FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងធុរកិច្ចជនរបស់អាមេរិក បានបង្ហាញបំណង និងទស្សនៈទានដូចគ្នាចង់ឃើញទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក កាន់តែល្អប្រសើរ ដើម្បីពង្រីកសក្តានុពលពាណិជ្ជកម្ម និងវិនិយោគ។
បំណងចង់ឃើញភាពល្អប្រសើរនៃទំនាក់ទំនងរវាងកម្ពុជា-អាមេរិកនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាការងារមួយរវាងសម្តេចតេជោ ហ៊ុន សែន និងលោក អាឡេកសាន់ឌ័រ ហ្វេលមែន (Alexander Feldman) ប្រធាន និងជានាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ត្រូវបានគេមើលឃើញថា មានភាពរកាំរកូសច្រើនក្នុងមួយរយៈចុងក្រោយនេះ។ តែនៅក្នុងជំនួបសញ្ញាណវិជ្ជមាននៃភាពល្អប្រសើរលើទំនាក់ទំនងរវាងប្រទេសទាំងពីរហាក់បានបង្ហាញឡើង។
នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន, លោក Alexander Feldman បានលើកឡើងថា លោកចង់ឃើញសហរដ្ឋអាមេរិក និងកម្ពុជាមានទំនាក់ទំនងក្នុងភាពល្អប្រសើរឡើងវិញ ពិសេសនៅពេលដែលអាមេរិកតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជានៅពេលខាងមុខ ដែលជាឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកដែលជាអ្នកការទូតមួយរូបយល់ច្បាស់ពីអាស៊ីបូព៌ា។
ឆ្លើយតបការលើកឡើងនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់វិញថា សម្តេចផ្ទាល់ជាអ្នកខិតខំជំរុញការកសាងនូវទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ សម្តេចតេជោ បានបញ្ជាក់ទៀតថា កម្ពុជាចង់ធ្វើមិត្តដ៏ល្អជាមួយសហរដ្ឋអាមេរិក ហើយអ្វីដែលសម្តេចចង់ឃើញនោះ គឺការទំនាក់ទំនងនៃប្រទេសទាំងពីរមានភាពកាន់តែល្អប្រសើរឡើង ពិសេសរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ដូចអ្វីដែលផ្នែកធុកិច្ចសហរដ្ឋអាមេរិកចង់បានដែរនោះ។
ក្នុងជំនួបនេះ លោក Alexander Feldman ក៏បានពិភាក្សាដល់ការធ្វើធុរកិច្ចជាមួយកម្ពុជាផងដែរ។ ជានាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន រូបនេះ បានស្នើសុំឲ្យកម្ពុជា បន្តនូវគោលនយោបាយសេដ្ឋកិច្ចឲ្យកាន់តែទូលំទូលាយថែមទៀត ដោយសារកម្ពុជា គឺជាសមាជិករបស់អាស៊ាន គឺលោកចង់ឲ្យកម្ពុជាបន្តការគាំទ្រ និងជួយជំរុញការកសាងសមត្ថភាព ពិសេសការបង្កើនគុណភាពនៃការអប់រំក្នុងក្របខណ្ឌអាស៊ាន។
លោក Alexander Feldman ក៏បានវាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគាំទ្រដល់បណ្តាក្រុមហ៊ុនអាមេរិកក្នុងការទៅបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលកន្លងមកមានដូចជាក្រុមហ៊ុន Ford និងក្រុមហ៊ុន Coca-Cola ជាដើម។
ប្រធាន និងជានាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ក៏បានវាយតម្លៃខ្ពស់ផងដែរ អំពីកម្លាំង និងសមត្ថភាពយុវជនកម្ពុជា នាពេលបច្ចុប្បន្ន ដែលកំពុងមានការកើនឡើងស្របទៅនឹងការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល ដែលលោករំពឹងថា សម្តេចតេជោនិងមានការចាប់អារម្មណ៍ខ្ពស់ ទៅលើអនាគតដ៏ល្អជាមួយនឹងការប្រកួតប្រជែងរបស់កម្ពុជា។
ឆ្លើយតបនឹងការលើកឡើងរបស់ប្រធាននិងជានាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន, សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ ព្រមទាំងបានលើកឡើងអំពីកំណើនសេដ្ឋកិច្ចកម្ពុជាដែលនៅរក្សាកំណើនសេដ្ឋកិច្ចក្នុងអាត្រាជាង៧% ដែលកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៨នេះកម្ពុជា និងមានកំណើនសេដ្ឋកិច្ចប្រមាណ៧,២%។
សម្រាប់សម្តេចតេជោផ្ទាល់ គឺចង់ឃើញគឺការអនុវត្តរូបមន្ត១បូក១ ពោលគឺបណ្តាក្រុមហ៊ុនបរទេសដែលកំពុងវិនិយោគក្នុងប្រទេសអាស៊ាន ក្នុងនោះរួមទាំងក្រុមហ៊ុនមកពីសហរដ្ឋអាមេរិកផងដែរ មានលទ្ធភាពអាចទៅបង្កើតរោងចក្រនៅប្រទេសកម្ពុជា ឧទាហរណ៍ប្រទេសថៃបូកមួយ មានន័យថា ក្រុមហ៊ុនសហរដ្ឋអាមេរិក ដែលកំពុងប្រតិបត្តិការក្នុងប្រទេសថៃ ក៏អាចមកបើករោងចក្រក្នុងប្រទេសកម្ពុជាបានដែរ។
សម្តេចនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ផងដែរថា នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ របស់ប្រទេសកម្ពុជា គឺផ្តោតសំខាន់ទៅលើវិស័យបីសំខាន់ៗ គឺទី១៖ វិស័យកសិកម្ម ទី២៖ វិស័យឧស្សាហកម្ម និង ទី៣៖ វិស័យសេវាកម្ម។ សេដ្ឋកិច្ចកម្ពុជាមានការវិវឌ្ឍន៍ ដោយមិនពឹងផ្អែកតែទៅលើវិស័យណាមួយនោះទេ ពោលគឺការរីកចម្រើនលើពហុវិស័យក្នុងភាពរឹងមាំ ពិសេសលើផ្នែកឧស្សាហកម្មដែលមានលក្ខណៈទ្រង់ទ្រាយជាសកល ពោលគឺការផលិតក្នុងប្រទេសកម្ពុជា រួចធ្វើការចែកចាយជាសកល តាមតម្រូវការនៃសេដ្ឋកិច្ចពិភពលោក៕