សុន្ទរកថា និងសង្កថា ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារ «គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០»

– សម្តេច ឯកឧត្តម លោក ជំទាវ លោក លោកស្រី, ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ – អង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឯកសារ «គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០» នាពេលនេះ។ ជាបឋម ខ្ញុំសូមសម្តែងនូវការស្វាគមន៍ចំពោះវត្តមានសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី, ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដែលបានចូលរួមនៅក្នុងពិធីនាថ្ងៃនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និង ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងថ្នាក់ដឹកនាំ, មន្ត្រីជំនាញពាក់ព័ន្ធ ក្នុងក្របខណ្ឌនៃក្រុមការងារអន្តរក្រសួងរបស់រាជរដ្ឋាភិបាលដែលបានខិតខំរៀបចំតាក់តែង ឯកសារគោលនយោបាយដ៏មានសារៈសំខាន់នេះឡើង សំដៅជួយកសាងសំណាញ់សុវត្ថិភាពមួយ និងអភិវឌ្ឍនូវប្រព័ន្ធគាំពារសង្គមដល់មនុស្សចាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសង្គតិភាពទៅនឹងស្ថានភាពវិវឌ្ឍនៃសង្គមជាតិ និងបំណងប្រាថ្នាប្រជាជនយើង។ ជាការពិត គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ នេះ គឺជាការបើកទំព័រប្រវត្តិសាស្តថ្មី នៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយ ដោយផ្តោតលើការគាំពារមនុស្សចាស់នៅកម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ពួកគាត់…