ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ!
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
បឹងទន្លេសាបគ្របដណ្ដប់ ៦ ខេត្ដ និងចែកជា ៣ តំបន់
បន្ទាប់ពីការធ្វើដំណើរចុះឡើងពីកម្ពុជាទៅសហរដ្ឋអាមេរិក ពីសហរដ្ឋអាមេរិកមកកម្ពុជា ហើយក៏ធ្វើដំណើរទៅកាន់តំបន់អឺរ៉ុប ថ្ងៃនេះមុនពេលដែលខ្ញុំព្រះករុណាខ្ញុំថ្លែង(សុន្ទរកថា)ចូលរួមការប្រជុំកំពូលអំពីអនាគតអាស៊ី … នៅក្នុងម៉ោង ១១ នេះ ខ្ញុំព្រះករុណាខ្ញុំឆ្លៀតយកឱកាសនេះទូលប្រគេន និងប្រកាសជូនជនរួមជាតិដែលរស់នៅជុំវិញបឹងទន្លេសាប ទាក់ទងនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅលើការអភិរក្ស(តំបន់ផ្ទៃ)បឹងទន្លេសាប ទន្ទឹមគ្នានឹងការគិតគូរ(មួយចំនួន)ចំពោះប្រជាជននៅក្នុងតំបន់នោះ។ គេ(អាច)ដឹងបានហើយថា បឹងទន្លេសាបជាបឹងដ៏ធំមួយ ដែលមានទឹកនិងត្រីដ៏ច្រើនដែលចាំបាច់ត្រូវធ្វើការអភិរក្ស។
បឹងទន្លេសាបគ្របដណ្ដប់ ៦ ខេត្ដ រួមមានខេត្ត កំពង់ឆ្នាំង កំពង់ធំ សៀមរាប បាត់ដំបង ពោធិសាត់ និងខេត្តបន្ទាយមានជ័យ។ រយៈពេលកន្លងទៅ យើងបានបែងចែកតំបន់ទន្លេសាបជា ៣ តំបន់គឺ តំបន់ទី ១ ជាតំបន់រស់នៅរបស់ប្រជាជន ដែលអាចចុះបញ្ជីដីធ្លីនិងផ្ដល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ។ តំបន់ទី ២ ជាតំបន់នៅចន្លោះរវាងតំបន់ ១ និង តំបន់ ៣ (ដែលអាច)អនុញ្ញាតឲ្យប្រជាពលរដ្ឋចូលអាស្រ័យផលនៅក្នុងទីតាំងដែលធ្លាប់មានកន្លងមក។ ឯតំបន់ទី ៣ ជាតំបន់ព្រៃលិចទឹក និងជាតំបន់ហាមឃាត់ការពារដាច់ខាត ប៉ុន្ដែនៅតែមានការរំលោភទន្ទ្រាន។
ការកែសំរួលព្រំប្រទល់បឹងទន្លេសាប ត្រូវគិតពីការអភិរក្ស និងប្រវត្តិសាស្ត្រនិងជីវភាពរស់នៅ
រយៈពេលពេលកន្លងទៅ ខ្ញុំព្រះករុណាខ្ញុំបានចេញបទបញ្ជាឲ្យធ្វើការបង្ក្រាបនិងទប់ស្កាត់ ការកាប់ទន្ទ្រានយកព្រៃលិចទឹកនៅក្នុងតំបន់(បឹង)ទន្លេសាប ដែលដឹកនាំឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា។ នៅក្នុងទីនេះ ទាក់ទិននឹងការអភិរក្សក៏ដូចជាការរៀបចំការទ្រទ្រង់សម្រាប់ប្រជាកសិករ យើងបានគិតគូរអំពីកត្ដា ២។ កត្ដាទី១ គឺកត្ដាអភិរក្សចំពោះបឹងទន្លេសាប ដែលចាំបាច់យើងត្រូវតែការពារដើម្បីជីវិតរបស់ប្រជាពលរដ្ឋនិងប្រទេសជាតិរបស់យើង។ កត្ដាទី ២ ក៏ត្រូវគិតពីប្រជាពលរដ្ឋដែលរស់នៅទីនោះ។
ចំណុចនេះ ខ្ញុំព្រះករុណាខ្ញុំក៏បានចេញបញ្ជាឲ្យឯកឧត្តម ជា សុផារ៉ា រួមជាមួយនឹងខេត្តនៅជុំវិញបឹងទន្លេសាបធ្វើការកែសម្រួល ដោយក្នុងនោះមានការកែតម្រូវអំពីព្រំប្រទល់តំបន់ ៣ និងតំបន់ ២ ដែលសម្រេចរួចមកហើយ មានខេត្តកំពង់ធំ សម្រួលផ្ទៃដី ១០,០១៤ ហិកតា ចេញពីតំបន់ ២ ចូលមកតំបន់ ១ នៃបឹងទន្លេសាប ជូនប្រជាពលរដ្ឋចំនួន ៩,១៤៤ គ្រួសារនិងកែសម្រួលផ្ទៃដីទំហំ ៦,៣៦៥ ហិកតា ស្មើនឹង ២,០២៥ ក្បាលដីចេញពីតំបន់ ៣ បញ្ចូលមកតំបន់ ២ នៃបឹងទន្លេសាប ជូនប្រជាពលរដ្ឋចំនួន ១,៧៤៩ គ្រួសារ នៅខេត្តបន្ទាយមានជ័យ។ កែសម្រួលផ្ទៃដីទំហំ ៥៨ ហិកតា ១៦ អា ចេញពីតំបន់ ៣ បញ្ចូលមកតំបន់ ២ នៃបឹងទន្លេសាប ជូនប្រជាពលរដ្ឋ ២២ គ្រួសារ និងខេត្តពោធិសាត់កែសម្រួលផ្ទៃដីទំហំ ៣,៤៤៨ ចេញពីតំបន់ ៣ បញ្ចូលមកតំបន់ ២ នៃបឹងទន្លេសាប និងជូនប្រជាពលរដ្ឋចំនួន ១,៦៥៨ គ្រួសារ។
ពីម្សិលមិញនេះ ខ្ញុំព្រះករុណាខ្ញុំបានដាក់ចេញបទបញ្ជាជូនឯកឧត្តម ជា សុផារ៉ា បន្ដការពិនិត្យតទៅទៀត។ ការពិនិត្យនោះ ផ្នែកលើកគោលការណ៍ ៣ សំខាន់ ប៉ុន្ដែខ្ញុំព្រះករុណាខ្ញុំអាចនឹងបញ្ជាក់ជូនថា យើងយកគោលការណ៍ ២ យកមកថ្លឹងថ្លែង។ ទី ១ រវាងទន្លេសាប ដែលត្រូវធ្វើការអភិរក្ស ឯទី ២ ត្រូវគិតគូរអំពីកត្ដាមួយចំនួនដែលទាក់ទងនឹងកត្ដាប្រវត្ដិសាស្ដ្រ និងជីវភាពរស់នៅរបស់ប្រជាជនផងដែរ។
កិច្ចការងារ ៣ ដែលត្រូវធ្វើទាក់ទិននឹងបញ្ហាអភិរក្សបឹងទន្លេសាប (ទី ១ គឺពិនិត្យពិចារណាដោយផ្អែកលើស្ថានភាពជាក់ស្ដែងនៃភូមិសាស្ដ្រនិមួយៗក្នុងការកាត់ឆ្វៀលចេញពីតំបន់ ២ ឬ តំបន់ ៣)
បញ្ហានេះតម្រូវឲ្យយើងត្រូវធ្វើកិច្ចការ ៣ សំខាន់ នៅពេលខាងមុខនេះ។ ទី ១ គឺពិនិត្យពិចារណាដោយផ្អែកលើស្ថានភាពជាក់ស្ដែងនៃភូមិសាស្ដ្រនិមួយៗ ដោយកាត់ឆ្វៀលចេញពីតំបន់ ២ ឬ តំបន់ ៣ សម្រាប់ទីតាំងដែលមានប្រជាជនរស់នៅជាក់ស្ដែងកើតជាភូមិករណ៍ ជាភូមិ ជាស្រុក មានទីវត្ដអារាម។ ភូមិករណ៍ខ្លះគឺកើតមានតាំងពីយូរយារណាស់មកហើយ។ បញ្ហានេះត្រូវតែបានគិត ហើយយើងមិនត្រូវងាប់ក្រឡា។ ទោះបីវានៅក្នុងតំបន់ ២ ឬតំបន់៣ ប៉ុន្ដែយើងត្រូវទទួលស្គាល់ថា តំបន់នេះមានកើតតាំងពីមុនពេលដែលយើងកំណត់ក្របខណ្ឌតំបន់ ១ តំបន់ ២ តំបន់ ៣ ទៅទៀត។
តាមដែលខ្ញុំព្រះករុណាខ្ញុំចាំនៅក្នុងទស្សវត្ស ៨០ ពេលនោះ យើងមានឃុំមួយឈ្មោះថាឃុំកោះជីវាំង ស្រុកឯកភ្នំ នៅខេត្តបាត់ដំបង។ ឃុំនេះនៅក្នុងទឹកតែម្ដង។ យើងក៏បានជួយកសាងសាលារៀន វត្ដអារាមនៅទីនោះ។ ដូចនេះ មិនមែនជាទីតាំងថ្មីដែលប្រជាជនទៅរុករានទេ។ គាត់(បាន)រស់នៅរាប់ជំនាន់មកហើយ ដែលចាំបាច់ត្រូវតែឆ្វៀលចេញ។ ដាក់ចេញនូវស្ថានភាពដូចស្ថានភាពស្បែកខ្លា។ ចំណុចនេះ ឯកឧត្តម ជា សុផារ៉ា រួមជាមួយអភិបាលខេត្ត ស្រុក ឃុំ នៅតាមតំបន់ទាំងនោះ ត្រូវមានការទទួលខុសត្រូវដើម្បីសុំរក្សាតំបន់នោះទុក។ មានតែរាជរដ្ឋាភិបាលតែប៉ុណ្ណោះ ដែលមានសិទ្ធិដើម្បីសម្រេចអំពីបញ្ហានេះ ប៉ុន្ដែការសម្រេចយ៉ាងណានោះគឺស្ថិតនៅលើការបញ្ហាទាក់ទងនឹងកត្ដាប្រវត្ដិសាស្ដ្ររបស់វានិងជីវភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។
ការងារទី ១៖ ឆ្វៀលតំបន់ ២ និង ៣ ដែលប្រជាជនបានរស់នៅជាភូមិករណ៍ពីយូរយារមកហើយ
… ថ្ងៃនេះក៏មានការរួមដំណើរផងដែរពីសំណាក់ សម្ដេចក្រឡាហោម ស ខេង នៅខេត្ដបាត់ដំបង ប៉ុន្ដែឯកឧត្តម ជា សុផារ៉ា ត្រូវធ្វើដំណើរទៅខេត្តដទៃទៀត។ សូមបញ្ជាក់ទៅខេត្តទាំង ៦ ដែលជាប់បឹងទន្លេសាបឲ្យមានការទទួលខុសត្រូវចំពោះប្រជាជនខ្លួនឯងនៅក្នុងតំបន់នេះ ទាំងថ្នាក់ខេត្ត ស្រុក ឃុំ ដែលមានការទទួលខុសត្រូវ។ នេះជាចំណុចទី១ ត្រូវតែឆ្វៀលចេញតំបន់ ២ ក្ដី តំបន់ ៣ ក្ដី ដែលប្រជាជនបានរស់នៅជាភូមិករណ៍ មានទាំងសាលារៀន វត្ដអារាម តាំងពីយូរយារណាស់មកហើយ មិនអាចចាត់ទុកថាតំបន់ ៣ ហើយត្រូវតែបោសសំអាតប្រជាជន ហើយយកប្រជាជនចេញពីតំបន់នោះទេ។ នេះជាបទបញ្ជាដែលខ្ញុំព្រះករុណាខ្ញុំធ្វើ ដើម្បីចៀសវាងភាន់ច្រលំណាមួយទាក់ទងនឹងការបណ្ដេញចេញ ឬយកចេញនូវប្រជាជន(ដែលរស់)នៅតំបន់ ៣ ទៅតាមផែនទីដែលយើងបានកំណត់នោះដែរ។ នេះជាចំណុចដែលត្រូវចៀសវាង ហើយនេះជាការទទួលខុសត្រូវរបស់អភិបាលខេត្ត ស្រុក របស់ថ្នាក់ឃុំនៅទីនោះដើម្បីបញ្ជាក់អំពីអត្ដសញ្ញាណកម្មតំបន់ដែលប្រជាជនរស់នៅទីនោះ និងអាស្រ័យផលនៅទីនោះ នេះជាកិច្ចការទី ១ ដែលត្រូវធ្វើ។
កិច្ចការទី ២៖ កែសម្រួលព្រំប្រទល់តំបន់ ២ និង ៣ ផ្អែកលើការជាក់ស្ដែងតាមចំាបាច់និងសមហេតុសមផល
កិច្ចការទី២ ដែលត្រូវធ្វើគឺកែសម្រួលព្រំប្រទល់តំបន់ ២ និងតំបន់ ៣ ឡើងវិញ ដោយផ្អែកលើការជាក់ស្ដែង ជាពិសេសផ្ទៃដីដែលចំាបាច់និងសមហេតុសមផល ដើម្បីការពារតំបន់ព្រៃលិចទឹកនៃបឹងទន្លេសាបក្នុងស្ថានភាពថ្មីនៃផ្ទៃបឹងដែលមានរួចមក(ហើយ និង)ដែលមានការគោករាក់ ហើយដែលប្រជាជនធ្លាប់បង្កបង្កើនផល។ ក្នុងចំណុចនេះ យើងមិនងាប់ក្រឡាទេដោយសារតែកន្លែងខ្លះមានការគោករាក់ ហើយប្រជាជនបានទៅធ្វើស្រែចំការនៅទីនោះយូរណាស់មកហើយ។ យើងមិនមានការលំបាកទេ។ យើងចុះហត្ថលេខាបាន យើងក៏អាចលុបវាបាន ដើម្បីកែសម្រួលព្រំប្រទល់ដាក់វាដូចជាតំបន់ស្បែកខ្លា។ អំពាវនាវសុំកុំអោយប្រជាជនកាប់បន្ថែមតែប៉ុណ្ណឹង។ សម្រាប់ប្រជាជនដែលបាននិងកំពុងអាស្រ័យផលនៅទីនោះ ហើយមិនមែនជាពួកថៅកែដែលទៅធ្វើសកម្មភាពកន្លងទៅដែលយើងបានដកហូត … ចាំបាច់ត្រូវតែធ្វើការកែសម្រួល ដែលកែសម្រួលលិខិតបទដ្ឋានគតិយុទ្ធ និងកែសម្រួលបង្គោលនៃការបោះ ដែលអាចបំព្រួញ រើបង្គោលចេញពីតំបន់ ៣ ហើយទម្លាក់តំបន់ ៣ ទៅជាតំបន់ ២ ឬកែសម្រួលតំបន់ ២ ទៅជាតំបន់១ តែម្ដង។
ប្រើបង្គោលធំដើម្បីបង្កាការរំកិលនិងរដក
កិច្ចការងារនេះ ឯកឧត្តម ជា សុផារ៉ា ត្រូវតែដឹកនាំជាមួយនិងក្រសួងនានាដូចជា ក្រសួងធនធានទឹក អាជ្ញាធរទន្លេសាប ក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាបណ្ដាខេត្តនៅទីនោះ ដើម្បីធ្វើការកែសម្រួលឡើងវិញជូនប្រជាពលរដ្ឋរបស់យើង។ បញ្ហាបង្គោលនេះទៀតសោត ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់យើងត្រូវប្រើប្រាស់បង្គោលអោយធំ កុំយកបង្គោលប៉ុនកជើង យកទៅបោះនៅក្នុងទន្លេសាបនោះ … ការរំកិលបង្គោល ដកបង្គោល វាជាការងាយណាស់។ អញ្ចឹងបានជាយើងដាក់បង្គោលព្រំដែនជាមួយប្រទេសជិតខាងរបស់យើង គឺដាក់បង្គោលធំៗ ណាស់ រហូតទៅដល់បោះទីតាំងជាសណ្ឋាគារធំៗ មួយចំនួន ជៀសវាងកុំអោយបង្គោលវាចេះដើរ។ ករណីដូចគ្នានៅក្នុងតំបន់ទន្លេសាប បង្គោលវាអាចចេះដើរបានដែរ បើសិនជាបង្គោលវាតូចពេក។ ដូច្នេះយើងត្រូវពិនិត្យបង្គោលអោយបានធំ ដើម្បីប្រជាជនងាយចំណាំ … យើងអាចចំណាយទុនធំបន្តិច ក៏ប៉ុន្តែយើងការពារនិងអភិរក្សបឹងទន្លេសាបរបស់យើងបាន បូកជាមួយនឹងកុំអោយប្រជាពលរដ្ឋមានភាន់ច្រឡំ ប្រជាពលរដ្ឋគាត់មិនអាចលើក ២គីឡូ(ម៉ែត្រ) ទៅ៣គីឡូ(ម៉ែត្រ) ឬ៥គីឡូ(ម៉ែត្រ)មានបង្គោលមួយបានទេ ត្រូវធ្វើបង្គោលនេះអោយបានមាំទាំបន្តិច។
កន្លែងទន្ទ្រានថ្មី ជាកម្មវត្ថុនៃការដកហូត និងកន្លែងដាំដើមឈើឡើងវិញ
ចំណុចទី ២ នេះ ខ្ញុំព្រះករុណាខ្ញុំ សូមអោយឯកឧត្តម ជា សុផារ៉ា ក៏ដូចជាអភិបាលខេត្តទាំងអស់ត្រូវមានការទទួលខុសត្រូវ គិតគូរចំពោះប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ប្រើប្រាស់ដីតំបន់នោះជាដីបង្កបង្កើនផលរាប់សិបឆ្នាំមកហើយ។ ត្រូវរៀបចំកន្លែងផ្សេង។ យើងអនុញ្ញាតអោយពួកគាត់ទទួលផល។ បានសេចក្ដីថាពួកគាត់ដកស្ទូង ពួកគាត់ទទួលផល រួចបានយើងចាប់ផ្ដើមប្រមូល។ ឥឡូវនេះ ពួកគាត់បានប្រមូលផលហើយ យើងក៏ត្រូវរៀបចំអោយហើយ។ កន្លែងណាដែលត្រូវប្រគល់អោយគាត់ កន្លែងណាដែលត្រូវដកហូតទុក អោយដាំដើមឈើឡើងវិញ។ ត្រូវបែងចែកគ្នា។
កន្លែងណាទន្ទ្រានថ្មីដែលជាកម្មវត្ថុនៃការដកហូត … ត្រូវទុកកន្លែងហ្នឹងជាកន្លែងដាំដើមឈើឡើងវិញ។ ប៉ុន្តែកន្លែងខ្លះគាត់ធ្វើ ២០ ឆ្នាំហើយ គាត់ធ្វើ ៣០ ឆ្នាំ កន្លែងខ្លះគាត់ធ្វើតាំងពីក្រោយរំដោះ ឬរហូតមុនពេលរំដោះតាំងពីសម័យដើមនោះ យើងត្រូវរក្សាទុកអោយប្រជាពលរដ្ឋ។ បញ្ហានេះ(សូមយល់និងកំណត់)អោយបានច្បាស់។ ដូច្នេះគឺចាប់ផ្ដើមធ្វើបញ្ហានេះ ក្រោយការប្រមូលផលរបស់គាត់ហើយ បញ្ជាក់អត្តសញ្ញាណកម្មសម្រាប់ការទទួលបាន។ បើកាត់ពីតំបន់ ២ ចូល(មក)ក្នុងតំបន់ ១ ត្រូវ(ធ្វើ)កម្មសិទ្ធអោយពួកគាត់។ កាត់ពីតំបន់ ៣ ចូលមកតំបន់ ២ ទុកអោយពួកគាត់ទទួលផល។ ដូច្នេះ ត្រូវធ្វើបញ្ហានេះអោយបានច្បាស់ ដើម្បីការជៀសវាងការលើកឡើងរវាងតំបន់ ២ តំបន់ ៣ ដែលត្រូវជាតំបន់ការពារនិងតំបន់អាស្រ័យផល។
ដូច្នេះ វិធីមានតែមួយគឺការកែតម្រូវព្រំប្រទល់សារថ្មី ដែលរៀបចំជាយន្តការឡើងវិញ។ ខ្ញុំព្រះករុណាខ្ញុំទទួលបន្ទុកលើហត្ថលេខាលើអនុក្រឹត្យនោះ។ ដូច្នេះ ឯកឧត្តម ជា សុផារ៉ា ត្រូវតែធ្វើការជាមួយក្រសួងធនធានទឹក អាជ្ញាធរទន្លេសាប ដើម្បីកែសម្រួលលិខិតបទដ្ឋាន ទាក់ទងទៅនឹងវិធានការ ហើយរៀបចំការបោះបង្គោលឡើងវិញ។ ពិនិត្យមើលផ្ទៃដីត្រូវចេញពីតំបន់ ៣ ចូលមកតំបន់ ២ ដែលប្រជាជនបង្កបង្កើនផលយូរមកហើយ។ យើងផ្ដល់អោយប្រជាពលរដ្ឋបានបង្កបង្កើនផលតទៅទៀត។ ប៉ុន្តែ ករណីដែលរំលោភបំពានកាប់ថ្មីៗ គឺយើងមិនអនុញ្ញាតទេ។ នោះជាតំបន់នៃកម្មវត្ថុការដាំដើមឈើឡើងវិញ។
ប្រឆាំងការប្រើប្រាស់សិទ្ធអំណាចនិងទឹកលុយ គាំទ្រ/គាំពារប្រជាពលរដ្ឋបង្កបង្កើនផលដោយសុច្ចរិត
សុំអំពាវនាវចំពោះប្រជាពលរដ្ឋទាំងអស់ នៅពេលដែលបានទទួលដីធ្លីនៅកន្លែងបង្កបង្កើនផលហើយ សូមមេត្តាកុំកាប់រានដីដែលនៅជិតខាងនេះ ដើម្បីពង្រីកដីកាន់តែធំតទៅទៀត ហើយកុំអោយអ្នកទៅពីក្រៅតំបន់ ជាឈ្មួញឬក៏អ្នកមានអំណាចទៅឃុបឃិតជាមួយប្រជាពលរដ្ឋនៅតំបន់នោះ ហើយកាប់រានយកដីរាប់រយរាប់ពាន់ហិកតា (ដូចមានករណី)ជួលប្រជាពលរដ្ឋដូចរយៈពេលកន្លងទៅ ដែលយើងចាំបាច់ត្រូវតែធ្វើសកម្មភាពលើបញ្ហានេះ។ យើងប្រឆាំងដាច់ខាតជាមួយនឹងការប្រើប្រាស់សិទ្ធអំណាច និងប្រើប្រាស់ទឹកលុយ ជ្រកក្រោមផ្លាករូបភាពប្រជាពលរដ្ឋ ហើយដណ្ដើមកាន់កាប់ទន្រ្ទានយកដីធ្លី ព្រៃលិចទឹក ដើម្បីធ្វើជាផលប្រយោជន៍ផ្ទាល់របស់ពួកគេ។ យើងគាំទ្រ លើកទឹកចិត្តនិងផ្ដល់ការគាំពារចំពោះប្រជាពលរដ្ឋដែលរកស៊ីសុច្ចរិត ហើយដែលបានបង្កបង្កើនផលលើផ្ទៃដីនេះ រយៈពេលយូរមកហើយ។
ជម្រើសមានតែការកែលិខិតបទដ្ឋាន ដូរនិយាមការ ដែលបារាំងហៅថាកូអ័រដោណេ រួចហើយគឺបោះបង្គោលសារជាថ្មីផ្ទៃដីដែលនៅក្នុងតំបន់ ២ ដែលប្រជាពលរដ្ឋបានបង្កបង្កើនផលយូរមកហើយនេះ។ ត្រូវប្រគល់មកអោយគាត់បង្កបង្កើនផល តែដីធ្លីដែលទើបរើរាន ២ឬ៣ឆ្នាំ ចុងក្រោយនេះត្រូវតែដកហូតដើម្បីដាំដើមឈើឡើងវិញ ធ្វើជាព្រៃលិចទឹកដើម្បីជារក្សាជាជម្រកត្រីពង។ នេះគឺជាចំណុចដែលខ្ញុំព្រះករុណាខ្ញុំ ត្រូវតែលើកទឹកចិត្តផ្ដល់លទ្ធភាព ម្ខាងដើម្បីអភិរក្សទន្លេសាបរបស់យើង តែម្ខាងទៀតត្រូវគិតទៅដល់កត្តាប្រវត្តិសាស្ត្រ ភូមិករណ៍របស់ប្រជាជនដែលកើតតាំងពីកើតឡើងនៅទន្លេនេះតែម្ដង។ យើងមិនអាចរើប្រជាជនចេញពីតំបន់ ៣ ទាំងអស់នោះទេ។
ភូមិករណ៍ទាំងនោះត្រូវទទួលស្គាល់ ថាជាភូមិករណ៍របស់ពួកគាត់។ យើងមានតែជួយកសាងសាលា ជួយកសាងវត្តនៅទីនោះទៀតផង។ ជាក់ស្ដែងខ្ញុំព្រះកុរណាខ្ញុំ បានធ្វើរួចហើយនៅសាលាបណ្ដែតទឹកក៏មាន សាលាដែលធ្វើផុតពីទឹក វត្តអារាមក៏មាន ដូច្នេះមិនអាចរើប្រជាពលរដ្ឋចេញពីតំបន់នេះបានទេ អញ្ចឹងសូមកុំអោយមានការភាន់ច្រឡំ។
កិច្ចការទី ៣៖ អាជ្ញាធរបឹងទន្លេសាប សហការជាមួយក្រសួងធនធានទឹក និងកសិកម្ម រុក្ខា ប្រមាញ់ ព្រមទាំង ខេត្តទាំង ៦ ពិនិត្យមើលនិងកំណត់កន្លែងដែលចាំបាច់ត្រូវបូមស្ដារ
ឯចំណុច ទី៣ គឺសូមអាជ្ញាធរបឹងទន្លេសាបសហការជាមួយក្រសួងធនធានទឹកជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់ ក៏ដូចជាបណ្ដាខេត្តទាំង៦ ដើម្បីពិនិត្យមើលថាតើកន្លែងណាខ្លះដែលចាំបាច់ត្រូវបូមស្ដារ ។ ឥឡូវនេះ រៀងរាល់ឆ្នាំ ដីល្បាប់ហូរចូលទៅ ជាមួយនឹងការធ្លាក់ចុះនៃស្លឹកឈើ ធ្វើអោយបឹងទន្លេសាបរបស់យើងពេលនោះ មួយថ្ងៃទៅមួយថ្ងៃគឺរាក់បន្តិចម្ដង ហើយគោករាក់។ ធម្មតាខែវស្សា គឺទឹកតែងតែនាំដីល្បាប់ចាក់ចូលទៅក្នុងតំបន់ទន្លេសាប។ ម្ខាងទៀត តំបន់ទន្លេសាបរបស់យើងគឺមានព្រៃ ស្លឹកឈើទាំងឡាយធ្លាក់ចូលមក ធ្វើ,ឱ្យទន្លេសាបរបស់យើងកាន់តែរាក់ទៅៗ។ អញ្ចឹងកំដៅទឹកនៅក្នុងបឹងទន្លេសាបមានការកើនឡើង។ ដូច្នេះ ការអភិរក្សពូជត្រីគឺជាបញ្ហាដ៏លំបាក។ ដូច្នេះ ដើម្បីធានាថា តើយើងរក្សាពូជត្រីបែបណានៅក្នុងបឹងទន្លេសាប ចាំបាច់ត្រូវកំណត់ទីតាំង ដើម្បីយើង(គិតគូរ)ជួយទៅលើការបូមស្ដារនៅក្នុងតំបន់នោះ អោយមានជម្រៅទឹកជ្រៅ ធានាថានៅក្នុងរដូវប្រាំង ត្រីអាចមានលទ្ធភាពចូលទៅរស់រាន និងជាជម្រករក្សាអភិរក្សពូជត្រី។
អញ្ចឹង យើងមិនអាចប្រើក្នុងមួយពេលធ្វើអស់បឹងទន្លេសាបទេ។ ត្រូវចាប់ផ្ដើមពីខេត្តខ្លះ ត្រូវចាប់ផ្ដើមពីមួយចំណុចឬពីរចំណុច ទៅតាមលទ្ធភាពជាក់ស្ដែងនៃថវិកាដែលយើងត្រូវធ្វើ។ អញ្ចឹង កិច្ចការទាក់ទងនឹងការអភិរក្សតំបន់ការពារពូជត្រី ត្រូវចាប់ផ្ដើមមុនគេ។ បន្ទាប់ទៅចាំយើងរកវិធានការទាំងឡាយដើម្បីបូមស្ដារជាមួយបឹងទន្លេសាបនេះអោយវាជ្រៅឡើងវិញ។ ចំណុចនេះ សុំអោយរៀបចំជាផែនការមេមួយ។ ជាពិសេស ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ តែម្ដង ដែលត្រូវដឹងថាតើតំបន់ដែលត្រូវអភិរក្សពូជត្រីនោះនៅកន្លែងណា ហើយចាំបាច់ត្រូវបូមប៉ុន្មានម៉ែត្រគូបនិងប៉ុន្មានហិកតា ហើយលើកក្នុងគម្រោងដាក់ចូលទៅក្នុងថវិកាជាតិ។ ការបូមស្ដារ (ត្រូវសិក្សាថា)ធ្វើឡើងដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ ឬត្រូវប្រគល់កិច្ចការងារនៅក្នុងតំបន់ដែលអាជ្ញាធរថ្នាក់ក្រោមជាតិធ្វើការគ្រប់គ្រង ដើម្បីនឹងធ្វើ។
ការបូមបានអាចម៍ដីយកវាទៅធ្វើជាជីឬយ៉ាងណានោះ ត្រូវសិក្សាអំពីបញ្ហានោះអោយច្បាស់
ពិតមែនហើយ យើងមានអាជ្ញាធរទន្លេសាប និងក្រសួងពាក់ព័ន្ធដទៃទៀតដែលត្រូវធ្វើកិច្ចការងារនេះដោយប្រុងប្រយ័ត្ន។ ការបូមបានអាចម៍ដីនេះយកទៅចាក់នៅទីណា តែមិនស្រួលបូមអាចម៍ដីយកទៅចាក់ក្នុងទន្លេសាបដដែល។ ទន្លេសាបមានភក់ផងទឹកផង ឬក៏ប្រើប្រាស់វាបូមស្ដារបានហើយ អាចយកវាទៅធ្វើជាជីឬយ៉ាងណានោះ ត្រូវសិក្សាអំពីបញ្ហានោះអោយច្បាស់។ ដីបឹងទន្លេសាបគឺជាដីល្បាប់ដែលមានជីជាតិ។ គេអាចប្រើប្រាស់ ការបូមស្ដារនេះយកមកធ្វើជាជី ឬក៏យើងអាចបង្កើតជាដៃគូរជាមួយវិស័យឯកជន ដែលធ្វើការផលិតជីប្រើប្រាស់ការបូមយកអាចម៍ដីនៅក្នុងបឹងទន្លេសាបធ្វើជាជម្រៅទឹក។ វិស័យឯកជន អាច(ពិចារណា)យកដីល្បាប់ដែលយើងបានបូមចេញពីក្នុងទន្លេសាបនោះ មកកែឆ្នៃធ្វើជាជីសម្រាប់ផ្ដល់ជូនទៅកសិករ។ បើសិនជារដ្ឋធ្វើក៏រដ្ឋគួរតែយកបញ្ហានេះយកមកកែឆ្នៃធ្វើជាជីរបៀបណានោះ ដើម្បីអោយប្រជាពលរដ្ឋរបស់យើងទទួលលបានផលប្រយោជន៍ពីដីដែលបូមហើយ យកមកធ្វើជាជីធម្មជាតិសម្រាប់បង្កបង្កើនផលក្នុងវិស័យកសិកម្ម។
ផ្ទៃដីបឹងទន្លេសាប៖ តំបន់ត្រូវផ្តល់កម្មសិទ្ធិ តំបន់អាស្រ័យផល និងតំបន់ហាមឃាត់
រឿងនេះខ្ញុំព្រះករុណាខ្ញុំនៅតែបញ្ជាក់ចំណុចសំខាន់ទាំង៣នេះ គឺចំណុចទីមួយបញ្ជាក់ឡើងវិញ ពាក់ព័ន្ធជាមួយភូមិករណ៍របស់ប្រជាពលរដ្ឋ ដែលរស់នៅជាយូរណាស់មកហើយត្រូវតែឆ្វៀលចេញជាបន្ទាន់ ពីតំបន់២ឬតំបន់៣។ បានសេចក្ដីថា យើងធ្វើដូចស្ថានភាពស្បែកខ្លា គឺតំបន់ ៣ និងតំបន់ ២ ប៉ុន្តែមានភូមិករណ៍ ប្រជាពលរដ្ឋរស់នៅតាំងពីមុនពេលដែលយើងចេញ(ការ)កំណត់តំបន់ ១ តំបន់ ២ គឺត្រូវតែឆ្វៀលចេញ ហើយផ្តល់លទ្ធភាពជូនពួកគាត់សម្រាប់ការរស់នៅទីនោះជាអចិន្ត្រៃយ៍ ដោយរាប់ទាំងការអាស្រ័យផលនិងផ្តល់កម្មសិទ្ធិទៀតផង។ សុំឲ្យពិចារណាទៅលើបញ្ហានេះ។ នៅក្នុងតំបន់នោះ មានតំបន់ដែលត្រូវផ្តល់កម្មសិទ្ធិ តំបន់គ្រាន់តែអាស្រ័យផលនិងតំបន់ហាមឃាត់។ ប៉ុន្តែសម្រាប់ភូមិករណ៍ដែលរស់នៅរាប់ជំនាន់មនុស្សហើយនោះ គឺតើត្រូវដោះស្រាយជាកម្មសិទ្ធិរបៀបណា? ឬត្រឹមគោលការណ៍អាស្រ័យផល។
នេះជាចំណុចដែលត្រូវពិចារណា ប៉ុន្តែអ្វីដែលសំខាន់មួយទៀត គឺបញ្ហាការងារទី ២ ទាក់ទិនជាមួយនឹងសម្រួលតំបន់ឡើងវិញ សម្រួលអនុក្រឹត្យ … គឺប្រជាពលរដ្ឋដែលបានបង្កបង្កើនផលយូរមកហើយ។ លោកអភិបាលខេត្ត លោកអភិបាលស្រុក មេភូមិ ត្រូវចុះទៅពិនិត្យ តើប្រជាពលរដ្ឋនៅកន្លែងហ្នឹងតំបន់ ២ ឬតំបន់ ៣។ បើឥឡូវគាត់បង្កបង្កើនផលក្នុងតំបន់ ៣ (៥០០ ហិកតា) យើងអាចដកបង្គោលចេញ ៥០០ ហិកតានេះ ដើម្បីរក្សាទុកឲ្យពួកគាត់បង្កបង្កើនផលតទៅទៀត។ ខ្ញុំព្រះករុណាខ្ញុំ និយាយនៅទីនេះ គឺសំដៅទៅលើប្រជាពលរដ្ឋដែលគាត់បង្កបង្កើនផលយូរយារណាស់មកហើយតែប៉ុណ្ណោះ មិនសំដៅទៅលើអ្នកដែលទៅកាប់រយៈពេល ២ ឆ្នាំ ៣ ឆ្នាំ ៤ ឆ្នាំ ៥ ឆ្នាំនោះទេ។ អ្នកផ្ទៃដីទាំងនេះត្រូវតែដកហូត។ តំបន់ដីដែលនៅទីនេះត្រូវបោះបង្គោលមកធ្វើជាតំបន់ ២ ដែលទុកឲ្យប្រជាជនអាស្រ័យផលនៅទីនោះ។ តំបន់ ២ ខ្លះ ដែលប្រជាជនគាត់បង្កបង្កើនផលរួចហើយ យើងក៏ដកចេញពីតំបន់ ២ ដាក់ចូលទៅជាតំបន់ ១ តែម្តង ដែលប្រគល់កម្មសិទ្ធិឲ្យប្រជាពលរដ្ឋ។
នេះគឺជាចំណុចដែលត្រូវមើលឲ្យបានច្បាស់ ថ្លឹងថ្លែងរវាងបញ្ហាផលប្រយោជន៍ដែលត្រូវការពារជារួមសម្រាប់ប្រទេសជាតិ និងផលប្រយោជន៍ដោយឡែកសម្រាប់ប្រជាពលរដ្ឋ ដើម្បីការរស់រានបន្តទៀត មានដីបង្កបង្កើនផលសម្រាប់ប្រជាពលរដ្ឋតទៅទៀត។ តែខ្ញុំព្រះករុណាខ្ញុំ នៅតែទទូចចំពោះប្រជាពលរដ្ឋដែលបានទទួលសិទ្ធិបន្តការធ្វើទទួលផលនៅទីនោះ ហើយនឹងប្រជាពលរដ្ឋដែលត្រូវកាត់ចេញពីតំបន់ ២ ចូលទៅជាតំបន់ ១ សុំកុំឲ្យមានការកាត់បន្ត។ អញ្ចឹង … ខ្ញុំព្រះករុណាខ្ញុំ សុំបញ្ជាក់ថា ដើម្បីផ្តល់ឲ្យប្រជាពលរដ្ឋនូវភាពស្របច្បាប់ នៃការអាស្រ័យផល វាទាមទារឲ្យយើងកែនូវលិខិតអនុក្រឹត្យ ដែលឯកឧត្តម លឹម គានហោ ត្រូវធ្វើកិច្ចការងារនេះ ក្រោមការដឹកនាំរបស់ឯកឧត្តម ជា សុផារ៉ា កែតម្រូវនិយាមការ រួចហើយបោះបង្គោលជាថ្មី ដោយកាត់ចេញពីតំបន់ ៣ ឲ្យមកនៅតំបន់ ២ រួចហើយតំបន់ ២ ដែលមើលទៅថាវាគោករាក់ទៅហើយ លែងមានលទ្ធភាពដើម្បីស្តារឡើងវិញទៅហើយ ត្រូវកាត់វាចូលទៅជាតំបន់ ១ ដើម្បីប្រគល់កម្មសិទ្ធិឲ្យប្រជាពលរដ្ឋតែម្តង។
រឿងនេះគឺជារឿងចាំបាច់ ហើយចាប់ផ្តើមធ្វើពីឥឡូវតែម្តង ដោយគ្មានការរង់ចាំអ្វីទាំងអស់។ ប្រជាពលរដ្ឋត្រូវធ្វើការបង្កបង្កើនផល។ អ្នកខ្លះក៏បង្កើនផលនៅក្នុងពេលវេលាគេហៅថាស្រូវឡើងទឹក … អញ្ចឹងតើឲ្យគាត់ធ្វើ ឬមិនឲ្យគាត់ធ្វើ ក៏ត្រូវតែកំណត់ឲ្យបានឆាប់ ធ្វើឲ្យលឿន។ លឿនកាលណាគឺល្អកាលហ្នុង។ អ្នកដែលច្បាស់ជាងគេគឺចៅហ្វាយខេត្ត អភិបាលខេត្ត អភិបាលស្រុក និងលោកមេឃុំ នៅកន្លែងនោះតែម្តង។
ប្រជាពលរដ្ឋអាស្រ័យផល ១០ ឆ្នាំឬអាចតិចជាង អាចធ្វើស្រូវឡើងទឹកបាន
ឥឡូវ ដើម្បីចៀសវាងនូវការរង់ចាំ ព្រោះរដូវធ្វើស្រែបានមកដល់ សម្រាប់អ្នកធ្វើស្រូវឡើងទឹក ខ្ញុំព្រះករុណាខ្ញុំ ផ្តល់ការអនុញ្ញាតជាគោលការណ៍សម្រាប់ប្រជាជនធ្វើ ប៉ុន្តែមិនអនុញ្ញាតឲ្យធ្វើទៅលើតំបន់ដីដែលបានដកហូត ដែលទើបនឹងកាប់ទន្ទ្រានថ្មីទេ។ អនុញ្ញាតសម្រាប់ប្រជាពលរដ្ឋដែលបានធ្វើយ៉ាងហោចណាស់ ១០ ឆ្នាំឡើងលើ ឬក៏អាចតិចជាងហ្នឹង ក្នុងករណីដែលដីហ្នឹង វាមិនមែនជាដីលិចទឹក ជាដីដែលគោករាក់ដែលមិនអាចស្តារបាន។ ខ្ញុំព្រះករុណាខ្ញុំ មិនចង់ឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំណាមួយ ហើយទៅទន្ទ្រានយកត្រឡប់មកវិញ ហើយទៅកាប់បន្ថែមនោះទេ។ ហាមដាច់ខាតការកាប់បន្ថែមលើដីព្រៃលិចទឹក។ ហាមទៅយកមកវិញនូវដីដែលបានដាំដើមឈើក្នុងរយៈពេលកន្លងទៅនេះ។
ឯចំពោះដីដែលប្រជាពលរដ្ឋអាស្រ័យផលកន្លងទៅនេះ ជាកម្មវត្ថុនៃការត្រួតពិនិត្យ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ ដែលកាត់ចេញពីតំបន់ ៣ ដាក់ចូលមកជាតំបន់ ២ ហើយឲ្យប្រជាជនអាស្រ័យផល កាត់ចេញពីតំបន់ ២ ដាក់ចូលមកជាតំបន់ ១ ផ្តល់កម្មសិទ្ធិឲ្យប្រជាពលរដ្ឋ។ ធ្វើយ៉ាងដូច្នេះ យើងរក្សាបានម្ខាងគឺរក្សាបានព្រៃបឹងទន្លេសាប ដែលមិនមានការកាប់ទន្ទ្រានថ្មីចូលទៅក្នុងផ្ទៃបឹងដែលត្រូវការពារ បូករួមនឹងវិធានការទី ៣ គឺស្តារឡើងវិញនូវតំបន់គោករាក់ដែលយើងត្រូវប្រើថវិកាជាតិដោះស្រាយបញ្ហានេះ សម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋរបស់យើង។
ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថា លោកអភិបាលខេត្ត អភិបាលស្រុក លោកមេឃុំ ត្រូវទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល ចំពោះមុខប្រជាពលរដ្ឋរបស់ខ្លួននៅក្នុងមូលដ្ឋាន។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ចេញមកបញ្ជាក់ក្នុងឋានៈជានាយករដ្ឋមន្ត្រីដែលជាអ្នកមានសិទ្ធិតែមួយគត់ ក្នុងការចុះហត្ថលេខាលើអនុក្រឹត្យសម្រាប់ការផ្តល់ដីជូនប្រជាពលរដ្ឋ តាមសំណើរបស់អភិបាលខេត្ត ហើយមេឃុំត្រូវស្នើឡើងមកស្រុក ស្រុកស្នើឡើងមកខេត្ត ហើយឯកឧត្តម ជា សុផារ៉ា ត្រូវគ្រប់គ្រងលើការងារនេះ ជាមួយនឹងស្ថាប័នពាក់ព័ន្ធដទៃទៀត …។
ការងារស្តារអាចធ្វើឆ្នាំក្រោយ ព្រោះថវិកាជាតិប្រឈមការលំបាកពី Covid-19 និងផលប៉ះពាល់ពីសភាពការណ៍អន្តរជាតិ ដូចជា សង្គ្រាមនៅអ៊ុយក្រែន
យើងបានដោះស្រាយចប់ហើយ នូវបញ្ហាទប់ស្កាត់ការកាប់ទន្ទ្រាន ហើយដកហូតត្រឡប់មកវិញនូវផ្ទៃដីដែលកាប់ទន្ទ្រាននោះ ប៉ុន្តែកម្មវត្ថុដែលនៅសេសសល់ គឺតំបន់ដែលខ្ញុំបាននិយាយ គឺទី ១ ភូមិករណ៍ប្រជាជននោះហើយ ត្រូវធ្វើយ៉ាងម៉េច? ត្រូវតែជាក់លាក់ថា ប្រជាជនទាំងនោះត្រូវតែនៅទីនោះតទៅទៀត (ដោយយើងត្រូវ)ឆ្វៀល (និង)អាចផ្តល់ជាកម្មសិទ្ធិនៅតំបន់នោះតែម្តង។ ទោះបីនៅក្នុងតំបន់ ៣ ឬតំបន់ ២។ ត្រូវពិនិត្យបញ្ហានេះ។ ប៉ុន្តែត្រូវធ្វើឲ្យស្របជាមួយច្បាប់ផងដែរ … យើងក៏បានធ្លាប់ដោះស្រាយបញ្ហានេះនៅក្នុងខេត្តកណ្តាល នៅក្នុងខេត្តព្រៃវែង អំពីបញ្ហាតំបន់ព្រៃលិចទឹកមួយចំនួនដែលធ្លាប់មានពីមុនហើយដែរ។
អ្វីដែលសំខាន់ គឺជាកម្មវត្ថុដែលត្រូវតែពិនិត្យជាបន្ត ដើម្បីឲ្យប្រជាជនអាចបង្កបង្កើនផលស្រូវឡើងទឹក ក៏ដូចជាស្រូវប្រាំង ដែលជិតមកដល់នៅពេលទឹកសម្រកខាងមុខ។ ឥឡូវចាប់ឡើងរើបៗខ្លះហើយ។ ប៉ុន្តែនៅពេលដែលទឹកស្រកទៅវិញ ប្រជាពលរដ្ឋអាចបង្កបង្កើនផលបាន នៅកន្លែងណាខ្លះ? ត្រូវតែកំណត់ជាក់លាក់ ចាប់ពីពេលនេះទៅ។ ឯតំបន់ដែលត្រូវស្តារឡើងវិញគឺត្រូវសិក្សា។ អាចមិនធ្វើនៅក្នុងឆ្នាំនេះ តែអាចធ្វើនៅឆ្នាំក្រោយ។ តំបន់ណាខ្លះមានប៉ុន្មានកន្លែង យើងធ្វើក្នុងទំហំមិនធំទូលាយពេកទេ ដោយសារតែថវិកាជាតិរបស់យើងកំពុងប្រឈមមុខនឹងការលំបាក ដោយសារតែ Covid-19 និងប៉ះពាល់ដែលចេញមកពីសភាពការណ៍អន្តរជាតិ ដូចជាសង្គ្រាមនៅអ៊ុយក្រែនជាដើម។
