នៅព្រឹកថ្ងៃសៅរ៍ ទី ២៦ ខែមិថុនា ឆ្នាំ ២០២១ នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន ១ លានដូសទៀត ដែលកម្ពុជាបានបញ្ជាទិញពីប្រទេសចិន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាទៀតហើយ។ ដោយឡែកនៅថ្ងៃទី ២៨ ខែមិថុនា ដដែលនេះ វ៉ាក់សាំង ១ លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជាផងដែរ។ សរុបទៅត្រឹមខែមិថុនា កម្ពុជាទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនចិន រហូតដល់ទៅ ៥ លានដូស ហើយនៅខែកក្កដាខាងមុខ វ៉ាក់សាំងប្រមាណ ៣ លានដូសទៀត ក៏នឹងត្រូវដឹកពីប្រទេសចិន មកកាន់កម្ពុជាផងដែរ។
វ៉ាក់សាំងបានក្លាយទៅជាវិធានការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជួយការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។ វត្តមានវ៉ាក់សាំងជាបន្តបន្ទាប់នេះ នឹងជួយឱ្យកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រមាណ ១៣ លាននាក់ ឱ្យបានលឿន និងទៅតាមការគ្រោងទុក។
គិតពីថ្ងៃទី ១០ ខែកុម្ភៈ ២០២១ ដល់ត្រឹមថ្ងៃទី ២៥ ខែមិថុនា កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៣,៨ លាននាក់ស្មើនឹងជាង ៣៨ ភាគរយ ហើយ។ ក្រៅតែពីរាជធានីភ្នំពេញ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពង្រីកការចាក់វ៉ាក់សាំងទៅកាន់ខេត្តកណ្តាល ព្រះសីហនុ កោះកុង កំពង់ស្ពឺ និងតាកែវផងដែរ។ កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០ លាននាក់ នៅក្នុងឆ្នាំ២០២១ នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ ២០២២៕