FN ៖ មេសហជីពធំៗនៅកម្ពុជា ដែលតំណាងឲ្យកម្មករជិត៥០ម៉ឺននាក់ រួមមានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ហៅកាត់ថា NACC និងសហព័ន្ធសម្លេងយុវជនខ្មែរក្រោម នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ បានចេញមកប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការតម្លើងប្រាក់ខែជូនកម្មករ នៅឆ្នាំ២០១៨ រហូតដល់១៧០ដុល្លារ។
លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា សូមថ្លែងអំណរគុណយន្តការត្រីភាគី ដែលមានតំណាងសហជីព តំណាងនិយោជក និងជាពិសេសតំណាងអន្តរក្រសួងរបស់រាជរដ្ឋាភិបាល ដែលបានដឹកនាំពិភាក្សា និងសម្របសម្រួលរហូតទទួលបានលទ្ធផលល្អ។
ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជារូបនេះ សូមអំពាវនាវដល់អ្នកបញ្ជាទិញគ្រប់ម៉ាកល្បីៗទាំងអស់ សូមបង្កើនការបញ្ជាទិញឲ្យបានច្រើន ជាអតិបរមាបន្ថែមទៀត ដើម្បីបង្កើនការងារដល់ប្រជាពលរដ្ឋកម្ពុជា និងជាពិសេសសូមតម្លើងតម្លៃទិញឲ្យបានសមរម្យ ដើម្បីឲ្យភាគីនិយោជកមានលទ្ធភាពផ្តល់អត្ថប្រយោជន៍ដល់កម្មករ ឲ្យបានប្រសើរជាបន្តបន្ទាប់។
ជាមួយគ្នានេះ លោក ឡុង សុផាត ប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ ក៏បានចេញមកប្រកាសគាំទ្រ និងអបអរសាទរយ៉ាងឧឡារិក ចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មករនិយោជិត ផ្នែកវាយណភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៨។
លោកបញ្ជាក់ថា ការសម្រេចដំឡើងប្រាក់ឈ្នួលនេះ បានបង្ហាញចេញពីគោលបំណងថែរក្សាស្ថេរភាព បរិយាកាសការងារឲ្យ ស្ថិតក្នុងសន្តិភាព ដើម្បីទាក់ទាញវិនិយោកថ្មីៗបន្ថែម និងលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនកម្មករ និយោជិក ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់ ឲ្យកាន់តែប្រសើរឡើងថែមទៀត។
ក្នុងនាម សហព័ន្ធសហជីពសម្លេងយុវជនខ្មែរ (V.KY.U.F) តំណាងឲ្យសមាជិកសមាជិការទាំងអស់ ដែលកំពុងបម្រើការងារក្នុងវិស័យវាយភណ្ឌកាត់ដេរ និងផលិតស្បែកជើង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចចំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់ជីវភាពរស់នៅ បងប្អូនកម្មករនិយោជិក និងក្រុមគ្រួសារ។
សូមបញ្ជាក់ថា គណៈកម្មការប្រឹក្សាការងារនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ បានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មករ និយោជិតផ្នែកវាយណភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៨ខាងមុខនេះ ពី១៥៣ដុល្លារ ដល់១៧០ដុល្លារ ដោយចាប់អនុវត្តចាប់ពីខែមករាឆ្នាំ២០១៨។
សម្រាប់ កម្មករ និយោជិតផ្នែកវាយណភណ្ឌកាត់ដេរនិងផលិតស្បែកជើង នឹងទទួលប្រាក់ខែអប្បបរមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗពី១៨៧ដុល្លារ ដល់១៩៨ដុលា្លរ ដែលជាផ្នែកមួយជួយសម្រួលដល់ជីវភាព របស់កម្មករកាន់តែប្រសើរឡើង៕