សុន្ទរកថា និងប្រសាសន៍ក្រៅសុន្ទរកថា ថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី ២៦ ស្ដីពី «អនាគតរបស់អាស៊ី»​ ក្រោមប្រធានបទ «ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ៖ តួនាទីរបស់អាស៊ីក្នុងការស្ដារពិភពលោកឡើងវិញ

ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសទាំងអស់ លោក តូរ៉ុ តាកាហាស៊ី (Taro Takahashi)និពន្ធនាយកទទួលបន្ទុកតំបន់អាស៊ី នៃទីស្នាក់ការកណ្ដាលសម្រាប់តំបន់អាស៊ី ឯកឧត្ដម លោកជំទាវ លោក លោកស្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីរីករាយជាអនេក ដែលបានចូលរួមជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ីដទៃទៀត ថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី ២៦ ស្ដីពី “អនាគតរបស់អាស៊ី” ក្រោមប្រធានបទ “ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ៖ តួនាទីរបស់អាស៊ីក្នុងការស្ដារពិភពលោកឡើងវិញ” នាថ្ងៃនេះ។ ជាមួយគ្នានេះ ខ្ញុំសូមសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុននីកកេ (Nikkei) ដែលបានខិតខំរៀបចំវេទិកានេះឡើងតាមរយៈប្រព័ន្ធវីដេអូ លើប្រធានបទដ៏មានសារៈសំខាន់នេះ សម្រាប់ថ្នាក់ដឹកនាំ និងដៃគូពាក់ព័ន្ធទាំងអស់ ពិភាក្សា និងផ្លាស់ប្ដូរទស្សនៈអំពីស្ថានការណ៍ និងការវិវឌ្ឍក្នុងតំបន់ និងសកលលោក ជាពិសេស ការគិតគូរអំពីទិសដៅអនាគត សម្រាប់កិច្ចអភិវឌ្ឍតំបន់អាស៊ីក្នុង និងក្រោយពេលវិបត្តិជំងឺកូវីដ-១៩។ ជាការពិតណាស់ ឆ្នាំ ២០២០ គឺជាឆ្នាំដ៏លំបាកបំផុតក្នុងប្រវត្តិសាស្រ្តទំនើបរបស់ពិភពលោកដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបាន និងកំពុងបង្កជាវិបត្តិសុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ និងឈានដល់ការបន្ទច់បង្អាក់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាសកល។ គ្រប់ប្រទេស និងតំបន់លើសកលលោកសុទ្ធសឹងតែកំពុងរងការប៉ះទង្គិចលើគ្រប់វិស័យ ហើយប្រជាជនជាងមួយរយលាននាក់បានឆ្លង និងរាប់លាននាក់ត្រូវបានបាត់បង់ជីវិត។ ទន្ទឹមនេះ កំណើនសេដ្ឋកិច្ចសកលក៏ធ្លាក់ចុះក្នុងអត្រាអវិជ្ជមានដែលមិនធ្លាប់មាន បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកល…

កំពូលកីឡាករបាល់ទាត់ Messi និង Neymar នឹងទទួលចាក់វ៉ាក់សាំងចិន Sinovac

តើកំពូលកីឡាករបាល់ទាត់ Messi និង Neymar អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងចិន? ប្រសិនជាគាត់ចាក់មែននាប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួររបស់ចិនចេញផ្សាយ។​ តើបងប្អូនជាពិសេសយុវជនកម្ពុជា យល់យ៉ាងណាដែរ នៅពេលកីឡាករលំដាប់ពិភពលោក Messi និង Neymar ចាក់វ៉ាក់សាំងកូវីដ១៩ Sinovac របស់ចិន? និងតើហេតុអ្វីកីឡាករទាំងពីររូបជ្រើសរើសយកវ៉ាក់សាំងចិនជំនួសឱ្យការចាក់វ៉ាក់សាំងពីប្រទេសផ្សេងទៀត? កាលពីមុនពួកបំផ្លាញជាតិមួយចំនួនបាននិយាយថា វ៉ាក់សាំងរបស់ចិន «ចាក់សម្លាប់មនុស្ស» នៅពេលដែលខ្លួនខ្ញុំផ្ទាល់បានសម្រេចជ្រើសរើសយកវ៉ាក់សាំងរបស់ចិន Sinopharm និង Sinovac មកចាក់ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ដើម្បីការពារអាយុជីវិតពីជំងឺដ៏កាចសាហាវកូវីដ១៩។ ពេលនេះយើងអាចចោទជាសំនួរថា បើខ្ញុំមិនរឹងក្បាលស្វែងរកវ៉ាក់សាំងពីចិនដែលជាមិត្តដែកថែបរបស់កម្ពុជា និងប្រសិនគ្មានការជួយឧបត្ថម្ភពីមិត្តចិនលើការផ្គត់ផ្គត់វ៉ាក់សាំង តើយើងមានវ៉ាក់សាំងមកពីណាចាក់ជូនប្រជាជនយើង? ខ្ញុំបាននិយាយមិនតិចជាង ៣ ដងថា «សូមកុំបារម្ភថា វ៉ាក់សាំងមកពីប្រទេសណា តែត្រូវបារម្ភពីការអត់វ៉ាក់សាំងចាក់»។ ពាក្យនេះត្រឹមត្រូវណាស់សម្រាប់ប្រទេសជាច្រើននៅលើពិភពលោក។ ករណី​ Messi និង Neymar ខុសពីប្រទេសនានាត្រង់ថា គាត់មានជម្រើសច្រើនគាត់ចាក់វ៉ាក់សាំងពីប្រទេសណាក៏បាន ហេតុអ្វីគាត់ជ្រេីសយកវ៉ាក់សាំងរបស់ចិនសម្រាប់ចាក់ទៅវិញ?។ ម្នាលអ្នកនយោបាយប្រឆាំងស្ទើរភ្លើងទាំងឡាយ គួរខិតខំរៀនសូត្រឱ្យបានប្រសើរជាងនេះ៕