ថ្នាក់ឃុំ រួមជាមួយ អភិបាលស្រុក អភិបាលខេត្ត ទទួលបន្ទុកនិងខុសត្រូវចំពោះមុខប្រជាពលរដ្ឋនៅទីនោះ
ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថា ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ នៅជុំវិញបឹងទន្លេសាប ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាប ឯកឧត្តម ថ្នាក់ដឹកនាំ ស្ថាប័ន ដែលដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី ក៏ដូចជាអាជ្ញាធរខេត្ត ស្រុក និងក្រុមប្រឹក្សាឃុំ សង្កាត់ ដែលខ្លួនទទួលខុសត្រូវជាមួយប្រជាជននៅទីនោះ យល់ដឹងអំពីភារកិច្ចរបស់ខ្លួន អំពីទឹកដីដែលត្រូវការពារនិងទឹកដីដែលត្រូវឲ្យប្រជាជនរបស់ខ្លួនទទួលបានផលប្រយោជន៍ពីការបង្កបង្កើនផល។ យើងទាមទារទឹកដីហ្នឹងសម្រាប់ប្រជាពលរដ្ឋ ដើម្បីបង្កបង្កើនផល។ ឯទឹកដីណាខ្លះដែលត្រូវដាំដើមឈើឡើងវិញ គឺលោកមេឃុំ ក្រុមប្រឹក្សាឃុំ សង្កាត់ ជាអ្នកដឹងលឺរឿងនេះ។
អញ្ចឹង បន្ទុកនេះ គឺត្រូវជាបន្ទុករបស់ថ្នាក់ឃុំ ដែលប្រជាពលរដ្ឋនឹងបោះឆ្នោតជូនអស់លោកនៅពេលខាងមុខនេះ ហើយអស់លោកត្រូវទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋនៅទីនោះ សម្រាប់ការដែលគាត់បង្កបង្កើនផលរយៈពេលយូរមកហើយ បូកជាមួយអភិបាលស្រុក អភិបាលខេត្ត ឯខ្ញុំចាំតែចុះហត្ថលេខាទេ។ ខ្ញុំអាចចុះហត្ថលេខាកែតម្រូវ ចុះហត្ថលេខាបាន តាមសំណើ ហើយខ្ញុំក៏អាចចុះហត្ថលេខាកែតម្រូវបានដែរ។ ក្រសួងធនធានទឹក និងឧត្តុនិយម ដែលជាសេនាធិការទៅលើបញ្ហានេះ ត្រូវធ្វើការរាយការណ៍ឲ្យឯកឧត្តម ជា សុផារ៉ា។ បូកសរុបបានគ្រប់គ្រាន់ហើយ ធ្វើ(សំណើ)មក ខ្ញុំចេញអនុក្រឹត្យសាជាថ្មី ដើម្បីសម្រួលនូវព្រំប្រទល់តំបន់ ១ តំបន់ ២ និងតំបន់ ៣ ដោយមានការកាត់ចេញ ឆ្វៀលចេញ នៅក្នុងតំបន់ ៣ ក៏ឆ្វៀលចេញជូនប្រជាពលរដ្ឋ ក្នុងតំបន់ ២ លើកព្រំប្រទល់ពីតំបន់ ៣ ដាក់ដីតំបន់ ៣ ដែលបង្កបង្កើនផល គឺដាក់ទៅជាតំបន់ ២ ហើយថាតំបន់ ២ ដែលកំពុងអាស្រ័យផល ដាក់ទៅជាតំបន់ ១ ដើម្បីប្រគល់កម្មសិទ្ធិឲ្យប្រជាពលរដ្ឋ។
ខ្ញុំព្រះករុណាខ្ញុំ អរព្រះគុណចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ។ ថ្ងៃនេះ នៅម៉ោង ១១ ថ្ងៃត្រង់នេះ ខ្ញុំព្រះករុណាខ្ញុំ នឹងធ្វើការផ្សាយផ្ទាល់សាជាថ្មីម្តងទៀត ក្នុងការនៃការជួបជុំនៃការប្រជុំស្តីពីអនាគតអាស៊ី ដែលខ្ញុំព្រះករុណាខ្ញុំ នឹងប្រជុំតាមប្រព័ន្ធអនឡាញចេញពីគេហដ្ឋានរបស់ខ្ញុំព្រះករុណាខ្ញុំ។ នេះគឺជាការរវល់មួយ ប៉ុន្តែនេះជាកិច្ចការធម្មតារបស់នាយករដ្ឋមន្ត្រី បើទោះបីថាឥឡូវហ្នឹងកំពុងតែវិលវល់នៅ(ឡើយ ដោយសារ)សហរដ្ឋអាមេរិក ខុសត្រូវ ១៣ ម៉ោង(ពីកម្ពុជា)។ មកដល់កម្ពុជា មិនទាន់កែពីថ្ងៃទៅយប់ ពីយប់ទៅថ្ងៃផង ក៏ចេញទៅអឺរ៉ុប ខុសត្រូវគ្នា ៥ ម៉ោងមួយសាទៀត។
ប៉ុន្តែនៅអាចសម្រាកបាន ប៉ុន្តែវាមិនគ្រប់គ្រាន់ដូចដែលយើងម៉ាស៊ីនដើរធម្មតាទេ។ កិច្ចការត្រូវធ្វើមិនអាចចៀសវាងបាន។ សុំប្រទានពរចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំពោះបងប្អូនជនរួមជាតិ សុំប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