FN ៖ លោក ហ៊ុន ម៉ានី តំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧នេះ អមដំណើរដោយថ្នាក់ដឹកនាំ និងក្រុមការងារជាច្រើនរូប ពិតជាទទួលជោគជ័យធំធេងណាស់ ចំពោះវត្តមានរបស់លោកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងគណៈប្រតិភូក្នុងដំណើរទស្សនៈកិច្ច នៅប្រទេសថៃ និងសាកសួរសុខទុក្ខសំណេះសំណាល ដល់បងប្អូនពលករខ្មែរប្រមាណជាង៤០០នាក់ ដែលកំពុងបម្រើការងារនៅក្រុមហ៊ុន CPF Co.,Ltd ស្ថិតនៅខេត្តឆាក់ឈើងសៅ។
លោក ហ៊ុន ម៉ានី បានលើកឡើងអំពីកិច្ចគាំពារ និងការយកចិត្តទុក្ខដាក់យ៉ាងខ្លាំងក្លារបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ចំពោះបងប្អូនពលករខ្មែរ ដែលនៅធ្វើការងារនៅក្រៅប្រទេស ជាពិសេសស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ដែលបានខិតខំសម្របសម្រួលបំពេញឯកសារស្របច្បាប់ ជូនដល់ពលករខ្មែរ ដែលមិនទាន់មានភាពស្របច្បាប់ក្នុងការធ្វើការងារ។
លោក ហ៊ុន ម៉ានី បន្តថា រាជរដ្ឋាភិបាល នឹងបន្តសម្របសម្រួលជូនដល់ពលករខ្មែរ រហូតដល់ទទួលបានភាពស្របច្បាប់គ្រប់ៗគ្នា។
បន្ទាប់ពីបញ្ចប់កម្មវិធីសំណេះសំណាល លោក ហ៊ុន ម៉ានី បានបន្ដដឹកនាំគណៈប្រតិភូ អញ្ជើញជួបសួរសុខទុក្ខដោយផ្ទាល់ បងប្អូនពលករខ្មែរ មានភាពរីករាយ រាក់ទាក់ ចំពោះប្រតិភូកម្ពុជា ព្រមទាំងបាននាំគ្នាថតរូបជុំគ្នា យ៉ាងសប្បាយរីករាយ និងគាំទ្រចំពោះដំណើរទស្សនៈកិច្ចនាពេលនេះយ៉ាងក្រៃលែង៕