ដកស្រង់ប្រសាសន៍ សារសំឡេងពិសេសក្នុងករណីជនជាតិមូស្លីមមរណភាព ដោយសារជំងឺកូវីដ-១៩ អាចធ្វើពិធីបញ្ចុះទៅតាមប្រពៃណីតាមទំនៀមទំលាប់

សូមផ្ញើជូនចំពោះឯកឧត្តម លោកជំទាវ ឯកឧត្តម ម៉ម ប៊ុនហេង, ឯកឧត្តម កើត រឹទ្ធិ ព្រមទាំង អភិបាលខេត្តរាជធានី, ក្នុងសារដែលខ្ញុំផ្តល់កាលពីម្សិលម្ង៉ៃ ពាក់ព័ន្ធនឹងការត្រូវបូជាសព មានសំណើលើកឡើងពីសហគមន៍ឥស្លាមទាក់ទិននឹងការបញ្ចុះសព ដែលនោះចាត់ទុកថាជាកាតព្វកិច្ចដែលមិនអាចចៀសវាងបានសម្រាប់សហគមន៍មូស្លីម។ ដូច្នេះ ខ្ញុំបានអនុញ្ញាតដោយមានការលើកលែងជាករណីពិសេសសម្រាប់បងប្អូនមូស្លីមកម្ពុជា ដែលនឹងត្រូវទទួលបាននូវការអនុញ្ញាតឲ្យមានការបញ្ចុះសពទៅតាមរបៀបចាត់​ចែង​មួយដែលមានធ្វើវិធានសុខាភិបាលទៅតាមនោះផងដែរ។ អញ្ចឹង នៅក្នុងពេលដែលធ្វើអនុក្រឹត្យក៏ត្រូវមានចែងបញ្ញត្តិដោយឡែក ដែលមានករណីលើកលែងចំពោះបងប្អូនមូស្លីមនៅកម្ពុជាក្នុងករណីដែលមានការមរណភាពដោយសារកូវីដ-១៩ នេះ។ នេះគឺជារឿងចាំបាច់ តែខ្ញុំគិតថាបងប្អូនមូស្លីមប្រហែលជាមិនមានករណីមរណៈភាពដោយសារកូវីដ-១៩ នោះទេ ប៉ុន្តែនេះជាការបង្ការរបស់យើងក្នុងករណីដែលកើតមាន គឺអនុញ្ញាតឲ្យពួកគាត់បានធ្វើពិធីបញ្ចុះទៅតាមប្រពៃណីតាមទំនៀមទំលាប់នៃការគោរពរបស់បងប្អូនមូស្លីមនៅកម្ពុជា។ សុំឯកឧត្តម លោកជំទាវ មេត្តាយោគយល់អំពីបញ្ហានេះ។ សង្ឃឹមថាបងប្អូនជនរួមជាតិរបស់យើងក៏យោគយល់អំពីបញ្ហានេះ ព្រោះភាគច្រើននៅប្រទេសរបស់យើង គឺជាប្រទេសដែលធ្វើការបូជាទេ ប៉ុន្តែ ករណីមូស្លីមក៏ជាករណីមួយផ្សេងដែលយើងត្រូវគោរពទៅតាមប្រពៃណី ទំនៀមទម្លាប់របស់ពួកគាត់។ ច្បាស់ជាមានសំណើពីជនជាតិចិនហើយ។ ប៉ុន្តែ ខ្ញុំគិតថា ករណីចិនគឺដូចជាមិនទាន់មានការត្រូវបែងចែកនោះទេ ព្រោះបញ្ហានេះជាករណីកូវីដ-១៩។ ច្បាស់ជាមានបញ្ហាលើកឡើងហើយ។ យើងត្រូវខិតខំពន្យល់អំពីបញ្ហានេះ ដើម្បីចៀសវាងការចោទឡើងទាក់ទងជាមួយសាសនានេះសាសនានោះ … ប្រជាជន(មូស្លីម)នៅក្នុងប្រទេសកម្ពុជាយើងមានតែ ៥ ភាគរយ តែប៉ុណ្ណឹងទេ។ ដូច្នេះ ចំនួននេះហើយដែលខ្ញុំជឿថា ប្រហែលជាមិនមានស្លាប់ពីកូវីដ-១៩ សម្រាប់ជនជាតិមូស្លីមនោះទេ នៅក្នុងពេលដែលពួកគាត់​អនុវត្តវិធានការសុខាភិបាលនោះ។ សូមអរគុណ។ សុំយកទៅអនុវត្ត។…