សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ទប់ស្កាត់ការឆ្លងជំងឺ កូវីដ-១៩

នៅថ្ងៃទី ២៩ វិច្ឆិកា ២០២០ នេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺ កូវីដ-១៩ ថ្មី ចំនួន ៧នាក់ថែមទៀត គឺ៦នាក់ឆ្លងក្នុងគ្រួសារតែមួយ និង១នាក់ទៀតមាន កូវីដ-១៩ មកពីសហរដ្ឋអាមេរិក។ ការឆ្លងរាលដាលក្នុងគ្រួសារតែមួយនេះដែលបន្តចេញមកខាងក្រៅ​ គឺយើងអាចកំណត់បានថាជា «ការឆ្លងក្នុងសហគមជាលើកដំបូងនៅកម្ពុជា» ដែលកាលពីព្រឹកមិញគឺយើងបានបិទជាបណ្តោះអាសន្នមួយរយៈពេលខ្លីនូវ ផ្សារទំនើបអ៊ីអន១, សណ្ឋាគារភ្នំពេញ និងសាលាឯកជនអន្តរទ្វីបអាមេរិកកាំងនៅចាក់អង្រែ។ ករណីឆ្លងថ្មីនេះអាចមានការពាក់ព័ន្ធពីក្រុងភ្នំពេញ ខេត្តសៀមរាប បន្ទាយមានជ័យ និង មណ្ឌលគិរី។ នៅពេលនេះ ក្រសួងសុខាភិបាល និង អាជ្ញាធរពាក់ព័ន្ធកំពុងធ្វើការងារយ៉ាងសកម្មដើម្បីធានាសុវត្ថិភាពសុខភាពប្រជាពលរដ្ឋយើង។ ទោះជាយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋមេត្តាកុំភ័យស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ម្ចាស់ការគ្រប់គ្រង។ ត្រូវបង្កើនការយកចិត្តទុកដាក់ការការពារសុខភាពផ្ទាល់ខ្លួន នឹងក្រុមគ្រួសារតាមរយៈការពាក់ម៉ាស់ នឹងដុសលាងសម្អាតដៃជាមួយសាប៊ូ, ចឹល, ឬទឹកអាល់កុល នឹងអនាម័យអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យណាមួយត្រូវរាយការណ៍ជូនគ្រូពេទ្យឱ្យបានឆាប់បំផុត។ ចំពោះអ្នកដែលត្រូវធ្វើតេស្តកូវីដ-១៩ និងធ្វើចត្តាឡីស័ក គឺត្រូវធ្វើឱ្យបានត្រឹមត្រូវនឹងហ្មត់ចត់បំផុត ចៀសវាងការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅកាន់ទីកន្លែងផ្សេងទៀត។ សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ខ្ពស់ថែរក្សាសុខភាពមិនធ្វេសប្រហែស​ ដោយធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលបានគ្រប់ៗគ្នា​ ជាពិសេស​ នៅក្នុងស្ថានភាពដ៏លំបាកនេះ៕

កម្ពុជាជូនម៉ាស ២ លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួន ដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា

“ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង ក៏ដូចជាការរួមដៃគ្នាជាមួយ លោកជំទាវ ប្រធានរដ្ឋ ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីករាលដាលជំងឺ កូវីដ១៩ តាងនាមនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន ២ លាន និងសម្ភារៈវិជ្ជសាស្រ្តមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា” សម្តេចតេជោ បានសរសេរក្នុងលិខិតចុះថ្ងៃ ២៤ វិច្ឆិកា ២០២០ ផ្ញើជូនលោកជំទាវ អោង សាន ស៊ូជី ទីប្រឹក្សារដ្ឋ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ដោយបញ្ជាក់ថានឹងចាត់តាំង ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នាំយកអំណោយម៉ាស និងសម្ភារវេជ្ជសាស្ត្រទាំងនេះ ទៅប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា តាមរយៈយន្តហោះពិសេស នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាងមុខនេះ, សម្តេចតេជោ បានបន្ថែមថា “ជាមួយនឹងការខិតខំរួមគ្នា ខ្ញុំមានជំនឿយ៉ាងមុតមាំថា យើងនឹងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា”។ សូមជំរាបថា ក្នុងលិខិតតែមួយនោះ សម្តេចតេជោ បានសំដែងនូវការអបអរដ៏ស្មោះស្ម័គ្រជូនលោកជំទាវ ចំពោះជ័យជំនះយ៉ាងភ្លូកទឹកភ្លូកដីរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យក្នុងការបោះឆ្នោតសកល និងបានប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកជំទាវក្នុងក្របខណ្ឌទ្វេភាគី…

សារតាមហ្វេសប៊ុកផេច … លាហើយ “ព្រឹត្តិការណ៍ ៣ វិច្ឆិកា”

ដោយសារជាប់រវល់ ពិសេសការដោះស្រាយជួយប្រជាជនដែលរងគ្រោះដោយទឹកជំនន់ បូកបន្ថែមដោយការធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ខ្ញុំមិនបានវាយកូនគោល ឬហាត់ប្រាណជាងមួយខែហើយ។ ថ្ងៃនេះ ចេញវាយកូនគោលលើកដំបូង ជាមួយសម្ភារថ្មី ពិនិត្យឃើញថាកម្លាំងវាយហាក់ខ្លាំងជាងមុន បន្ទាប់ពីសម្រាកក្នុងបន្ទប់ ១៤ ថ្ងៃ។ អ្វីដែលប្លែកគឺក្បាលពោះដូចជាធំជាងមុន។ ដូចនេះ ខ្ញុំត្រូវដើរឱ្យបានពី ៨ ទៅ ១០ គីឡូម៉ែត្រនាថ្ងៃនេះ។ សូមអភ័យទោសដែលខ្ញុំយកថ្ងៃធ្វើការមកវាយកូនគោល តែខ្ញុំបានពិនិត្យសម្រេច និងចុះហត្តលេខាលើឯកសារនានា រួចហើយ។ ពេលល្ងាចខ្ញុំបន្តការងារដដែល។ មូលហេតុដែលខ្ញុំធ្វើដូចនេះ ក៏ព្រោះតែចង់ដឹងអំពីសុខភាពក្រោយការធ្វើចត្តាឡីស័ក ១៤ ថ្ងៃ តើមានការប្រែប្រួលយ៉ាងណា? ម្យ៉ាងទៀត ទីលានវាយកូន​គោលនៅជាប់នឹងរបងផ្ទះ មិនបានចេញទៅវាយនៅទីលានឆ្ងាយពីផ្ទះនោះទេ។ លាហើយ “ព្រឹត្តិការណ៍ ៣ វិច្ឆិកា ”៕