកត្រែង។ លេខ ៦ ឈរនៅ ម៉ាឡៃ ក្រោយមកដកមកបវិល។ ២៨៦ ឈរនៅសំរោងចុងកាល់ ដែលឥឡូវនេះគឺជាមូលដ្ឋានឆ្អឹងខ្នងនៃកងពលធំលេខ ២។ អង្គភាពដទៃទៀតដែលចូលមក គឺយើងក៏ត្រូវច្របាច់បញ្ចូលគ្នា។ រក្សាទុកមុននោះ អត់មានកងពលធំទេ។ យើងរំសាយកងពលធំ ទុកតែកងពលតូច។ ដោយមានព្រឹត្តការណ៍ព្រំដែនកម្ពុជាថៃ (យើង)បានចាប់ផ្ដើមបង្កើតកងពលធំឡើងវិញ ព្រោះការបង្កើតកងពលនីមួយៗ វាត្រូវការគ្រឿងបំពាក់ មិនមែនដូចៗគ្នាទេ។
កម្រិតកងពលធំត្រូវមានអ្វី កម្រិតកងពលតូចត្រូវមានអ្វី កម្រិតភូមិភាគត្រូវមានអ្វី វរសេនាធំត្រូវមានអ្វី វរសេនាតូចត្រូវមានអ្វី។ មិនមែនដូចៗគ្នាទាំងអស់ទេ។ ខ្ញុំគួរតែ(និយាយ)ត្រឹមប៉ុណ្ណឹងបានហើយ។ ខ្ញុំអបអរសាទរជាមួយនឹងការរីកធំធាត់ ហើយអរគុណអ្នកទាំងអស់ ដែលបានចូលរួមចំណែករបស់យើងក្លាំងក្លាឡើង។ កងទ័ពរបស់យើងត្រូវបន្តតួនាទីនេះបន្តទៀត ហើយសូមប្រគេនពរចំពោះសម្ដេចព្រះសង្ឃនាយក សម្ដេចព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសនាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទ និយាយជារួមនិងនិយាយដោយឡែក នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក សូមទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើន និងពុទ្ធពរនិងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាត សូមអរគុណ។