គ.ជ.ប បង្ហាញឈ្មោះ​បេក្ខជន​ជាប់​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី​៤ ទាំង​២៥រាជធានី-ខេត្ត​

FN ៖ ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២0១៧នេះ បានចេញ​បង្ហាញឈ្មោះ​បេក្ខជនជាប់ឆ្នោត ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ-​សង្កាត់ ​អាណត្តិ​ទី​៤​នេះ ទាំង២៥រាជធានី-ខេត្ត​។ ក្នុងចំណោម​គណបក្ស​ទាំង​១២ ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ​អាណត្តិ​ទី​៤ មានតែ​គណបក្ស​៧​ប៉ុណ្ណោះ ដែល​ទទួលបានអាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​សំឡេងឆ្នោត​ច្រើនជាងគេ​ ដោយគណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​ចំនួន ៣,៥៤០,០៥៦សំឡេង ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​សំឡេងឆ្នោត​ចំនួន ៣,០៥៦,៨២៤សំឡេង​។ បើ​គិតជា​អាសនៈគណបក្ស​ប្រជាជន​កម្ពុជាទទួលបាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​ ៦,៥០៣ (​បាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​ចំនួន​ ១,១៥៦) គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​ ៥,០០៧ (​បាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​ចំនួន៤៨៩)​។​ ​គណបក្ស​៥​ទៀត មាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន ​២៨ (​មិនបាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​) គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន ​២៤ (​បាន​តំណែង​ជា​មេឃុំ​១) គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន ​៥ (​មិនបាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​) គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន ​៤ (​មិនបាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​) និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន ​១ (​មិនបាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​)​។ ​ចំណែកឯ​គណបក្ស​៥​ទៀត បានទទួល​ត្រឹម​សំឡេងឆ្នោត​ប៉ុណ្ណោះ តែ​មិនបាន​ទទួល​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ឡើយ​៕

គ.ជ.ប ចេញសេចក្ដីថ្លែងការណ៍សោកស្ដាយយ៉ាងខ្លាំង ចំពោះការវាយតម្លៃខុស ធ្វើឲ្យសាធារណជនយល់ច្រឡំលើដំណើរការនិងលទ្ធផលបោះឆ្នោត, អ្នកបោះឆ្នោត៩០.៣៧% បានទៅបោះឆ្នោតជាមួយទឹកមុខរីករាយ គ្មានការបំផិតបំភ័យ និងគ្មានការភ័យខ្លាច

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីថ្លែងការណ៍ ដោយសោកស្ដាយយ៉ាងខ្លាំង ចំពោះការវាយតម្លៃខុសពីការពិត ដែលធ្វើឲ្យសាធារណជនមានការយល់ច្រឡំ លើដំណើរការ និងលទ្ធផលនៃការបោះឆ្នោត។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច។ សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា «គ.ជ.ប មានការសោកស្ដាយជាខ្លាំងចំពោះការវាយតម្លៃ ដែលគ្មានប្រព្រឹត្តការណ៍ជាក់ស្ដែង មកឆ្លុះបញ្ជាំងការពិត ទៅលើទិដ្ឋភាពបច្ចេកទេស ដែលបានបទប្បញ្ញាតិនៅក្នុងច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវិធីរបស់ គ​.ជ.ប ដែលអាចធ្វើឲ្យសាធារណៈជនមានការយល់ច្រឡំ លើដំណើរការ និងលទ្ធផលនៃការបោះឆ្នោត»។ សេចក្ដីថ្លែងការណ៍ដដែលនេះ បានបញ្ជាក់ទៀតថា គ.ជ.ប ក៏ដូចជាមតិជាតិ និងអន្ដរជាតិបានយល់ឃើញថា គ្មានការបោះឆ្នោតណាមួយដែលរៀបចំឡើង បានល្អឥតខ្ចោះ១០០%នោះទេ ទោះបីនៅក្នុងប្រទេសអភិវឌ្ឍន៍ ឬអារ្យប្រទេសក៏ដោយ។ ចំណុចខ្វះខាតតិចតួចដែលនៅសេសសល់ តាមរយៈបទពិសោធន៍នៃការបោះឆ្នោតនេះ គ.ជ.ប រួមជាមួយជំនាញការអន្ដរជាតិ កំពុងបំពេញការងារ នៅទីស្ដីការគ.ជ.ប នឹងរួមគ្នាធ្វើការដោះស្រាយ និងកែលម្អឲ្យកាន់តែប្រសើរឡើងថែមទៀត សម្រាប់ការបោះឆ្នោតលើកក្រោយ។ បើតាម គ.ជ.ប ចំនួន៩០.៣៧ភាគរយ បានចេញទៅបោះឆ្នោតប្រកបដោយទឹកមុខរីករាយ គ្មានការបំផិតបំភ័យនិងគ្មានការភ័យខ្លាច។

គ.ជ.ប នឹងស្រាវជ្រាវរកមូលហេតុដែលនាំឲ្យមានសន្លឹកឆ្នោតអត់បានការ ជាង១សែនសន្លឹក ក្នុងការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកការស្រាវជ្រាវរកមូលហេតុ ដែលនាំឲ្យមានសន្លឹកឆ្នោតអត់បានការច្រើន ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដើម្បីចាត់វិធានការដោះស្រាយ និងពន្យល់ណែនាំប្រជាពលរដ្ឋឲ្យកាន់តែយល់ច្បាស់បន្ថែម អំពីការគូសសញ្ញាធិច លើសន្លឹកឆ្នោត សំដៅបង្កើនចំនួនសន្លឹកឆ្នោតបានការ នៅពេលបោះឆ្នោតក្រោយៗទៀត។ គ.ជ.ប បានបង្ហាញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ ចំនួនសន្លឹកឆ្នោតអត់បានការមានរហូតដល់ទៅ ១៣៣,៤៨៤សន្លឹក ចំណែកសន្លឹកឆ្នោតបានការមានចំនួន ៦,៩៧៣,៩១១សន្លឹក។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ ឲ្យដឹងថា ចំនួនសន្លឹកឆ្នោតអត់បានការ នៅអាណត្តិទី៤នេះ ច្រើនជាងអាណត្តិមុនៗ គួឲ្យកត់សម្គាល់។ អ្នកនាំពាក្យរូបនេះ បានបន្តថា នៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខ គ.ជ.ប នឹងបើកកិច្ចពិភាក្សាជាមួយគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីស្រាវជ្រាវរកមូលហេតុ ដែលនាំឲ្យមានសន្លឹកឆ្នោតអត់បានការ ក្នុងការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤នេះ និងចាត់វិធានការពន្យល់ឲ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ សំដៅបង្កើនបរិមាណសន្លឹកឆ្នោតបានការ…