លោក ហ៊ុន ម៉ានី ចុះសួរសុខទុក្ខពលករខ្មែរ កំពុងបម្រើការនៅប្រទេសថៃ និងប្រាប់ពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា

FN ៖ លោក ហ៊ុន ម៉ានី តំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧នេះ អមដំណើរដោយថ្នាក់ដឹកនាំ និងក្រុមការងារជាច្រើនរូប ពិតជាទទួលជោគជ័យធំធេងណាស់ ចំពោះវត្តមានរបស់លោកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងគណៈប្រតិភូ​ក្នុងដំណើរទស្សនៈកិច្ច នៅប្រទេស​ថៃ និងសាកសួរសុខទុក្ខ​សំណេះសំណាល​ ដល់បងប្អូន​ពលករខ្មែរប្រមាណជាង​៤០០នាក់ ដែលកំពុងបម្រើការងារ​នៅក្រុមហ៊ុន CPF Co.,Ltd ស្ថិតនៅខេត្តឆាក់ឈើងសៅ​។ ​លោក ហ៊ុន ម៉ានី បានលើកឡើងអំពី​កិច្ចគាំពារ និងការយកចិត្តទុក្ខដាក់យ៉ាងខ្លាំងក្លារបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ចំពោះបងប្អូនពលករខ្មែរ ដែលនៅធ្វើការងារនៅក្រៅប្រទេស ជាពិសេសស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ​ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​កម្ពុជា ដែលបានខិតខំសម្របសម្រួលបំពេញឯកសារស្របច្បាប់ ជូនដល់ពលករខ្មែរ ដែលមិនទាន់មានភាពស្របច្បាប់ក្នុងការធ្វើការងារ​។ លោក ហ៊ុន ម៉ានី បន្តថា រាជរដ្ឋាភិបាល នឹងបន្តសម្របសម្រួលជូនដល់ពលករខ្មែរ រហូតដល់ទទួលបានភាពស្របច្បាប់គ្រប់ៗគ្នា។ ​បន្ទាប់ពីបញ្ចប់កម្មវិធីសំណេះសំណាល ​លោក ហ៊ុន ម៉ានី បានបន្ដដឹកនាំគណៈប្រតិភូ អញ្ជើញជួបសួរសុខទុក្ខដោយផ្ទាល់ បងប្អូនពលករខ្មែរ មានភាពរីករាយ រាក់ទាក់…

កម្ពុជានាំចេញអង្ករបានជាង៤២ម៉ឺនតោន កើនឡើង១៦% នៅរយៈពេល៩ ខែឆ្នាំ២០១៧, ចិនជាប់លេខ១ នាំចូលបាន១២ម៉ឺនតោន

FN ៖ រយៈពេល៩ខែ ឆ្នាំ២០១៧ ពោលចាប់ពីខែមករា ដល់ខែកញ្ញា កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្ដរជាតិជាង៤២ម៉ឺនតោន កើនឡើង១៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦។ របាយការណ៍ផ្លូវការ ពីលេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់ការបំពេញបែបបទនៃការនាំចេញអង្ករ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧បានបញ្ជាក់ថា ចាប់ពីខែមករា ដល់កញ្ញា ឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករបានចំនួន៤២១,៩៦៦តោន កើតឡើង១៦.៧០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ ដែលមានចំនួន៣៦១,៥០៥តោន។ យោងតាមរបាយការណ៍ ប្រទេសចំនួនជិត៦០ ត្រូវបានកម្ពុជានាំចេញអង្ករទៅលក់នៅទីនោះ ហើយប្រទេសដែលទិញអង្ករច្រើនជាងគេនៅកម្ពុជា គឺប្រទេសចិន ដែលមានចំនួនជាង១២ម៉ឺនតោន បន្ទាប់មកគឺប្រទេសបារាំង ដែលមានចំនួនជាង៥ម៉ឺនតោន និងចំណាត់ថ្នាក់ទី៣ ប្រទេសប៉ូឡូញដែលមានចំនួនជាង៣.៥ម៉ឺនតោន។ នៅឆ្នាំ២០១៦កន្លងទៅកម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនជាង៥៤ម៉ឺនតោន ខណៈរាជរដ្ឋាភិបាល មានផែនការជំរុញការនាំចេញអង្ករ ឲ្យបាន១លានតោនក្នុង១ឆ្នាំ៕

មេសហជីពធំៗនៅកម្ពុជា ដែលតំណាងឲ្យកម្មករជិត៥០ម៉ឺននាក់ ប្រកាសគាំទ្រការតម្លើងប្រាក់ឈ្នួលជូនកម្មករ រហូតដល់១៧០ដុល្លារ

FN ៖ មេសហជីពធំៗនៅកម្ពុជា ដែលតំណាងឲ្យកម្មករជិត៥០ម៉ឺននាក់ រួមមានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ហៅកាត់ថា NACC និងសហព័ន្ធសម្លេងយុវជនខ្មែរក្រោម នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ បានចេញមកប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការតម្លើងប្រាក់ខែជូនកម្មករ នៅឆ្នាំ២០១៨ រហូតដល់១៧០ដុល្លារ។ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ​សូមថ្លែងអំណរគុណយន្តការត្រីភាគី ដែលមានតំណាងសហជីព តំណាងនិយោជក និងជាពិសេសតំណាងអន្តរក្រសួងរបស់រាជរដ្ឋាភិបាល ដែលបានដឹកនាំពិភាក្សា និងសម្របសម្រួលរហូតទទួលបានលទ្ធផលល្អ។ ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជារូបនេះ សូមអំពាវនាវដល់អ្នកបញ្ជាទិញគ្រប់ម៉ាកល្បីៗទាំងអស់ សូមបង្កើនការបញ្ជាទិញឲ្យបានច្រើន ជាអតិបរមាបន្ថែមទៀត ដើម្បីបង្កើនការងារដល់ប្រជាពលរដ្ឋកម្ពុជា និង​ជាពិសេសសូមតម្លើងតម្លៃទិញឲ្យបានសមរម្យ ដើម្បីឲ្យភាគីនិយោជកមានលទ្ធភាពផ្តល់អត្ថប្រយោជន៍ដល់កម្មករ ឲ្យបានប្រសើរជាបន្តបន្ទាប់។ ជាមួយគ្នានេះ លោក ឡុង សុផាត ប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ ក៏បានចេញមកប្រកាសគាំទ្រ និងអបអរសាទរយ៉ាងឧឡារិក ចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មករនិយោជិត ផ្នែកវាយណភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៨។​ លោកបញ្ជាក់ថា ការសម្រេចដំឡើងប្រាក់ឈ្នួលនេះ បាន​បង្ហាញចេញពីគោលបំណងថែរក្សាស្ថេរភាព បរិយាកាសការងារឲ្យ ស្ថិតក្នុងសន្តិភាព ដើម្បីទាក់ទាញវិនិយោកថ្មីៗបន្ថែម និងលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនកម្មករ និយោជិក ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់…