ការផ្សព្វផ្សាយជ្រើសរើស និងបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសអូស្ត្រាលី

FN ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសប្រាប់ប្រជាពលរដ្ឋខ្មែរ ឱ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះរាល់ការផ្សព្វផ្សាយជ្រើសរើស និងបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសអូស្ត្រាលី ដោយទីភ្នាក់ងារជ្រើសរើស ឬអង្គភាពណាមួយ។ ក្រសួងអះអាងថា ថ្មីៗនេះ រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសអំពីការបង្កើតទិដ្ឋាការកសិកម្មអូស្ត្រាលី (Australian Agriculture Visa) ដើម្បីឆ្លើយតបទៅនឹងកង្វះខាតកម្លាំងពលកម្មក្នុងវិស័យកសិកម្មនៅប្រទេសអូស្ត្រាលី។ បច្ចុប្បន្ននេះ រដ្ឋាភិបាលអូស្ត្រាលីបាននឹងកំពុង ពិភាក្សាទ្វេភាគីអំពីការផ្តល់ទិដ្ឋាការកសិកម្មអូស្ត្រាលី ជាមួយបណ្តាប្រទេសជាដៃគូនានា រួមទាំងកម្ពុជាផងដែរ។ ក្រសួងការងារបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៧មក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទំនាក់ទំនងជាមួយរដ្ឋាភិបាលអូស្ត្រាលី ទាំងកម្រិតរដ្ឋ និង រដ្ឋាភិបាលសហព័ន្ធ ដោយក្រសួងបានផ្ញើជូនរដ្ឋមន្ត្រីក្រសួងមុខរបរ ក្រសួងកិច្ចការនារី និងជារដ្ឋមន្ត្រីទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើវិស័យសេវាសាធារណៈអូស្ត្រាលី តាមរយៈលិខិតលេខ 029/17M.L.V.T ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ជាពិសេសបានពិភាក្សាការងារនេះជាមួយស្ថានឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងសមាគមកសិកម្ម និងសហគ្រាស ធុនតូចអូស្ត្រាលីជាបន្តបន្ទាប់ផងដែរ។ ក្នុងដំណើរការចរចានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលីផងដែរ។ ដូច្នេះ ក្នុងដំណាក់កាលដែលរដ្ឋាភិបាលអូស្ត្រាលីពុំទាន់សម្រេចថា នឹងផ្តល់ទិដ្ឋាការនេះជូនកម្ពុជានៅឡើយ…

CDC អនុញ្ញាតឲ្យក្រុមហ៊ុនជប៉ុនវិនិយោគសរុប២១១គម្រោង

FN ៖ គិតត្រឹមខែកក្កដា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនជប៉ុន ធ្វើការវិនិយោគសរុបចំនួន២១១គម្រោង ក្រោមទុនវិនិយោគសរុប ៣,១៤០លានដុល្លារអាមេរិក។ តួលេខនៃការវិនិយោគនេះ ត្រូវបានបង្ហាញក្នុងសេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៣០ ខែសីហានេះ។ សេចក្តីប្រកាសព័ត៌មានបានដកស្រង់ទិន្នន័យយ៉ាងដូច្នេះថា «គិតត្រឹមខែកក្កដា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនជប៉ុន ធ្វើការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសចំនួន១៤៥គម្រោង ដែលមានទុនវិនិយោគ សរុបប្រមាណ២.៨ប៊ីលានដុល្លារអាមេរិក និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៦៦គម្រោង ដែលមានទុនវិនិយោគសរុប ប្រមាណ៣៤០លានដុល្លារអាមេរិក»។ កិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការចម្រុះ កម្ពុជា-ជប៉ុន តាមប្រព័ន្ធវីដេអូនេះ ដឹកនាំដោយលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំនេះក៏មានការចូលរួម ពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA), អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO),…

ការនាំចេញរបស់កម្ពុជាទៅថៃ មានទឹកប្រាក់ប្រមាណ៥៦៩លានដុល្លារ

FN ៖ រយៈពេល៧ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញទៅកាន់ប្រទេសថៃ មានទឹកប្រាក់ប្រមាណ៥៦៩លានដុល្លារ ធ្លាក់ចុះ៣២ភាគរយ ខណៈការនាំចូលពីថៃ មានទឹកប្រាក់រហូតដល់៤.០៥ប៊ីលានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ សម្រេចបានសរុបប្រមាណ៤.៦១ប៊ីលានដុល្លារ កើនឡើង១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ មានចំនួន៤.៥៦ប៊ីលានដុល្លារ។ ផលិតផលភាគច្រើន ដែលកម្ពុជាបាននាំទៅកាន់ថៃ គឺជាប្រភេទកសិផល (ត្រី សាច់ បន្លែ គ្រាប់ធុញ្ញជាតិ ថ្នាំជក់) សំណល់រោងចក្រ ឱសថ សម្លៀកបំពាក់ និងវាយនភណ្ឌ ក្រណាត់សូត្រ ត្បូងថ្មមានតម្លៃ ឈើ និងគ្រឿងសង្ហារឹម។ ដោយឡែក ចំពោះទំទិញនាំចូលវិញរួមមាន៖ ថាមពល ប្រេងឥន្ធនៈ ត្រី សាច់ បន្លែ និងផលិតផលសម្រេច ដូចជា រថយន្ត ជីសរីរាង្គ ស៊ីម៉ង់គ្រឿងឧបភោគ-បរិភោគ គ្រឿងសំអាង និងសម្ភារៈសំណង់។ គូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ឆ្នាំ២០២០ សម្រេចបានទឹកប្រាក់ ៧.២៥ពាន់លានដុល្លារ ធ្លាក់ចុះ២៣ភាគរយ…