FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជានឹងរៀបចំបើកស្ថានទូតនៅប៊ុកហ្ការីឡើងវិញ បន្ទាប់ពីបិទមួយរយៈដោយសារស្ថានភាពនយោបាយនៅក្នុងប្រទេសមួយនេះ។
ការបញ្ជាក់បែបនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ និងលោក ប៊ួយកូ បូរីសូវ (Boyko Borissov) នាយករដ្ឋមន្រ្តីប៊ុលហ្ការី នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅញូវយ៉ក សហរដ្ឋអាមេរិក។ នាយករដ្ឋមន្រ្តី ប៊ុលហ្ការី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់សម្តេច ក្នុងការបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួននៅប្រទេសប៊ុលហ្ការី ដែលនោះ គឺជាឱកាសដែលសម្តេចនឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប៊ុលហ្ការីផងដែរ។
ក្នុងជំនួបពិភាក្សានោះ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍វាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់ប្រទេសប៊ុលហ្ការី កាលពីអតីតកាលដែលបានដើរតួនាទីក្នុងការជួយដល់ប្រទេសកម្ពុជា នៅពេលដែលកម្ពុជា បានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបន្តវត្តមានចូលរួមចំណែកថែរក្សាសន្តិភាពនៅកម្ពុជា ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏បានឯកភាពគ្នា ក្នុងការបន្តពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ទាំងក្នុងវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍៕