សន្និសីទសារព័ត៌មានរវាងសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្ដម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីរវាងថ្នាក់ដឹកនាំកម្ពុជា និងម៉ាឡេស៊ី

ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកសារព័ត៌មាន ជាទីមេត្រី! ខ្ញុំ និងឯកឧត្ដម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ទើបបានបញ្ចប់​កិច្ចពិភាក្សាទ្វេភាគី ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្នុងនាមជាសមាជិកអាស៊ានតែមួយ។ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំ​សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្ដម អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម ដែលបានទទួលការអញ្ជើញរបស់ខ្ញុំ និងបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឋានៈជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ យើងទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន និងបានវាយតម្លៃខ្ពស់លើទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងបានប្ដេជ្ញាបន្តលើកកម្ពស់ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមាន ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ ថាមពល ការតភ្ជាប់ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន​។ យើងបានលើកទឹកចិត្តឲ្យភាគីទាំងពីរបន្តការផ្លាស់ប្ដូរទស្សនកិច្ចជាន់ខ្ពស់ឲ្យកាន់តែញឹកញាប់ និងគ្រប់កម្រិត ដើម្បីពង្រឹងមិត្តភាពឲ្យកាន់តែជិតស្និទ្ធ បង្កើនទំនុកចិត្តឲ្យកាន់តែខ្ពស់ និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែទូលំទូលាយថែមទៀត។ យើងទាំងពីរក៏បានឯកភាពពង្រឹងយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ ជាពិសេស គណៈកម្មការចម្រុះកម្ពុជា​-ម៉ាឡេស៊ី។ ចំពោះវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី យើងរីករាយដែលពាណិជ្ជកម្មទ្វេភាគី​សម្រេចបាន ៦២០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ កើន…