សម្តេចតេជោ ហ៊ុន សែន និងធុរកិច្ចជនអាមេរិក ចង់ឃើញទំនាក់ទំនងកម្ពុជា-អាមេរិកកាន់តែល្អប្រសើរ ដើម្បីពង្រីកសក្តានុពលវិនិយោគ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងធុរកិច្ចជនរបស់អាមេរិក បានបង្ហាញបំណង និងទស្សនៈទានដូចគ្នាចង់ឃើញទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក កាន់តែល្អប្រសើរ ដើម្បីពង្រីកសក្តានុពលពាណិជ្ជកម្ម និងវិនិយោគ។ បំណងចង់ឃើញភាពល្អប្រសើរនៃទំនាក់ទំនងរវាងកម្ពុជា-អាមេរិកនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាការងារមួយរវាងសម្តេចតេជោ ហ៊ុន សែន និងលោក អាឡេកសាន់ឌ័រ ហ្វេលមែន (Alexander Feldman) ប្រធាន និងជានាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ត្រូវបានគេមើលឃើញថា មានភាពរកាំរកូសច្រើនក្នុងមួយរយៈចុងក្រោយនេះ។ តែនៅក្នុងជំនួបសញ្ញាណវិជ្ជមាននៃភាពល្អប្រសើរលើទំនាក់ទំនងរវាងប្រទេសទាំងពីរហាក់បានបង្ហាញឡើង។ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន, លោក Alexander Feldman បានលើកឡើងថា លោកចង់ឃើញសហរដ្ឋអាមេរិក និងកម្ពុជាមានទំនាក់ទំនងក្នុងភាពល្អប្រសើរឡើងវិញ ពិសេសនៅពេលដែលអាមេរិកតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជានៅពេលខាងមុខ ដែលជាឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកដែលជាអ្នកការទូតមួយរូបយល់ច្បាស់ពីអាស៊ីបូព៌ា។ ឆ្លើយតបការលើកឡើងនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់វិញថា សម្តេចផ្ទាល់ជាអ្នកខិតខំជំរុញការកសាងនូវទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ សម្តេចតេជោ បានបញ្ជាក់ទៀតថា កម្ពុជាចង់ធ្វើមិត្តដ៏ល្អជាមួយសហរដ្ឋអាមេរិក…

កម្ពុជាគ្រោងបើកស្ថានទូតនៅប្រទេសប៊ុលហ្ការីឡើងវិញ នៅឆ្នាំ២០១៩

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជានឹងរៀបចំបើកស្ថានទូតនៅប៊ុកហ្ការីឡើងវិញ បន្ទាប់ពីបិទមួយរយៈដោយសារស្ថានភាពនយោបាយនៅក្នុងប្រទេសមួយនេះ។ ការបញ្ជាក់បែបនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ និងលោក ប៊ួយកូ បូរីសូវ (Boyko Borissov) នាយករដ្ឋមន្រ្តីប៊ុលហ្ការី នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅញូវយ៉ក សហរដ្ឋអាមេរិក។ នាយករដ្ឋមន្រ្តី ប៊ុលហ្ការី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់សម្តេច ក្នុងការបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួននៅប្រទេសប៊ុលហ្ការី ដែលនោះ គឺជាឱកាសដែលសម្តេចនឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប៊ុលហ្ការីផងដែរ។ ក្នុងជំនួបពិភាក្សានោះ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍វាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់ប្រទេសប៊ុលហ្ការី កាលពីអតីតកាលដែលបានដើរតួនាទីក្នុងការជួយដល់ប្រទេសកម្ពុជា នៅពេលដែលកម្ពុជា បានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបន្តវត្តមានចូលរួមចំណែកថែរក្សាសន្តិភាពនៅកម្ពុជា ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏បានឯកភាពគ្នា ក្នុងការបន្តពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ទាំងក្នុងវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍៕

កម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាគ្រោងធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅឆ្នាំ២០២០ខាងមុខ។ ការបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ និងលោក ប៊ួយកូ បូរីសូវ (Boyko Borissov) នាយករដ្ឋមន្រ្តីប៊ុលហ្ការី នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅញូវយ៉ក សហរដ្ឋអាមេរិក។ សម្តេចតេជោ ហ៊ុន សែន បានប្រាប់នាយករដ្ឋមន្ត្រីប៊ុលហ្ការីថា បំណងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏មានសារៈសំខាន់មួយនេះ ត្រូវបានប្រទេសអាស៊ាន រួមទាំងប្រទេសនៅអឺរ៉ុបមួយចំនួនឯកភាពរួចហើយ។ សម្តេចតេជោ ក៏បានស្វែងរកការគាំទ្រពីប៊ុលហ្ការីផងដែរ។ នាយករដ្ឋមន្រ្តីប៊ុលហ្ការី បានឯកភាពចំពោះសំណើររបស់សម្តេចតេជោ និងបានចាត់ទុកថា វាជាឱកាសឲ្យឲ្យរូបលោកបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា៕