សេចក្តីដកស្រង់ប្រសាសន៍ សម្ពោធរោងចក្រផលិតស៊ីម៉ងត៍របស់ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន ឯ.ក

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូន ជនរួមជាតិ ជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ និងភរិយា! សមិទ្ធផលថ្មី លើទឹកដីកម្សត់ក្នុងខេត្តបាត់ដំបង ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា ពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់នូវរោងចក្រស៊ីម៉ង់ត៍ដ៏ធំ ដែលមានឈ្មោះថា បាត់ដំបងខនស៍ស៊ីមេន។ អម្បាញ់មិញ ឯកឧត្តម ស៊ុយ សែម ថាឃុំដូនម៉ាយ ប៉ុន្តែ គេហៅ ឃុំដូនមាយ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាព ដោយថ្ងៃនេះសមិទ្ធផលថ្មីមួយទៀត បានកើតឡើងនៅក្នុងទឹកដីដ៏កម្សត់របស់យើង។ ហើយបន្តិចទៀត ខ្ញុំព្រះករុណាខ្ញុំ នឹងរំលឹកអំពីអនុស្សាវរីយ៍មួយចំនួន ទាក់ទងជាមួយនឹងប្រវត្តិនៅក្នុងខេត្តបាត់ដំបង និយាយជារួម ហើយនិយាយដោយឡែក គឺនៅស្រុករតនមណ្ឌល និងតំបន់ឃុំស្តៅរបស់យើងនេះ ដែលនៅមិនឆ្ងាយពីត្រែង និងផ្លូវឆ្ពោះទៅកាន់ប៉ៃលិន។ ទុនសរុប ២៣០ លានដុល្លារសហរដ្ឋអាមេរិក ផ្គត់ផ្គង់ស៊ីម៉ង់ត៍ ៥.០០០ តោន/ថ្ងៃ ជិត ២ លានតោន/ឆ្នាំ…

ការដកស្រង់សេចក្តីអធិប្បាយ ពិធីសម្ពោធរោងចក្រស៊ីម៉ងត៍ ជីប ម៉ុង

ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយបង្គំ ព្រះតេជព្រះគុណ  ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជា​ទី​សក្ការៈ! ឯកឧត្តម តំណាងអោយស្ថានទូត នៃព្រះរាជាណាចក្រថៃ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ! ថ្ងៃនេះ ​យើង​ពិតជាមានមោទនភាព ដោយសារតែព្រះរាជាណាចក្រកម្ពុជារបស់យើង បានទទួលនូវសមិទ្ធផលថ្មី​មួយទៀត គឺដាក់អោយសម្ពោធ ដើម្បីអោយដំណើរជាផ្លូវការ សម្រាប់រោងចក្រស៊ីម៉ង់ត៍ដ៏ធំនៅក្នុងទឹកដី​ខេត្តកំពតរបស់យើងនេះ។ កែតម្រូវឈ្មោះក្រុមហ៊ុន ជីប ម៉ុង អនុញាតអោយ ខ្ញុំព្រះករុណាខ្ញុំ យកឱកាសនេះ ដើម្បីធ្វើការកែតម្រូវបន្តិច ​សម្រាប់ការហៅឈ្មោះ​របស់ក្រុម​ហ៊ុន​នេះ។ បើយោងទៅលើភាសាអង់គ្លេស ដែលហៅថា Chip Mong Insee Cement Corporation យើងប្រើ​ពាក្យ​ត្រឹម​ថា “សាជីវកម្ម ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន” បានហើយ ព្រោះអម្បាញ់មិញ យើងប្រើពាក្យស្ទួនគ្នា ព្រោះពាក្យ “ខផូរេសិន” ហ្នឹង គឺជាពាក្យ “សាជីវកម្ម” ហ្នឹងឯង។ អញ្ចឹងទេ យើងមិនចំាបាច់ប្រើពាក្យក្រុមហ៊ុនមកបន្ថែមទៀតទេ…